(កោះកុង)៖ គិតត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥នេះ ពលករខ្មែរដែលទើបត្រឡប់ពីប្រទេសថៃចំនួន ៨៣រូប ទទួលបានការងារធ្វើភ្លាមៗនៅខេត្តកោះកុងក្រោមការសម្របសម្រួលពីមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈដែលរួមមាន ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) មន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ខេត្តកោះកុង និងមន្ត្រីពាក់ព័ន្ធផ្សេងទៀត ក៏ដូចជាអាជ្ញាធរខេត្តកោះកុងផងដែរ។ នេះបើតាមការបញ្ជាក់ពីលោក យក់ សង្វាត ប្រធានមន្ទីរខេត្តកោះកុងនៅថ្ងៃទី៣០ ខែមិថុនានេះ។
លោកបន្តថា ក្នុងចំណោមបងប្អូនពលករខ្មែរទាំង ៨៣នាក់នោះមានស្ត្រីចំនួន ២៩នាក់បាននិងកំពុងបម្រើការងារនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស កោះកុង ចេជាង និងតំបន់សេដ្ឋកិច្ចពិសេស-កោះកុង ក្នុងខេត្តកោះកុងក្នុងផ្នែកឧស្សាហកម្ម និងកសិកម្ម។
ជាមួយគ្នានេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សូមអំពាវនាវទៅដល់ប្រជាពលរដ្ឋ ជាពិសេសបងប្អូនពលករខ្មែរដែលបានវិលត្រឡប់ពីប្រទេសថៃវិញ ក៏ដូចជាមានបំណងវិលមកស្រុកកំណើតវិញ សូមទាក់ទង និងចូលសាកសួរព័ត៌មាននៅមណ្ឌលសំចត ឬកន្លែងទទួលពលករនៅតាមច្រកព្រំដែនកម្ពុជា-ថៃដើម្បីទទួលបានឱកាសការងារដ៏ច្រើនសន្ធឹកសន្ធាប់នៅកម្ពុជា ក៏ដូចជាការបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈដោយឥតគិតថ្លៃ និងអត្ថប្រយោជន៍នៃបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) ដែលជាការគិតគូររបស់រាជរដ្ឋាភិបាលខណៈដែលកម្ពុជាកំពុងត្រូវការកម្លាំងពលកម្មប្រមាណជាង២៥ម៉ឺននាក់បន្ថែម៕