(កំពង់ធំ)៖ លោក ឈាង វណ្ណារិទ្ធ រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកតាំងគោក ខេត្តកំពង់ធំ នារសៀលថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៥ បានដឹកនាំបើកកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារឆមាសទី១ និងលើកទិសដៅការងារឆមាសទី២ ឆ្នាំ២០២៥ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកតាំងគោក។
កិច្ចប្រជុំនេះបានរៀបចំនៅសាលាស្រុកតាំងគោក ដោយមានការចូលរួមពីប្រធាន អនុប្រធាន ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានទាំង៨ឃុំ នៃស្រុកតាំងគោក តំណាងមន្ទីរជំនាញជុំវិញខេត្តកំពង់ធំ អភិបាលស្រុកតាំងគោក និងប្រធាន អនុប្រធានការិយាល័យស្ថិតក្នុងរចនាសម្ព័ន្ធរដ្ឋបាលស្រុកទាំងអស់ មេឃុំ កងកម្លាំងទាំង៣របស់ស្រុកតាំងគោក សរុបចំនួន ៧០នាក់។
លោក ឈាង វណ្ណារិទ្ធ បានឱ្យដឹងថា កិច្ចប្រជុំនេះជារបៀបវារៈការងារមួយដ៏សំខាន់ និងតែងតែបានរៀបចំឡើងជាទៀងទាត់ ស្របតាមគោលការណ៍ណែនាំដែលបានកំណត់ ដើម្បីក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ធ្វើការពិនិត្យ និងវាយតម្លៃអំពីសមិទ្ធផលការងារដែលសម្រេចបាននៅក្នុងរយៈពេលកន្លងមក ព្រមទាំងឆ្លុះបញ្ជាំងនូវបញ្ហាប្រឈមនានា ទាំងបញ្ហាប្រឈមក្នុងការបំពេញការងាររបស់ក្រុមការងារចុះមូលដ្ឋាន និងបញ្ហាប្រឈមនានានៅតាមមូលដ្ឋាន ដើម្បីរិះរកមធ្យោបាយ ឬដំណោះស្រាយឱ្យបានសមស្រប រួមជាមួយនឹងការដាក់ចេញទិសដៅការងារឆមាសទី២ ឆ្នាំ២០២៥ ប្រកបដោយភាពម៉ត់ចត់ និងគ្រប់ជ្រុងជ្រោយ។
ជាមួយនេះលោក ឈាង វណ្ណារិទ្ធ ក៏បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានទាំង៨ឃុំ នៃស្រុកតាំងគោក ដែលជាថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ មន្ត្រីរាជការ និងកងកម្លាំង នៃស្រុកតាំងគោក ដែលបានខិតខំប្រឹងប្រែង យកចិត្តទុកដាក់អនុវត្តភារកិច្ចយ៉ាងសកម្ម ជាពិសេសរួមចំណែកថែរក្សាសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម។
លោក ឈាង វណ្ណារិទ្ធ បានជម្រាបអង្គប្រជុំថា រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា នៅតែបន្តចាត់ទុកសកម្មភាពរបស់ក្រុមការងារចុះមូលដ្ឋានជាកិច្ចការអាទិភាព ដើម្បីតម្រង់ទិស គាំទ្រ និងជំរុញការលើកកម្ពស់សមត្ថភាពស្ថាប័ននៅមូលដ្ឋាន ការពង្រឹងការទទួលខុសត្រូវ និងភាពជាម្ចាស់របស់មូលដ្ឋាន ការផ្សព្វផ្សាយនិងការជំរុញអនុវត្តកម្មវិធីនយោបាយ យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ កម្មវិធីគោលនយោបាយជាអាទិភាព កម្មវិធីកែទម្រង់ និងវិធានការគន្លឹះនានារបស់រាជរដ្ឋាភិបាល ឱ្យបានសកម្មផុសផុលតាមមូលដ្ឋាននីមួយៗ ព្រមទាំងចូលរួមគាំទ្រ និងជំរុញការការអភិវឌ្ឍនៅមូលដ្ឋាន ការលើកកម្ពស់ការផ្តល់សេវាសាធារណៈ សំដៅរួមគ្នាបន្តការអភិវឌ្ឍប្រទេសជាតិ ឈានឆ្ពោះទៅសម្រេចបានចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០។
