(ភ្នំពេញ)៖ ព្រះធម្មវិមានត្ថេរ ថាច់ ញុឹក ព្រះចៅអធិការវត្តពោធិ៍គិរីវង្សារាម ហៅវត្តស្វាយសៀមថ្មី ស្ថិតនៅឃុំង៉ាយស្វៀង ស្រុកថ្កូវ ខេត្តត្រាវិញ ដែលពលរដ្ឋខ្មែរ ស្គាល់ ជា ទូទៅថា ខេត្តព្រះត្រពាំង ខ្មែរកម្ពុជាក្រោម នៅថ្ងៃទី២៧-២៨ ខែមិថុនា ឆ្នាំ២០២៥ បានដឹកនាំប្រារព្ធធ្វើបុណ្យសម្ពោធសាលាធម្មសភា២ជាន់ សមណកុដិ ខ្លោងទ្វាររោងទាន និងខួបអនុស្សាវរីយ៍ ១២០ឆ្នាំកសាងវត្ត ព្រមទាំងមហាសង្ឃទានថ្វាយ ប្រគេនព្រះសង្ឃចំនួន ៥០០អង្គ។ ពិធីបុណ្យដ៏អធិកអធម ត្រូវបានរៀបចំឡើងនៅក្នុងវត្តស្វាយសៀមថ្មី។

ដើម្បីបណ្តុះស្មារតីស្រលាញ់ និងលើកស្ទួយសិល្បៈវប្បធម៌ប្រពៃណីខ្មែរនោះ តាមរយៈការរៀបចំរបស់លោក សាន សាង ទីប្រឹក្សាសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងលោក មាស រដ្ឋា ទីប្រឹក្សាក្រសួងការពារជាតិ មានសិល្បករសិល្បការិនីខ្មែរពីរាជធានីភ្នំពេញ ប្រមាណជាង ១០នាក់ បានចូលរួមច្រៀងកម្សាន្ត នៅក្នុងកម្មវិធីបុណ្យដ៏នេះផងដែរ។

ការនាំតារាចម្រៀងខ្មែរកណ្តាលមកច្រៀងនៅខ្មែរក្រោមនេះដែរ ជាការផ្សារភ្ជាប់សិល្បៈ វប្បធម៌ ប្រពៃណី រវាងបងប្អូនខ្មែរក្រោម និងបងប្អូនខ្មែរកណ្តាល ហើយជាការប្តូរបទពិសោធន៍គ្នា ជាការរឹតចំណងអនុស្សាវរីយ៍រវាងសិល្បករខ្មែរក្រោម និងខ្មែរកណ្តាល ក្នុងនាមមហាគ្រួសារខ្មែរ ដែលមានឈាមជ័រជាខ្មែរដូចគ្នា៕