(ភ្នំពេញ)៖ មេខ្លោងជាតិនិយមជ្រុលថៃឈ្មោះ ស៊ិនធិ លឹមថងគុល ថ្មីៗនេះបាននិយាយប្រាប់ពលរដ្ឋរបស់ខ្លួននូវមហិច្ឆតា ចង់លើកកម្លាំងកងទ័ពថៃ វាយប្រហារចូលទឹកដីកម្ពុជា ដើម្បីយកខេត្តមួយចំនួន ដូចជា បាត់ដំបង សៀមរាប បន្ទាយមានជ័យ ព្រះវិហារ និងកោះគុជ ហើយអាចរហូតដល់រាជធានីភ្នំពេញថែមទៀត។

សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍នៅថ្ងៃទី៣០ ខែមិថុនាវិញថា សម្តេចមិនតបតជាមួយពួកចោរឈ្លានពានទឹកដីទេ ប៉ុន្តែសម្តេចបានបញ្ជួនសារដាស់តឿន ដល់ជនជនរួមជាតិកម្ពុជា ដើម្បីត្រៀម ខ្លួនវាយបណ្តេញចោរឈ្លានពានទឹកដី ចេញពីកម្ពុជា។ Fresh Exclusive មានអត្ថបទស៊ីជម្រៅ៖

នៅក្នុងសម្តីបង្ហាញភាពគគ្លើន និងលទ្ធិជាតិនិយមជ្រុលរបស់ថៃ ដាក់មកលើកម្ពុជា មេខ្លោងក្រុមជ្រុលនិយមថៃ ឈ្មោះ Sinthi Limthongkul បាននិយាយជាចំហរនូវទង្វើបំពានច្បាប់ជាអន្តរជាតិ ដោយឥតអៀនខ្មាសសោះឡើយ។

បុគ្គល Sinthi Limthongkul បាននិយាយយ៉ាងងងើល នៅក្នុងខែមិថុនា ឆ្នាំ២០២៥ ថា ប្រសិនបើគាត់ជាប់ឆ្នោតដឹកនាំប្រទេស និងមានអំណាចពេញដៃ គាត់នឹងលើកកម្លាំងកងទ័ពវាយប្រហារចូលទឹកដីកម្ពុជា ដើម្បីយកខេត្តមួយចំនួនដូចជា ខេត្តបាត់ដំបង សៀមរាប បន្ទាយមានជ័យ ព្រះវិហារ និងកោះគុជ ហើយអាចរហូតដល់រាជធានីភ្នំពេញទៀតផង។

សម្ដីរបស់ Sinthi Limthongkul មិនមែនគ្រាន់តែជាសម្តីនៃមនុស្សព្រៃដែលគ្មានស្គាល់ច្បាប់ ប៉ុណ្ណោះទេ, វាគឺជាការប្រមាថដល់ប្រវត្តិសាស្ត្រផង, រំលោភច្បាប់អន្តរជាតិផង និងជាការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់សន្តិភាព និងស្ថិរភាពក្នុងតំបន់ថែមទៀត។

សម្តីរបស់ Sinthi Limthongkul បានឆ្លុះបញ្ចាំងពីផ្នត់គំនិតរបស់អ្នកនយោបាយទុច្ចរិត ដែលមិនយល់ពីប្រវត្តិសាស្ត្រអាស៊ីអាគ្នេយ៍ ឬគោរពព្រំដែនអន្តរជាតិ និងនីតិរដ្ឋឡើយ។ ព្រំដែនទឹកដីរបស់កម្ពុជាត្រូវបានទទួលស្គាល់ជាអន្តរជាតិ កំណត់ដោយស្របច្បាប់តាមរយៈសន្ធិសញ្ញាដូចជាសន្ធិសញ្ញាបារាំង-សៀមឆ្នាំ១៩០៧ និងបន្តគាំទ្រដោយស្ថាប័នពិភពលោកដូចជាតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ជាដើម។

