(ព្រៃវែង)៖ លោកស្រី ញ៉ែម សាខន ស ខេង, លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកស្រី កែ សួនសុភី នៅព្រឹកថ្ងៃទី ២៩ ខែមិថុនាឆ្នាំ២០២៥ បានអញ្ជើញប្រគេនទៀនចំណាំព្រះវស្សា ចំនួន ៣៩វត្ត ក្នុងស្រុក ក្រុងទាំង១៣នៃខេត្តព្រៃវែងដើម្បីឧទ្ទិសមហាកុសលជូនដួងវិញ្ញាណក្ខន្ធ សម្តេចអគ្គមហាធម្មពោធិសាល ជា សុីម និងលោកស្រី ញ៉ែម សឿន ជាសុីម និងបុព្វការីជន ព្រមទាំងញាតិកាទាំងប្រាំពីរសន្តានដែលបានចែកឋាន។

ពិធីនេះបានប្រព្រឹត្តទៅនៅសាលាខេត្តព្រៃវែង ដែលមានចូលរួមពីសំណាក់លោករដ្ឋលខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក អគ្គនាយករង លោកប្រធានក្រុមប្រឹក្សា លោកអភិបាលខេត្ត និងមន្ទីរអង្គភាពជុំវិញខេត្តជាច្រើនរូបទៀតផងដែរ។

បើតាមលោក សួន សុម៉ាលីន អភិបាលខេត្ត បានឲ្យដឹងថាចំពោះទេយ្យទានទាំងអស់នេះ គឺដើម្បីវេរប្រគេនដល់ព្រះសង្ឃសម្រាប់គង់ចាំព្រះវស្សាអស់រយៈកាលត្រីមាស ៣ ខែ ដែលជារដូវកាលភ្លៀងធ្លាក់ នៃរដូវកាលចូលព្រះវស្សា ដែលព្រះសង្ឃពិបាកក្នុងការនិមន្តគោចរបិណ្ឌបាទចង្ហាន់។

គួររំលឹកថា ជារៀងរាល់មុនថ្ងៃចូលព្រះវស្សារបស់ព្រះភិក្ខុសង្ឃ ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ មន្ត្រីរាជការខេត្ត ប្រជាពលរដ្ឋ ឧបាសក ឧបាសិកា ដែលជាពុទ្ធសាសនិក នៅក្នុងខេត្តព្រៃវែង តែងតែនាំគ្នាយកទៀនចំណាំព្រះវស្សា រួមទាំងទេយ្យទានផ្សេងៗ និងគ្រឿងឧបភោគបរិភោគ ទៅវេប្រគេនដល់ព្រះសង្ឃតាមវត្តអារាមនានា ដើម្បីបានដល់ព្រះសង្ឃ សម្រាប់ប្រើប្រាស់ក្នុងពេលវេលា នៃរដូវកាលចូលព្រះវស្សាអស់កាលត្រីមាសក្នុងរយៈពេល ៣ ខែ ទៅតាមពុទ្ធាអនុញ្ញាតរបស់ព្រះសម្មាសម្ពុទ្ធជាអង្គម្ចាស់នៃយើង។

សូមបញ្ជាក់ថា ទេយ្យទានដែលបានប្រគេនព្រះសង្ឃទាំង ៣៩វត្ត ដោយក្នុង១វត្តៗទទួលបានស្លាដក១, ទៀន១ គូ, អង្ករ ១បេ ៥0គីឡូ, មី១ កេះធំ, ត្រីខ១កេះធំ, ទឹកដោះគោ ១កេសធំ, ស្ករស១បេ២៥គីឡូ, ទឹកសុទ្ធ ២ កេស, ទឹកក្រូច២កេស, ផ្លែឈើ១កន្ត្រក, ប្រេងឆា ១០លីត្រ, ទឹកត្រី១ឡូ, ទឹកស៊ីអ៉ីវ១ឡូ, ប៊ីចេង៥គីឡូ, អំបិល ១៨ គីឡូ, និងបច្ច័យ ៥០ម៉ឺនរៀល៕