(ភ្នំពេញ)៖ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា បានផ្ញើសារលិខិតចូលរួមរំលែកមរណទុក្ខ ជូនឯកឧត្តមបណ្ឌិត វង្ស ប៊ុនឥន្ទ្រាវុធ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានរតនាគារជាតិ និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ ចំពោះមរណភាពមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៏ ឈន សារ៉េត ដែលត្រូវជាម្តាយបង្កើត របស់ឯកឧត្តមបណ្ឌិត។
យើងខ្ញុំទាំងអស់គ្នាមានសេចក្តីតក់ស្លុត ក្ដុកក្ដួលប្រកបដោយសមានទុក្ខដ៏ក្រៀមក្រំជាទីបំផុត និងសូមចូលរួមសម្តែងការសោកស្តាយឥតឧបមា ដោយទទួលដំណឹងអំពី មហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៏ ឈន សារ៉េត ដែលត្រូវជាម្តាយបង្កើតរបស់ ឯកឧត្តមបណ្ឌិត បានទទួលមរណភាព នៅថ្ងៃអាទិត្យ ៤កើត ខែអាសាឍ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៥ វេលាម៉ោង០០:១២ នាទីរំលងអធ្រាត្រ ក្នុងជន្មាយុ ៨៣ឆ្នាំ ដោយជរាពាធ។
ការទទួលមរណភាពរបស់មហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៏ ឈន សារ៉េត ជាការបាត់បង់ដ៏គួរឱ្យសោកស្តាយបំផុត ដែលជាការបាត់បង់ដ៏ធំធេងនូវម្តាយបង្កើត ម្តាយក្មេក និងជីដូន ប្រកបដោយព្រហ្មវិហារធម៌ ដ៏ជ្រាលជ្រៅ និងជាទីគោរពស្រលាញ់នៃកូន ចៅ ទាំងអស់ ដែលមួយឆាកជីវិតមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៏ ឈន សារ៉េត បានតស៊ូចិញ្ចឹមបីបាច់ថែរក្សា អប់រំទូន្មាន ប្រៀនប្រដៅបុត្រធីតារហូតក្លាយទៅជាធនធានមនុស្ស ដ៏សំខាន់សម្រាប់ចូលរួមចំណែកបម្រើជាតិ មាតុភូមិ និងប្រជាជនកម្ពុជា។
នៅក្នុងឱកាសប្រកបដោយក្តីខ្សឹកខ្សួលរំជួលចិត្ត ក្រៀមក្រំស្ទើររកទីបំផុតគ្មាននេះ យើងខ្ញុំសូមគោរពចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំ ដោយសេចក្តីសោកសង្រេងជាទីបំផុត ជាមួយឯកឧត្តមបណ្ឌិត និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ និងសូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធ មហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៏ ឈន សារ៉េត សូមឆាប់បានចាប់កំណើតកើតក្នុងសុគតិភពគ្រប់ៗជាតិ កុំបីឃ្លៀងឃ្លាតឡើយ៕