(ព្រះសីហនុ)៖ អាវុធហត្ថខេត្តព្រះសីហនុ សហការជាមួយកម្លាំងនៃតំបន់ប្រតិបត្តិការសឹករងខេត្ត បានបន្តនាំយកសម្ភារ និងកម្លាំងចុះជួសជុលផ្ទះពលរដ្ឋ១ខ្នង ដែលរងគ្រោះដោយសារខ្យល់កន្រ្តាក់កាលពីពេលកន្លងទៅ។
ការបន្តចុះជួយនេះធ្វើឡើងនៅព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៥ ដឹកនាំលោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រះសីហនុ និងជាអនុប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តព្រះសីហនុ និងលោកឧត្តមសេនីយ៍ត្រី នូវ សំអុល មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះសីហនុ និងជាប្រធានគណ:កម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តព្រះសីហនុ រួមជាមួយកម្លាំងអាវុធហត្ថ សឹករង និងក្រុមជាងជាច្រើនរូបទៀត។
លោកឧត្តមសេនីយ៍ត្រី បានបញ្ជាក់ឲ្យដឹងថា ផ្ទះពលរដ្ឋចំនួន១ខ្នង ដែលរងគ្រោះដោយសារខ្យល់កន្ត្រាក់នេះ មានបណ្តោយប្រវែង៦ម៉ែត្រ ទទឹង៦ម៉ែត្រ ដែលជាសមាជិកសមាគមអតីតយុទ្ធជនកម្ពុជា (គ្រួសារពលី) ឈ្មោះ សុខ រី ភេទស្រី អាយុ៦៦ឆ្នាំ ស្ថិតនៅក្នុងភូមិថ្មី ឃុំកំពង់សីលា ស្រុកកំពង់សីលា ខេត្តព្រះសីហនុ។
ក្រៅពីជួសជុលផ្ទះនេះឡើងវិញ លោកមេបញ្ជាការទាំងពីរ បានបន្ថែមចាក់សាបក្នុងផ្ទះជូនដល់គ្រួសារអតីតយុទ្ធជនខាងផងដែរដើម្បីងាយស្រួលជាងផ្ទះដែលបានខូចខាត៕