(ព្រះវិហារ)៖ លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្តសៀមរាប នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៥នេះ បានបន្ដនាំស្បៀងអាហារជាលើកទី២ របស់នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ឧបត្ថម្ភដល់កម្លាំងនគរបាលឈរជើងនៅសមរភូមិមុខព្រំដែនកម្ពុជា-ថៃ ដើម្បីផ្គង់ផ្គត់តម្រូវការប្រចាំថ្ងៃ។

ស្បៀងអាហារដែលនាយឧត្តមសេនីយ៍ ស ថេត ចាត់លោកឧត្តមសេនីយ៍ទោ ហួត សុធី នាំយកទៅឧបត្ថម្ភកម្លាំងឈរជើងនៅសមរភូមិមុខ គឺសាច់ក្រក ចំនួន៥០០គីឡូក្រាម។

ក្នុងនោះត្រូវបានបែងចែកទៅ វរនគរបាលការពារព្រំដែនគោកលេខ៧០២ ចំនួន១០០គីឡូក្រាម, វរនគរបាលការពារព្រំដែនគោកលេខ៩០៥ ចំនួន១០០គីឡូក្រាម និងទីបញ្ជាការនគរបាលជាតិប្រចាំទិសភូមិភាគ៤ ចំនួន៣០០គីឡូក្រាម។

សូមជម្រាបថា នេះជាលើកទី២ ហើយដែលនាយឧត្តមសេនីយ៍ ស ថេត ចាត់តំណាងនាំយកស្បៀងអាហារឧបត្ថម្ភដល់កម្លាំងនគរបាលជួរមុខ ដែលកាលពីលើកទី១ បាននាំយកសាច់ក្រក សាច់ជ្រូកចំនួន៥០០គីឡូក្រាម និងត្រីងៀតចំនួន៥០០គីឡូក្រាម ដើម្បីបែងចែកដល់វរនគរបាលការពារព្រំដែនគោក៕