លោក ឈាង វណ្ណារិទ្ធ ក៏បានដឹកនាំកិច្ចពិភាក្សាលើបញ្ហាប្រឈម និងក្តីកង្វល់របស់ប្រជាពលរដ្ឋតាមវិស័យសំខាន់ៗ ដែលប្រជាពលរដ្ឋបានលើកឡើងក្នុងអំឡុងពេលវេទិកាសាធារណៈ រួមមាន៖ វិស័យអប់រំ វិស័យសុខាភិបាល វិស័យកសិកម្ម និងប្រព័ន្ធធារាសាស្ត្រជាដើម ដើម្បីធ្វើអាទិភាវូបនីយកម្មនៃបញ្ហាប្រឈម សំដៅដាក់ចេញវិធានការដោះស្រាយសមស្របជូនប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា និងប្រកបដោយប្រសិទ្ធភាពខ្ពស់។
ជាមួយគ្នានោះលោក ឈាង វណ្ណារិទ្ធ ក៏បានណែនាំដល់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំទាំង៨ សហការជាមួយអាជ្ញាធរមូលដ្ឋាន ត្រូវបន្តរៀបចំវេទិកាសាធារណៈនៅមូលដ្ឋាន និងនៅគ្រប់មូលដ្ឋានភូមិនីមួយៗ និងចុះពិនិត្យផ្ទាល់ដល់គ្រប់ទីកន្លែង ដែលមានបញ្ហាប្រឈម សំណើ និងសំណូមពរ ដូចជា ទីតាំងទំនាស់, ប្រព័ន្ធធារាសាស្ត្រ, ផ្លូវ, សាលារៀន, និងមណ្ឌលសុខភាពជាដើម ដើម្បីក្តាប់ព័ត៌មានឱ្យបានគ្រប់ជ្រុងជ្រោយសំដៅជួយជំរុញការដោះស្រាយឱ្យបានឆាប់រហ័ស ទាន់ពេល និងប្រសិទ្ធភាព ព្រមទាំងធ្វើការតាមដាន ត្រួតពិនិត្យ និងវាយតម្លៃឱ្យបានជាក់លាក់អំពីលទ្ធផលនៃការអនុវត្តដំណោះស្រាយលើបញ្ហាប្រឈម និងសំណូមពរដែលបានលើកឡើង។
បន្ថែមពីនេះលោកក៏បានផ្តល់អនុសាសន៍ណែនាំដល់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកតាំងគោក និងអាជ្ញាធរមូលដ្ឋានដូចជា៖
ទី១៖ ត្រូវប្រកាន់ខ្ជាប់ជានិច្ចនូវតួនាទីស្នូលរបស់ខ្លួន តម្រង់ទិស គាំទ្រ និងជំរុញការលើកកម្ពស់សមត្ថភាពរបស់អង្គភាពនៅមូលដ្ឋាន ដើម្បីពង្រឹងការទទួលខុសត្រូវ ភាពជាម្ចាស់ និងបង្កើនប្រសិទ្ធភាព ក្នុងការអនុវត្តកម្មវិធីនយោបាយ យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល
ទី២៖ ត្រូវបន្តពង្រឹងការផ្តល់នូវសេវាសាធារណៈនានាជូនដល់ប្រជាពលរដ្ឋឱ្យបានលឿន តាមគោលការណ៍កំណត់ប្រកបដោយការយកចិត្តទុកដាក់
ទី៣៖ បន្តស្តាប់នូវទុក្ខលំបាករបស់ប្រជាពលរដ្ឋ និងធ្វើការដោះស្រាយទៅតាមដែនសមត្ថកិច្ចរបស់ខ្លួនឱ្យគ្រប់ជុ្រងជ្រោយ ព្រមទាំងត្រូវបន្តពង្រឹងសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ សុវត្ថិភាពសង្គម តាមរយៈការអនុវត្តគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព
ទី៤៖ ត្រូវបន្តធ្វើការអប់រំ ទប់ស្កាត់ និងបង្ក្រាបបទល្មើស ជាពិសេសពាក់ព័ន្ធបញ្ហាគ្រឿងញៀន ក្មេងទំនើង ល្បែងស៊ីសងខុសច្បាប់ និងបទល្មើសធនធានធម្មជាតិ៕