(ពោធិ៍សាត់)៖ លោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ នាថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ បានលើកឡើងថា មន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យាទាំងអស់ សុទ្ធសឹងជាបុគ្គលដែលបានខិតខំបង្កើតស្នាដៃល្អៗជាច្រើនជូនជាតិ និងខិតខំប្រឹងប្រែងបំពេញការងារតាមតួនាទីភារកិច្ចរៀងៗខ្លួន ប្រកបដោយអត្ថន័យដ៏វិសេសវិសាល ឆ្លុះបញ្ចាំងឱ្យឃើញពីគុណបំណាច់ ការលះបង់ ក្នុងការចូលរួមចំណែកកសាង និងអភិវឌ្ឍន៍ប្រទេសជាតិ ក្រោមម្លប់នៃសុខសន្តិភាព។
លោក ខូយ រីដា បានលើកឡើងបែបនេះ នៅសាលប្រជុំថ្មីរដ្ឋបាលខេត្ត ក្នុងឱកាសអញ្ជើញជាអធិបតី ពិធីបំពាក់គ្រឿងឥស្សរិយយស ជូនមន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យា ក្នុងរចនាសនម្ព័ន្ធសាលាខេត្ត, មន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្ត និងមន្ទីរអប់រំយុវជន និងកីឡាខេត្ត ដែលបានបំពេញការងារលើសពី១០ឆ្នាំ និងពុំធ្លាប់ទទួលបានគ្រឿងឥស្សរិយយស ចំនួន៨១៥នាក់។
លោក ហៀម ឃួន អភិបាលរងខេត្ត បានជម្រាបជូនថា ពិធីបំពាក់គ្រឿងឥស្សរិយយស ការងារជូនមន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យា ដែលបានបំពេញការងាររយៈពេល១០ឆ្នាំ និងពុំធ្លាប់បានទទួលគ្រឿងឥស្សរិយយស ថ្នាក់សំរិទ្ធ ជាមេដាយដំបូង ផ្តោតទៅលើក្រុមគោលដៅ ចំនួន៣ប្រភេទគឺ៖ មន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យា ក្នុងរចនាសនម្ព័ន្ធសាលាខេត្ត, មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត និងមន្ទីរអប់រំយុវជន និងកីឡាខេត្ត សរុបមានចំនួន៨១៥នាក់។ ពិធីបំពាក់នេះ ដោយផ្អែកទៅតាមការណែនាំ របស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងពិធីបិទសន្និបាត របស់ក្រសួងមុខងារសាធារណៈ កាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៥កន្លងទៅ ដោយស្នើឱ្យគ្រប់ក្រសួង ស្ថាប័ន រាជធានី ខេត្ត ធ្វើការពិនិត្យ ស្រាវជ្រាវ និងរៀបចំមន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យា ដែលបានបំពេញការងាររយៈពេល១០ឆ្នាំឡើងទៅ ដើម្បីស្នើសុំផ្តល់គ្រឿងឥស្សរិយយស ជូនជាករណីពិសេស។
លោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ បានថ្លែងនូវការកោតសរសើ ដល់មន្រ្តីរាជការ និងមន្ត្រីជាប់កិច្ចសន្យា ក្នុងរចនាសនម្ព័ន្ធសាលាខេត្ត, មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត និងមន្ទីរអប់រំយុវជន និងកីឡាខេត្តទាំងអស់ ដែលបានខិតខំប្រឹងប្រែង និងមានស្នាដៃល្អ ក្នុងការបំពេញការងារកន្លងមក ដោយឈរលើម៌ាគា គោលនយោបាយរបស់រដ្ឋាភិបាលកម្ពុជា។ ដោយពិនិត្យឃើញ ពីគុណបំណាច់របស់មន្ត្រីរាជការ មន្ត្រីជាប់កិច្ចសន្យា ដែលបានអនុវត្តការងារកន្លងមកនោះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានផ្តល់គោលការណ៍ឱ្យថ្នាក់ក្រោមជាតិ រៀបចំសំណើសុំមន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យា ដើម្បីបានទទួលគ្រឿងឥស្សរិយយស។ លោកបានបន្តថា ការលើកទឹកចិត្តនាពេលនេះ គឺពិតជាសាកសមបំផុត ដែលមន្ត្រីយើងកន្លងមកបានយកអស់នូវកម្លាំងកាយចិត្ត និងស្មារតីគ្រប់បែបយ៉ាង ក្នុងបេសកកម្មបម្រើជាតិ មាតុភូមិ ឆ្លើយតបការផ្តល់សេវាតាមមុខជំនាញរបស់ខ្លួន ប្រកបដោយជោគជ័យ ក្រោមម្លប់សុខសន្តិភាព។
លោកបានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា បាននឹងកំពុងបន្តយកចិត្តទុកដាក់ ក្នុងការអភិវឌ្ឍប្រទេសជាតិ និងកែទម្រង់ក្នុងគោលដៅបម្រើឧត្តមប្រយោជន៍ជាតិ ព្រមទាំងបានដាក់ចេញនូវវិធានការគន្លឹះ ទៅតាមវិស័យអាទិភាព និងបង្កើននូវយន្តការ ចក្ខុវិស័យ ក្នុងការដោះស្រាយបញ្ហាប្រឈម និងធានាប្រសិទ្ធិភាព ស័ក្តិសិទ្ធ ទៅនឹងសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ។ លើសពីនេះទៅទៀតរាជរដ្ឋាភិបាលកម្ពុជា បានលើកទឹកចិត្ត ចំពោះមន្ត្រីរាជការ តាមរយៈផ្តល់នូវគ្រឿងឥស្សរិយស និងការតម្លើងប្រាក់បៀរវត្សជារៀងរាល់ឆ្នាំ ទៅតាមកំណើនសេដ្ឋកិច្ចជាតិ។
ក្នុងនាមរដ្ឋបាលខេត្ត លោកសូមអបអរសាទរ និងមានសេចក្តីសង្ឃឹមជឿជាក់យ៉ាងមុតមាំថា មន្ត្រីរាជការ និងមន្ត្រីកិច្ចសន្យា ដែលទទួលបានគ្រឿងឥស្សរិយយសនាពេលនេះ នឹងខិតខំបំពេញការងារ ដើម្បីលើកកម្ពស់កិត្យានុភាព ស្របតាមយុទ្ធសាស្ត្រ របស់រាជរដ្ឋាភិបាលកម្ពុជា ដោយបានចាត់ទុកថា ខេត្តពោធិ៍សាត់ជាប៉ូលសេដ្ឋកិច្ចទី៤ ជាមូលដ្ឋានជម្រុញសេដ្ឋកិច្ចកម្ពុជា ឈានឡើងឆ្ពោះទៅប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០ និងជាប្រទេសដែលមានចំណូលខ្ពស់ នៅឆ្នាំ២០៥០។
យើងដឹងហើយថា ពាក្យ «សន្តិភាព» គឺមានតម្លៃខ្លាំងណាស់ មានសន្តិភាពទើបមានការអភិវឌ្ឍ ហើយសន្តិភាពមិនមែនបានមកដោយងាយៗនោះទេ។ ប្រសិនបើប្រទេសណាមួយមានសង្គ្រាម នោះអគារ ស្ពាន ថ្នល់ ព្រមទាំងហេដ្ឋារចនាសម្ព័ន្ធនានា ក៏ត្រូវបំផ្លិចបំផ្លាញផងដែរ សូម្បីតែប្រាក់បៀរវត្សមន្ត្រីរាជការក៏គ្មាន។ ម៉្លោះហើយបានជាពេលថ្មីៗនេះ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា សម្តេចបានខិតខំការពារបូរណភាពទឹកដី និងអធិបតេយ្យជាតិ ដោយមិនព្រងើយកន្តើយ ពីសត្រូវឈ្លានពាននោះឡើយ៕