(សៀមរាប)៖ សម្តេចពិជ័យសេនា ទៀ បាញ់ អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តសៀមរាប បានលើកឡើងថា នៅក្នុងរយៈពេលជាងពីរទសវត្សរ៍មកនេះ ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា បានធ្វើឲ្យប្រទេសមានការផ្លាស់ប្តូរគួរឲ្យកត់សម្គាល់ «ទីណាមានគណបក្សប្រជាជនកម្ពុជា ទីនោះមានសន្តិភាព និងការអភិវឌ្ឍ»។
ការលើកឡើងយ៉ាងដូច្នេះរបស់សម្តេចពិជ័យសេនា ទៀ បាញ់ នៅក្នុងពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៧៤ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា ២៨មិថុនា ១៩៥១-២៨ មិថុនា ២០២៥ នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៥នេះ ដោយមានការអញ្ជើញចូលរួមពីលោក លោកស្រី ជាសមាជិក សមាជិកាក្រុមការងារគណបក្សចុះមូលដ្ឋានខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងលោក លោកស្រី ជាសមាជិក សមាជិកាបក្ស មន្ទីរ អង្គភាព និងប្រធានគណបក្សក្រុង ស្រុក ឃុំ សង្កាត់ និងក្រុមការងារយុវជនបក្ស ប្រមាណជា៤០០នាក់ចូលរួមផងដែរ។
សម្តេចពិជ័យសេនា ទៀ បាញ់ ក៏បានធ្វើការបញ្ជាក់អំពីអត្ថន័យ ខ្លឹមសារនៃសន្ទរកថា របស់សម្តេចប្រធានគណបក្ស ក្នុងការរំលឹក ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ១៩៥១ គឺជាថ្ងៃកំណើតនៃគណបក្សប្រជាជនកម្ពុជា ហើយគណបក្សនេះ គឺជាកម្លាំងនយោបាយតែមួយគត់ ដែលបានក្រោកឈរតស៊ូ ហើយបានប្រមូលផ្ដុំរាល់កម្លាំងស្នេហាជាតិ ប្រឆាំងនឹងពួកអាណានិគម និងបង្កើតឡើងរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា ដើម្បីបំផុស និងដឹកនាំចលនាប្រជាជននៅទូទាំងប្រទេស វាយផ្ដូលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត នៅថ្ងៃទី៧ មករា ១៩៧៩ ធ្វើឲ្យប្រជាពលរដ្ឋបានរស់រានមានជីវិតឡើង។
សម្តេចពិជ័យសេនា បានបន្តថា ក្នុងដំណើរដ៏វែងឆ្ងាយនៃការត្រួសត្រាយផ្លូវ ដើម្បីបុព្វហេតុជាតិ និងប្រជាពលរដ្ឋ គណបក្សប្រជាជនកម្ពុជា បានឆ្លងកាត់ឧបសគ្គជាច្រើនស្អេកស្កះរាប់មិនអស់ តាំងពីការតស៊ូប្រឆាំងអាណានិគមនិយម, សង្គ្រាមជិត៣០ឆ្នាំ ក្រោយរដ្ឋប្រហារថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០, ការបន្តបន្សាបឥទ្ធិពលមនោគមវិជ្ជាបំផ្លាញជាតិរបស់ក្រុមជ្រុលនិយម និងវេលាចុងក្រោយនេះ ការរារាំងមហិច្ឆតាថៃ ដែលចង់លេបទឹកដីកម្ពុជាផងដែរ។
សម្តេចពិជ័យសេនា បានបន្តថា ជាមួយនឹងការប្រកាន់ខ្ជាប់យ៉ាងខ្ជាប់ខ្ជួន លើបញ្ហាប្រឈមនាពេលបច្ចុប្បន្ន និងចក្ខុវិស័យដ៏មោះមុតសម្រាប់អនាគតគណបក្សប្រជាជនកម្ពុជា ដែលកំពុងដឹកនាំប្រទេស ក្រោមការកាច់ចង្កូតរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ប្រមុខរាជរដ្ឋាភិបាលនៃអាណ្ណត្តិទី៧ របស់រដ្ឋសភា បានដាក់ចេញនូវចក្ខុវិស័យឆ្នាំ២០៥០ ក្នុងគោលបំណងឲ្យកម្ពុជាក្លាយជាប្រទេស ដែលមានចំណូលខ្ពស់ ជម្រុញដោយការច្នៃប្រឌិត សេដ្ឋកិច្ចឌីជីថល និងការអភិវឌ្ឍន៍ប្រកបដោយចីរភាព។
សម្តេចពិជ័យសេនា បានបន្ថែមថា ការបន្តរបស់គណបក្ស ការផ្លាស់ប្តូរ ជំនាន់ និងការសម្របខ្លួនទៅនឹងការផ្លាស់ប្តូរសកល គឺជាសញ្ញានៃភាពចាស់ទុំ និងភាពរឹងមាំនៃស្ថាប័នរបស់គណបក្សប្រជាជនកម្ពុជា។ នៅពេលដែលគណបក្សប្រជាជនកម្ពុជា ប្រារព្ធខួបលើកទី៧៤ របស់ខ្លួននៅឆ្នាំ២០២៥នេះ កេរ្ត៍ដំណែលរបស់បក្ស បានឈរជាសក្ខីភាពនៃការរស់រានមានជីវិតរបស់ជាតិ ការដឹកនាំ និងការផ្លាស់ប្តូរពីសង្គ្រាមនាំមកនូវសន្តិភាព និងពីភាពលំបាកនាំមកនូវវឌ្ឍនភាព។
សម្តេចពិជ័យសេនា ទៀ បាញ់ បានបញ្ជាក់ថា ទោះបីជាពិភពលោក កំពុងប្រឈមមុខនូវភាពមិនច្បាស់លាស់នៃអនាគតរបស់ខ្លួនយ៉ាងណាក៏ដោយ, ទោះបីជាមហិច្ឆតាថៃ នៅបន្តចង់ប្លន់ដណ្តើមយកដី និងប្រាសាទបុរាណខ្មែរ តាមបណ្តោយព្រំដែនភាគខាងលិចក៏ដោយ ឲ្យតែប្រទេសមានគណបក្សប្រជាជនកម្ពុជា ស្ថិតនៅជាបេះដូងរបស់យើងទាំងអស់គ្នា នាវាជាតិកម្ពុជារបស់យើងនៅតែបន្តបោះពួយទៅកាន់ត្រើយសុភមង្គល។ គន្លឹះនៃជោគជ័យនេះ គឺយើងមានគណបក្សប្រជាជនកម្ពុជា ជាគ្រឹះនយោបាយរឹងមាំនៃការដឹកនាំប្រទេស ឲ្យមានការអភិវឌ្ឍរីកចម្រើន ក្រោមដំបូលម្លប់សន្តិភាព។
សម្តេចពិជ័យសេនា ក៏បានវាយតម្លៃខ្ពស់ផងដែរពីការអភិវឌ្ឍន៍ជាតិ ក្រោមកិច្ចមហាសាមគ្គីរបស់ប្រជាជនកម្ពុជា ដែលធ្វើឲ្យប្រទេសជាតិ មានការអភិវឌ្ឍតទៅអនាគតទៀត៕