បុគ្គល Sinthi Limthongkul ប្រហែលជាមនុស្សដែលគ្មានចំណេះដឹងអំពីប្រវត្តិសាស្ត្ររបស់ខ្លួនឯង ហើយមិនដឹងថា ជនជាតិថៃមានដើមកំណើតមកពីតំបន់ Yunnan នៃប្រទេសចិន ដែលបានចាប់ផ្តើមចំណាកស្រុកចូលមកតំបន់អាស៊ីអាគ្នេយ៍ក្នុងសតវត្សទី១២ និងទី១៣ឡើយ។ ពួកគេ បានលុកលុយ និងប្លន់យកទឹកដីរបស់ជនជាតិដើម ដើម្បីបង្កើតអាណាចក្រថៃរបស់ខ្លួនឯងជាលើកដំបូង ក្នុងគ្រិស្តសករាជឆ្នាំ១២៣៨ ដែលពេលនោះបានបង្កើតជាអាណាចក្រសុខោទ័យ (Sukhothai Kingdom)។

អ្វីទាំងនេះគឺខុសពី អាណាចក្រខ្មែរ (Khmer Empire) ដែលបានកើតឡើងនៅក្នុងសតវត្សដំបូង ក្នុងនាមអាណាចក្រ ចេនឡា ឬហ្វូណន។ ប្រវត្តិសាស្ត្រនៃអាណាចក្រខ្មែរដ៏រុងរឿង ត្រូវបានបញ្ជាក់យ៉ាងច្បាស់ តាមរយៈប្រាង្គប្រាសាទនៅអង្គរវត្ត និងអង្គរធំ ដែលបន្សល់ជាមោទនភាពនៃអរិយធម៌ខ្មែររហូតដល់សព្វថ្ងៃ។ ប្រជាជាតិភាគច្រើននៅលើសកលលោក បានទស្សនាប្រាសាទបុរាណខ្មែរទាំងនេះ ហើយទទួលស្គាល់ថា ចម្លាក់នៅលើប្រាង្គប្រាសាទលើទឹកដីកម្ពុជា គឺជាសាក្សីនៃប្រវត្តិសាស្ត្រខ្មែរ ដែលគ្មានជាតិសាសន៍ដទៃណា អាចកែកាឡៃប្រវត្តិសាស្ត្រពិតបានឡើយ។

ប៉ុន្តែ ដោយសារតែភាពបែកបាក់បង្កើតជាសង្គ្រាមផ្ទៃក្នុងរវាងខ្មែរនិងខ្មែរ, ការលុកលុយពីសំណាក់ប្រទេសជិតខាង, បរិយាបថអាណានិគម និងឧបាយកលផ្នែកការទូត ទឹកដីនៃអាណាចក្រដ៏រុងរឿងរបស់ខ្មែរ ត្រូវបានរបេះបាត់បន្តិចម្តងៗ។ ទោះជាយ៉ាងណា ប្រទេសកម្ពុជា មិនដែលយកប្រវត្តិសាស្ត្ររបស់ខ្លួនមកប្រើជាឧបករណ៍សម្រាប់សើរើ ឬបង្រ្កាបដែនដីជាតិជិតខាងឡើយ។ វាជាភស្តុតាងនៃជំហរនយោបាយសន្តិភាព និងគោរពច្បាប់អន្តរជាតិរបស់ព្រះរាជាណាចក្រកម្ពុជា។

ទំហំទឹកដីបច្ចុប្បន្ននេះ ត្រូវបានទទួលស្គាល់ បន្ទាប់ពីកម្ពុជាទទួលបានឯករាជ្យនៅឆ្នាំ១៩៥៣ ។ ព្រំដែនភាគច្រើនផ្អែកលើផែនទីខ្នាត 1/100,000 ដែលរៀបចំក្នុងសម័យអាណានិគមបារាំង ដែលកម្ពុជាបន្តប្រើប្រាស់ជាឯកសារយោងផ្លូវច្បាប់។ ព្រំដែននៃប្រទេសកម្ពុជានេះ ត្រូវបានអន្តរជាតិទទួលស្គាល់តាំងពីពេលនោះមក និងបង្កើតជាមូលដ្ឋានច្បាប់សម្រាប់បូរណភាពទឹកដីកម្ពុជា។

