(ព្រះវិហារ)៖ លោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ បានថ្លែងលើកឡើងថា ដោយសារការគំរាមកំហែងឈ្លានពានទឹកដីពីកងទ័ពថៃ នៅតំបន់មួយចំនួននៅតាមព្រំដែន បានធ្វើឱ្យប្រជាពលរដ្ឋប្រមាណ ៥០០០នាក់ មានការភ័យខ្លាច បង្ខំចិត្តភៀសខ្លួនមកស្នាក់នៅបណ្តោះអាសន្នមណ្ឌលសុវត្ថិភាពវត្តពោធិ៍ ៥០០០ដើម ស្ថិតក្នុងភូមិគូលែនត្បូង ឃុំគូលែនត្បូង ស្រុកគូលែន ខេត្តព្រះវិហារ។
ការថ្លែងលើកឡើងបែបនេះរបស់លោកអភិបាលខេត្តព្រះវិហារ ក្នុងឱកាសដែលលោកអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អគារសាលាបឋមសិក្សា១ខ្នង ស្មើនឹង៦បន្ទប់ ស្ថិតក្នុងសាលាបឋមសិក្សាក្រពើ៥ នៅភូមិក្បាលខ្លា ឃុំត្បែងមួយ ស្រុកសង្គមថ្មី នៅព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥នេះ។
លោក គីម រិទ្ធី បានថ្លែងថា «សង្រ្គាមមិនអាចធ្វើឱ្យយើងមានឱកាសអភិវឌ្ឍន៍អ្វីៗបាននោះទេ ដោយសារបាញ់គ្នា ដោយសារគេចគ្រាប់ ជាក់ស្តែងបច្ចុប្បន្ននេះនៅពេលដែលយើងមានភាពតានតឹងនៅក្នុងវិស័យយោធា ដែលយើងទទួលការគំរាមកំហែងឈ្លានពានពីកងទ័ពថៃ នៅតំបន់មួយចំនួននៅតាមព្រំដែន ធ្វើឱ្យប្រជាពលរដ្ឋមានការភ័យខ្លាច បានបង្ខំចិត្តភៀសខ្លួនមកស្នាក់នៅបណ្តោះអាសន្នមណ្ឌលសុវត្ថិភាពវត្តពោធិ៍ ៥០០០ដើម ប្រមាណ ៥ ០០០នាក់ ក្នុងនោះកូនក្មេងចំនួន ១ ៥០០នាក់ នេះមិនទាន់ផ្ទុះអាវុធរូបភាពធំផង ប្រជាពលរដ្ឋយើងគេចខ្លួនមកបាត់ទៅហើយ ដូច្នេះសង្គ្រាមមានផលអវិជ្ជមានច្រើនណាស់»។
ជាមួយគ្នានេះ លោកអភិបាលខេត្តព្រះវិហារ ថ្លែងអំណរគុណចំពោះវិរៈជនរបស់យើង វិរៈកងទ័ពរបស់យើងដែលកំពុងឈរជើងនៅសមូរភូមិមុខ ដែលកំពុងតែការពារទឹកដីរបស់យើងនៅសមូរភូមិមុខ សូមបួងសួងវត្ថុស័ក្កិសិទ្ធ ក្នុងលោក បារមីលោកតាឌី បារមីលោកតាសួង សូមបួងសួង វីរកងទ័ពរបស់យើងឱ្យមានសុខភាពល្អ ការពារទឹកដីកម្ពុជាឱ្យបានគង់វង្ស នឹងមិនឱ្យបាត់បង់សូម្បីតែ ១មីលីម៉ែត្រឡើយ។ សូមដឹងគុណចំពោះថ្នាក់ដឹកនាំរបស់យើង ដែលស្វែងសុខសន្តិភាពសម្រាប់កម្ពុជា ជាពិសេសសម្តេចតេជោ ហ៊ុន សែន ដែលលោកបានស្វែងរកសន្តិភាពឱ្យកម្ពុជា បញ្ចប់នៅសង្គ្រាមសុីវិលនៅកម្ពុជាតាមរយៈគោលនយោបាយឈ្នះឈ្នះ និងសូមថ្លែងអំណរគុណសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានបន្តដឹកនាំកម្ពុជា បានរក្សានូវស្ថិរភាពនយោបាយ និងសន្តិភាពសម្រាប់កម្ពុជា។
លោក គីម រិទ្ធី ក៏បានថ្លែងនូវការចូលរួមអបអរសាទរ ជាមួយបងប្អូនប្រជាពលរដ្ឋនៅភូមិក្បាលខ្លា ឃុំត្បែងមួយ ស្រុកសង្គមថ្មី ដែលទទួលបានសមិទ្ធិផលថ្មីអាគារសិក្សា១ខ្នង ចំនួន៦បន្ទប់ នៅសាលាបឋមសិក្សាក្រពើ ៥នាពេលនេះ។ លើសពីនេះ លោកអភិបាលខេត្តក៏បានថ្លែងអំណរគុណនិងកោតសរសើរចំពោះឧត្តមគតិស្នេហាជាតិ របស់លោក ប៉ែន សុីវ៉ុន និងលោកស្រី ដែលជាសប្បុរសជនមកពីប្រទេសន័រវេស ដែលបានជួយសាងសង់អគារសាលាបឋមសិក្សានេះ ក៏ដូចជាការងារមនុស្សធម៌តាមតំបន់ផ្សេងៗជាច្រើនទៀត៕