(ភ្នំពេញ)៖ លោក ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានអនុញ្ញាតឱ្យលោក Lars Johansen នាយករងនៃការិយាល័យអង្គការអន្តរជាតិខាងការងារ (ILO) ប្រចាំប្រទេសថៃ កម្ពុជា និងឡាវ និងសហការី ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារមួយចំនួនទាក់ទងនឹងវឌ្ឍនភាពវិស័យការងារនៅកម្ពុជា ការអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ និងសហប្រតិបត្តិការគាំពារពលករទេសន្តរប្រវេសន៍ នៅទីស្ដីការក្រសួង នាព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥។
លោករដ្ឋមន្រ្តី បានបង្ហាញពីការស្វាគមន៍ចំពោះកិច្ចសហប្រតិបត្តិការជាមួយអង្គការ ILO កន្លងមក ដែលជាការរួមចំណែកដ៏សំខាន់ក្នុងការធ្វើឱ្យមានវឌ្ឍនភាពវិស័យការងារនៅកម្ពុជា ការអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ។ លោករដ្ឋមន្រ្តីបានបញ្ជាក់ថា៖ «ក្រសួងមានទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) ដែលជាតួអង្គសំខាន់ក្នុងការផ្ដល់ឱកាសការងារជូនពលរដ្ឋទូទៅ និងយុវជន។ អ្វីដែលសំខាន់នាពេលនេះ គឺក្រសួងបានដាក់ពង្រាយទាំងឱកាសការងារ ទាំងកម្មវិធីអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ និងសេវាគាំពារសង្គមនានា នៅមុខព្រំដែន ដើម្បីជួយផ្ដល់ឱកាសការងារជូនពលករខ្មែរដែលត្រឡប់ពីប្រទេសថៃ ក្រោយពីមានវិធានការរបស់ថៃដែលបិទច្រកព្រំដែនរវាងប្រទេសទាំងពីរ»។
ជាមួយគ្នានេះ លោករដ្ឋមន្រ្តី បានលើកទឹកចិត្តដល់ដៃគូអភិវឌ្ឍពាក់ព័ន្ធ ជាពិសេសអង្គការ ILO ឱ្យបន្តសហការលើយន្តការគាំពារពលករចំណាកស្រុក និងលុបបំបាត់ពលករទេសន្តរប្រវេសន៍ ក្នុងវិស័យការងារដែលមិនមានសុវត្ថិភាព ដើម្បីលើកកម្ពស់ការគាំពារសិទ្ធិពលករ ការផ្ដល់ឱកាសឱ្យពួកគាត់ទទួលបានការងារសមរម្យ និងមានសុវត្ថិភាព។
ជាការឆ្លើយតប លោក Lars Johansen នាយករងនៃការិយាល័យអង្គការអន្តរជាតិខាងការងារ (ILO) ប្រចាំប្រទេសថៃ កម្ពុជា និងឡាវ បានទទួលស្គាល់ពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈដែលជាសេនាធិការក្នុងការដោះស្រាយការប្រឈមនានាបានទាន់ពេលវេលា និងមានប្រសិទ្ធភាពខ្ពស់។ អង្គការ ILO នឹងបន្តគាំទ្រ និងបង្កើនកិច្ចសហប្រតិបត្តិការជាមួយក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈបន្ថែមទៀត៕