យោងតាមសន្ធិសញ្ញារវាង បារាំង និងសៀម ឆ្នាំ១៩០៧ ទឹកដីខ្មែរដែលត្រូវបានសៀមកាន់កាប់ដោយខុសច្បាប់រយៈពេលជាងមួយសតវត្ស បានត្រឡប់មកជាផ្លូវការក្រោមអធិបតេយ្យរបស់កម្ពុជាវិញ។ ក្នុងចំណោមទឹកដីទាំងនេះ រួមមានខេត្តបាត់ដំបង ខេត្តសៀមរាប ខេត្តបន្ទាយមានជ័យ និងតំបន់ជាប់ពាក់ពន្ធច្រើនទៀត។ ការអះអាងរបស់ក្រុមជាតិនិយមជ្រុលរបស់ថៃ ដែលថាខេត្តខ្មែរមួយចំនួនគឺជារបស់ថៃនោះ គឺ ជាទង្វើរំលោភលើអង្គហេតុប្រវត្តិសាស្ត្រ និងកិច្ចព្រមព្រៀងអន្តរជាតិ។

សម្ដេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា និងជារដ្ឋបុរសជាទីគោរពដ៏ខ្ពង់ខ្ពស់របស់ប្រជាជាតិខ្មែរ ក្រោយការឃើញសម្តីញុះញង់របស់ក្រុមជាតិនិយមជ្រុលរបស់ថៃ បានសរសេរសារតាមបណ្តាញសង្គម ដាស់តឿនដល់ពលរដ្ឋខ្មែរត្រូវមើលនូវបំណងអាក្រក់របស់បរទេសដែលនៅតែចិញ្ចឹមចិត្ត និងមហិច្ឆតាចង់បានទឹកដីកម្ពុជា។ សម្តេចតេជោ បានថ្លែងតាមបណ្តាញសង្គមបញ្ជាក់ថា៖ «ខ្ញុំមិនតបតជាមួយពួកចោរឈ្លានពានទឹកដីទេ ប៉ុន្តែនេះជាសារដាស់តឿន ដល់បងប្អូនជនរួមជាតិកម្ពុជាដើម្បីត្រៀម ខ្លួនវាយចោរឈ្លានពានទឹកដី»

សាររបស់សម្តេចតេជោ បានសរសេរថា៖ «សម្តីបែបនេះរបស់អ្នកនយោបាយជ្រុលនិយមថៃ បង្ហាញយ៉ាងច្បាស់អំពីការចិញ្ចឹមចិត្ត និងមហិច្ឆតាចង់បានទឹកដីរបស់កម្ពុជា ដូច្នេះហើយខ្ញុំសូមប្រកាសឲ្យជនរួមជាតិខ្មែរយើងទាំងអស់ ត្រូវរួបរួមគ្នាជាចលនាជាតិនិយមតែមួយ ដោយប្រុងប្រយ័ត្នជាប់ជានិច្ច ត្រូវត្រៀមខ្លួនជាប់ជានិច្ច ដើម្បីទប់ទល់ប្រឆាំងវៃបំបាក់ឧបាយកលដ៏សែនខ្មៅកខ្វក់របស់ថៃ ដែលចិញ្ចឹមចិត្ត និងមហិច្ឆតាចង់លេបទឹកដីខេត្តមួយចំនួនរបស់កម្ពុជា»

