(កំពង់ធំ)៖ លោក សួស អង្គារ៍ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងលោក នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំប្រជុំផ្សព្វផ្សាយសេចក្តីសម្រេច ស្តីពីការបង្កើតក្រុមការងារចំពោះកិច្ចដើម្បីត្រួតពិនិត្យកម្លាំង យុទ្ធោបករណ៍ និងមធ្យោបាយ សម្ភារ នៅស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ រសៀលថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៥នេះ។

លោកឧត្តមសេនីយ៍ទោ ហេង សុផល ស្នងការនគរបាលខេត្ត បានរាយការណ៍អំពីស្ថានភាព លក្ខណៈភូមិសាស្ត្រខេត្ត កិច្ចការងារ ការពារ សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ កិច្ចប្រតិបត្តិការ ព្រមទាំងរចនាសម្ព័ន្ធ ស្ថានភាពកងកម្លាំងនគរបាលខេត្តកំពង់ធំ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះគណៈអធិបតី ព្រមទាំងប្រតិភូអមដំណើរ។

ឧត្តមសេនីយ៍ទោ ហេង សុផល បានរំលេចអំពីស្នាដៃ
គុណបំណាច់របស់កងកម្លាំង ក្នុងបេសកកម្មជាតិមាតុភូមិ ធានា រក្សាបានសុវត្ថិភាព សណ្តាប់ធ្នាប់ ជូនសង្គមជាតិនិងប្រជាពលរដ្ឋស្របគោលនយោបាយ «ភូមិ-ឃុំសង្កាត់ មានសុវត្ថិភាព»។

លោក សួស អង្គារ៍ បាននាំនូវការសាកសួរសុខទុក្ខពីសំណាក់លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃដល់កងកម្លាំងដែលបានខិតខំលះបង់កម្លាំងកាយចិត្ត ការពារបូរណភាពទឹកដី ការការពារសន្តិសុខ សណ្ដាប់ធ្នាប់ និងការបម្រើសេវាជូនដល់ប្រជាពលរដ្ឋ។

លោកថ្លែងកោតសរសើរចំពោះ លោកឧត្តមសេនីយ៍ទោ ហេង សុផល ដែលប្រមូលផ្ដុំកងកម្លាំង និងបំពាក់ទៅដោយសព្វាវុធ សម្ភារៈ មធ្យោបាយ ត្រៀមខ្លួនរួចជាស្រេច រង់ចាំអនុវត្តបទបញ្ជា
របស់រាជរដ្ឋាភិបាល ការពាបូរណភាព អធិបតេយ្យភាពទឹកដី នៃព្រះរាជាណាចក្រកម្ពុជា ចំពោះបញ្ហាព្រំដែនរវាងកម្ពុជា-ថៃ។

លោកបានបញ្ជាក់ថា កងកម្លាំងទាំងអស់ត្រូវធ្វើការផ្សព្វផ្សាយសភាពការណ៍ថ្មីៗ អំពីគោលនយោបាយ គោលការណ៍របស់រាជរដ្ឋាភិបាល ពាក់ព័ន្ធស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ ដល់ប្រជាពលរដ្ឋនៅមូលដ្ឋាន។

លោកបានប្រគល់អំណោយរបស់អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកស្រី កែ សួនសុភី ស សុខា អង្ករចំនួន៣តោន, មី ៦០កេស, ទឹកស៉ីអ៉ីវចំនួន៥០កេស៕