(ពោធិ៍សាត់)៖ លោក ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត នាថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៥ បានដឹកនាំមន្ទីរជំនាញ ចុះធ្វើពិសោធន៍ទិន្នផលត្រីនៅតំបន់បឹងទន្លេសាប នារដូវបិទនេសាទ ក្នុងភូមិសាស្ត្រឃុំកំពង់លួង ស្រុកក្រគរ ក្រោយពីកម្លាំងចម្រុះចុះប្រតិបត្តិការបង្ក្រាបដូចភ្លៀងរលឹម រយៈពេលជាង១ឆ្នាំមកនេះ។
លោក ខូយ រីដា បានថ្លែងថា ថ្ងៃនេះក្នុងនាមគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត និងដោយមានការសំណូមពរពីប្រជាពលរដ្ឋ ពាក់ព័ន្ធនឹងការនេសាទត្រី លោកបានចុះមកពិនិត្យជាក់ស្តែង និងធ្វើពិសោធន៍ឃើញថា ទិន្នផលត្រីមានការឡើនឡើង ជាងបណ្តាឆ្នាំកន្លងៗទៅ។ នេះដោយសារតែបងប្អូនប្រជានេសាទ បានយល់ដឹងជ្រួតជ្រាបពីច្បាប់ជលផលច្រើន ហើយនៅសេសសល់មួយចំនួនតូច មិនទាន់បានចូលរួម។ លោកសង្ឃឹមថា នៅថ្ងៃខាងមុខបងប្អូនប្រជានេសាទក្នុងខេត្តពោធិ៍សាត់របស់យើង នឹងចូលរួមគោរពច្បាប់ជលផលដែលបានដាក់ចេញ ដើម្បីឱ្យទិន្នផលត្រីរបស់យើងកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ។
ជាការពិតណាស់ថា តួអង្គក្នុងថ្ងៃនេះ គឺកម្លាំងចម្រុះ រួមមានកម្លាំងរដ្ឋបាលជលបាល និងកងកម្លាំងប្រដាប់អាវុធទាំង៣ សម្រាប់ជួយថែរក្សាធនធានមច្ឆាជាតិ ក្នុងផ្ទៃទឹកបឹងទន្លេសាប។ ប្រសិនបើគ្មានតួអង្គកម្លាំងទាំងអស់នោះទេ ប្រហែលជាគ្មានត្រីសម្រាប់បងប្អូននេសាទនោះដែរ ព្រោះថាបងប្អូនប្រកដជាត្រង និងជញ្ជាត់យកធនធានមច្ឆាជាតិទាំងអស់ ជាក់ជាពុំខាន។
លោក ខូយ រីដា បានឱ្យដឹងថា ផ្អែកតាមគោលការការណែនាំ របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា កម្លាំងនៃយោធភូមិភាគទី៥ បានដាក់ពង្រាយគ្រប់គោលដៅ ដើម្បីបង្ក្រាបបទល្មើសនេសាទ នៅតំបន់បឹងទន្លេសាប និងបានបំផ្លាញចោលនូវឧបករណ៍នេសាទខុសច្បាប់ បានយ៉ាងច្រើន។
លោកបន្ថែមថា គោលបំណងតែមួយគត់ នៃប្រតិបត្តិការបង្ក្រាបទ្រង់ទ្រាយធំនេះ គឺចង់ឱ្យប្រជានេសាទយើង ប្រកបរបរនេសាទដោយស្របច្បាប់ មិនត្រូវប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់ ហើយត្រូវចូលរួមសហការជាមួយកងកម្លាំងចម្រុះ ដែលកំពុងអនុវត្តការងារនៅទីតាំងនេះ ឈានទៅអភិរក្ស និងធានានិរន្តរភាព ធនធានជលផល និងជីវចម្រុះ សម្រាប់កូនចៅយើងជំនាន់ក្រោយ៕