សាររបស់សម្តេចតេជោសែន បានបន្តថា៖ «ដោយចរិតឈ្លានពានបែបនេះ ទើបយើងត្រូវពង្រឹងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ត្រូវពង្រឹងខឿនការពារជាតិរបស់ប្រជាជន ត្រូវខិតខំចរចា ដើម្បីបោះបង្គោលព្រំដែនជាមួយថៃឲ្យបានឆាប់។ យើងត្រូវត្រៀមខ្លួនតស៊ូរយៈពេលវែងតាមផ្លូវយោធា នយោបាយ ការទូត និងផ្លូវច្បាប់។ ដរាបណាមិនទាន់មានការបោះបង្គោលព្រំដែនរួចរាល់ លទ្ធភាពប៉ះទង្គិចខាងយោធា ឬសង្គ្រាមតាមព្រំដែនងាយនឹងកើតឡើង និងពិបាកជៀសផុត»។

សារតាមបណ្តាញសង្គមរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន គឺជាសារដ៏មានអនុភាពមួយបង្ហាញប្រាប់ប្រជាពលរដ្ឋខ្មែរ និងបណ្តាប្រទេសលើសកលលោកថា កម្ពុជាជាប្រទេសដែលស្រឡាញ់សន្តិភាព ប៉ុន្តែសន្តិភាព មិនមែនមានន័យថា កម្ពុជាលះបង់សិទ្ធិម្ចាស់ការ ឬភ្លេចភារកិច្ចក្នុងការការពារអធិបតេយ្យភាពជាតិរបស់ខ្លួននោះទេ។ ជំហររបស់កម្ពុជានៅពេលបច្ចុប្បន្ននេះ មានភាពច្បាស់លាស់ ប្រសិនបើសន្តិភាពត្រូវបានរំលោភ កម្ពុជានឹងឆ្លើយតបយ៉ាងខ្លាំងក្លាទៅវិញចំពោះកម្លាំងណាដែលបំពាន និងបំផ្លាញសន្តិភាពរបស់ខ្មែរ។ ប្រជាជាតិកម្ពុជា នឹងមិននៅស្ងៀមស្ងាត់ បណ្តោយឱ្យអ្នកដទៃរំលោភលើទឹកដីដ៏ដ៏ស័ក្តិសិទ្ធិរបស់ខ្មែរ ដែលជាកេរ្តិ៍មរតកបន្សល់ទុកមកពីបុព្វបុរសរបស់ខ្លួនបានឡើយ។

ទង្វើរបស់ Sinthi Limthongkul គឺជាទង្វើដែលឆ្លងហួសគំនូសក្រហមនៃទំនាក់ទំនងរវាងប្រទេសនៃកិច្ចសហប្រតិបត្តិការអាស៊ានហើយ។ សេចក្តីថ្លែងការណ៍របស់ Sinthi Limthongkul គឺជាការបង្ហាញពីផ្នត់គំនិតដ៏គ្រោះថ្នាក់មួយ និងកំពុងរុញឱ្យទង្វើជ្រុលនិយមថៃផ្ទុះឡើង ជាសង្គ្រាម ក្នុងបំណងធ្វើឱ្យតំបន់ទាំងមូលមានអស្ថិរភាព។

កម្ពុជាសព្វថ្ងៃនេះ មិនមែនជាកម្ពុជា នៃសតវត្សពីអតីតកាលដែលថៃអាចឈ្លានពាននិងលេបយកទឹកដីស្រេចតែនឹងចិត្តទៀតនោះឡើយ។ កម្ពុជាបច្ចុប្បន្នក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាអគ្គមគ្គុទេសក៍ និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃរាជរដ្ឋាភិបាលអាណ្ណត្តិទី៧ គឺជាប្រទេសឯករាជ្យ និងមានអធិបតេយ្យពេញលេញបរិបូរណ៍ ជាមួយនឹងកងទ័ពអាជីព និងមានគ្រឿងសព្វាវុធទំនើប និងជាពិសេសមានស្មារតីជាតិដ៏រឹងមាំ ដែលគ្មានសត្រូវណាអាចបំបែកបំបាក់បានឡើយ។

