(ភ្នំពេញ)៖ សិល្បៈចម្រៀង គឺជាផ្នែកមួយនៃវប្បធម៌។ ការច្រៀង គឺជាទម្រង់នៃការបង្ហាញពីដួងព្រលឹងនៃសិល្បៈ, ឆ្លុះបញ្ចាំងពីភាសាមួយ, បបង្ហាញពីអារម្មណ៍, មនោសញ្ចេតនា និងអត្តសញ្ញាណរបស់សហគមន៍មួយ។ គ្រប់ចម្រៀងទាំងអស់ មិនថាចម្រៀងប្រពៃណីបុរាណ, ចម្រៀងប្រជាប្រិយសម័យថ្មី, ចម្រៀងសាសនា និងចម្រៀងភ្លេងជាតិ សុទ្ធតែជាការបង្ហាញវប្បធម៌ដែលរក្សា និងផ្តល់តម្លៃជាប្រវត្តិសាស្ត្រ និងទស្សនៈជាសាកលពីមួយជំនាន់ទៅមួយជំនាន់។
ហេតុនេះហើយបានជាព្រះធម្មវិមានត្ថេរ ថាច់ ញុឹក ព្រះចៅអធិការវត្តពោធិ៍គិរីវង្សារាម ហៅវត្តស្វាយសៀមថ្មី ស្ថិតនៅឃុំង៉ាយស្វៀង ស្រុកថ្កូវ ខេត្តត្រាវិញ ដែលពលរដ្ឋខ្មែរស្គាល់ជាទូទៅថា ខេត្តព្រះត្រពាំង ខ្មែរកម្ពុជាក្រោម នៅថ្ងៃទី២៧-២៨ ខែមិថុនា ឆ្នាំ២០២៥ បានដឹកនាំប្រារព្ធធ្វើបុណ្យសម្ពោធសាលាធម្មសភា២ជាន់ សមណកុដិ ខ្លោងទ្វាររោងទាន និងខួបអនុស្សាវរីយ៍ ១២០ឆ្នាំកសាងវត្ត ព្រមទាំងមហាសង្ឃទានថ្វាយ ប្រគេនព្រះសង្ឃចំនួន ៥០០អង្គ នៅក្នុងវត្តស្វាយសៀមថ្មី ដោយអញ្ជើញតារាចម្រៀងខ្មែរកណ្តាលប្រមាណ ១០នាក់ ទៅច្រៀងកម្សាន្តក្នុងកម្មវិធីដ៏ធំនេះ។
ការចូលរួមច្រៀងកម្សាន្តខាងលើ ក៏រៀបចំឡើងតាមរយៈការរៀបចំរបស់លោក សាន សាង ទីប្រឹក្សាសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងលោក មាស រដ្ឋា ទីប្រឹក្សាក្រសួងការពារជាតិ ដើម្បីជាការផ្សារភ្ជាប់សិល្បៈ វប្បធម៌ ប្រពៃណី រវាងបងប្អូនខ្មែរក្រោម និងបងប្អូនខ្មែរកណ្តាល ហើយជាការប្តូរបទពិសោធន៍គ្នា និងជាការរឹតចំណងអនុស្សាវរីយ៍រវាងសិល្បករខ្មែរក្រោម និងខ្មែរកណ្តាលផងដែរ។
ក្នុងរយៈពេល ៤ថ្ងៃ៣យប់ដ៏មានអត្ថន័យនេះ ការភ្ជាប់គ្នារវាងសិល្បៈចម្រៀងខ្មែរកណ្តាល និងខ្មែរក្រោម ត្រូវបានបង្កើតឡើងយ៉ាងស្អិតល្មួតជាទីបំផុត។ បងប្អូនខ្មែរក្រោម បានស្វាគមន៍បងប្អូនខ្មែរកណ្តាល ឯបងប្អូនខ្មែរកណ្តាល បានបង្ហាញអារម្មណ៍រំភើបចំពោះបដិសណ្ឋារកិច្ចរបស់ពួកគាត់ ហាក់បីដូចជាគ្រួសារមួយ ដែលមានឈាមជ័រតែមួយ ដោយមិនអាចកាត់ផ្តាច់ពីគ្នាបាន តាមរយៈសិល្បៈវប្បធម៌ដូចគ្នា។
លោកស្រី ម៉េង កែវពេជ្ជចិន្តា បានថ្លែងអំណរគុណដល់បងប្អូនខ្មែរក្រោម ដែលបានស្វាគមន៍លោកស្រីអស់ពីចិត្ត។