ថៃមិនអាចប្រើដៃកខ្វក់ ឬដៃចោររបស់ខ្លួន ប្រព្រឹត្តអំពើឈ្លានពានលើទឹកដីកម្ពុជា បានទៀតឡើយ, ហើយថៃក៏មិនអាចលុបបំបាត់សេចក្ដីពិតនៃប្រវត្តិសាស្ត្រខ្មែរ ឬលុបប្រទេសកម្ពុជាចេញពីផែនទីពិភពលោកបានដែរ។ ពេលនេះ គឺជាពេលវេលាដ៏សមស្រប សម្រាប់ប្រជាជនកម្ពុជាទាំងមូល មិនថាមនុស្សវ័យក្មេង ឬមនុស្សវ័យចាស់ ឬមិនថាជនជាតិខ្មែររស់ក្នុង និងនៅក្រៅប្រទេសឡើយ ដែលខ្មែរត្រូវរួបរួមគ្នាជាឯកច្ឆន្ទ ក្រោមទង់ជាតិខ្មែរតែមួយ ដើម្បីប្រឆាំងនឹងទង្វើឈ្លានពានរបស់បរទេស និងយើងត្រូវរួមគ្នាបំបាក់សម្តីឆ្កួតឡប់ និងវង្វេងប្រវត្តិសាស្ត្ររបស់បុគ្គល Sinthi Limthongkul។

យើងប្រហែលជាជាប្រទេសតូចមែន ប៉ុន្តែយើង មិនមែនជាប្រទេសទន់ខ្សោយឡើយ។ ការការពារទឹកដី ការពារជាតិ គឺជាការការពារខ្លួនឯង…យើងត្រូវត្រៀមខ្លួន និងប្រើប្រាស់គ្រប់វិធីសាស្ត្រចាប់ពីយុទ្ធសាស្ត្រនយោបាយ ការទូត ការពារជាតិ ដល់ច្បាប់អន្តរជាតិ ដើម្បីការរក្សាទឹកដីនិងអត្តសញ្ញាណខ្មែរ។

ទឹកដីកម្ពុជា មិនមែនជាសម្បត្តិសាធារណៈសម្រាប់ប្រទេសណាមួយ ដែលអាចចូលមករំលោភតាមតែចិត្តបានឡើយ។ ព្រះរាជាណាចក្រកម្ពុជា នឹងមិនអនុញ្ញាតឱ្យបរទេសណាមួយឈ្លានពាន ឬបំផ្លាញសតិអារម្មណ៍ជាតិខ្មែរ ព្រមទាំងលុបបំបាត់អត្តសញ្ញាណខ្មែរពីផែនទីពិភពលោកឡើយ។

ជាក់ស្តែង សម្តីឆ្កួតឡប់ និងវង្វេងប្រវត្តិសាស្ត្ររបស់បុគ្គល Sinthi Limthongkul មិនត្រឹមតែជាឃ្លាដែលមិនសមនឹងមនុស្សមានអនុភាពនយោបាយទេ ប៉ុន្តែគឺជាភាពអាស្រូវសម្រាប់ប្រទេសថៃផ្ទាល់ ដែលតែងអួតអាងថា ជាប្រទេសស៊ីវិល័យ។ ពាក្យបែបនេះ មិនបានបង្កើនកេរ្តិ៍ឈ្មោះ ឬការគោរពពីសហគមន៍អន្តរជាតិនោះឡើយ ផ្ទុយទៅវិញវាជាអំពើអសីលធម៌នយោបាយបំបាក់កេរ្តិ៍ឈ្មោះនៃកិត្តិយសរបស់ប្រទេសថៃ ជាប្រទេសអនាធិបតេយ្យ និងប្រទេសដែលប្រឆាំងនឹងគោលការណ៍សន្តិភាពរបស់តំបន់និងសកលលោក៕