លោកស្រី ម៉េង កែវពេជ្ជចិន្តា បានបញ្ជាក់យ៉ាងដូច្នេះថា «អរគុណបងប្អូនទាំងអស់គ្នាដែលបានផ្ដល់ក្ដីស្រលាញ់ ទទួលស្វាគមន៍យ៉ាងកក់ក្ដៅ និងការគាំទ្រលេីសពីអ្វីដែលខ្ញុំធ្លាប់លឺ»។
សកម្មភាពរបស់បងប្អូនខ្មែរក្រោម បានទាក់យកបេះដូងតារាចម្រៀងខ្មែរយ៉ាងខ្លាំង និងធ្វើឲ្យពួកគាត់រំជួលចិត្ត មិនអាចភ្លេចពីដែនដីនេះបានឡើយ។
លោក ប៊ុន សំបូរ ក្រោយពេលច្រៀងរួច បានថ្លែងបញ្ជាក់យ៉ាងដូច្នេះ «ខ្មែរស្រលាញ់ខ្មែរ ខ្មែរក្រោមខ្មែរកណ្ដាលជាឈាមតែមួយ។ រំភើបឡើងស្រក់ទឹកភ្នែកនៅលើទឹកដីកម្ពុជាក្រោម។ បងប្អូនខ្មែរក្រោមស្រលាញ់បងប្អូនខ្មែរកណ្ដាលយើងខ្លាំងណាស់។ ទោះខ្ញុំឃ្លាតឆ្ងាយមកកម្ពុជា តែខ្ញុំទុកបេះដូងខ្ញុំនៅជាមួយបងប្អូនខ្មែរក្រោមហើយ»។
តារាចម្រៀងខ្មែរកណ្តាល ក៏បានទៅទស្សនាដើមឈើទាល ដែលត្រូវបានដាំដោយលោកឧកញ៉ា សឺង គុយ ដែលដាំបញ្ច្រាសចុង កាលពីឆ្នាំ១៨៤១។ ដើមឈើទាលនេះល្បីល្បាញណាស់ ព្រោះវាជាដើមឈើមួយ ភ្ជាប់នឹងរឿងរ៉ាវប្រវត្តិសាស្ត្រខ្មែរក្រោម ដែលគ្រប់អ្នកទេសចរ តែងតែចង់ឃើញ។
សម្រាប់កញ្ញា ប៊ុត ស្រី រ៉ែន ដែលបានទៅច្រៀងនៅខ្មែរក្រោម និងបានទស្សនាដើមឈើទាល បានបញ្ជាក់យ៉ាងដូច្នេះ «ដើមឈើទាលអើយ។ លើកទីមួយហើយ ដែលកូនបានឃើញបានជួប។ កូនចៅសូមបួងសួង សូមឲ្យកូនមានសុខភាពល្អ។ ស្រលាញ់ទឹកដីកម្ពុជាក្រោម។ ខ្មែរស្រលាញ់ខ្មែរ»។
ដូចពាក្យខ្មែរមួយឃ្លាថា «វប្បធម៌រលត់ជាតិរលាយ វប្បធម៌ពណ្ណរាយជាតិថ្កើងថ្កាន»។ ដោយសារតែចម្រៀងជាផ្នែកមួយនៃវប្បធម៌នោះ ធ្វើឲ្យដំណើរជាប្រវត្តិសាស្ត្ររបស់អ្នកចម្រៀងខ្មែរកណ្តាល បានចងជាកម្លាំងដ៏ធំ និងបានបំផុសស្មារតីខ្មែរក្រោម ក្នុងខេត្តព្រះត្រពាងំ ឲ្យខិតខំអភិរក្ស និងរក្សាវប្បធម៌ នៅក្នុងខេត្តរបស់ខ្លួនយ៉ាងខ្លាំង។
បងប្អូនខ្មែរក្រោម បានស្នើបងប្អូនខ្មែរកណ្តាលទៅលេងកម្សាន្តពួកគាត់ផង ព្រោះនៅទីនោះ ពួកគាត់គោរព និងស្រលាញ់ ព្រមទាំងចាត់ទុកខ្មែរកណ្តាលប្រៀបបីដូចជានិមិត្តរូប។ ការទៅលេងកម្សាន្តខ្មែរក្រោម មិនពិបាកទេ ព្រោះប្រទេសក្នុងតំបន់អាស៊ាន ប្រជាពលរដ្ឋដើរកម្សាន្តដោយសេរី និងមិនប្រើប្រាស់ទិដ្ឋាការឡើយ។
បងប្អូនខ្មែរកណ្តាល អាចធ្វើដំណើរទៅខ្មែរក្រោមតាមរថយន្ត និងចំណាយពេលប្រមាណ ១០នាទី នៅកន្លែងវាយត្រាឆ្លងដែនលើលិខិតឆ្លងដែនតែប៉ុណ្ណោះ៕