(ភ្នំពេញ)៖ លោក កែវ ផល នាយកសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ រួមទាំងលោក ព្រំ ឆដា អភិបាលរងស្រុកស្ទោង ព្រមទាំងមន្ត្រីក្រុមប្រតិបត្តិ និងមន្ត្រីប្រចាំការអនុសាខា នៅព្រឹកថ្ងៃទី៣០ ខែមិថុនាឆ្នាំ២០២៥ បានចុះផ្សព្វផ្សាយស្តីពី «រួមគ្នាស្ម័គ្រចិត្ត ដើម្បីសហគមន៍មានសុខភាពល្អ និងមានភាពធន់នឹងអាកាសធាតុ» ជូនដល់ទីប្រឹក្សា និងយុវជនកាកបាទក្រហមកម្ពុជា សិស្សានុសិស្សសរុបចំនួន ៩១០នាក់ ស្រីចំនួន ៥៦៩នាក់ នៅក្នុងវិទ្យាល័យរុងរឿង ស្រុកស្ទោង ខេត្តកំពង់ធំ។
ឆ្លៀតក្នុងឱកាសនេះ លោកនាយកបានពាំនាំនៅប្រសាសន៍ផ្ដាំផ្ញើសាកសួរសុខទុកពីចម្ងាយអំពីសំណាក់ លោក នួន ផារ័ត្ន ប្រធានគណៈកម្មាធិការកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ ជូនដល់ថ្នាក់ដឹកនាំ លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្ស ដែលបានចូលរួមក្នុងកម្មវិធី។
កម្មវិធីនេះគឺធ្វើឡើងដើម្បីឱ្យយុវជនកាកបាទក្រហមកម្ពុជា និសិស្សានុសិស្សទាំងអស់យល់ដឹងអំពីជំងឺឆ្លង និងជំងឺមិនឆ្លងដែលប្រទេសកម្ពុជាយើងបច្ចុប្បន្នកំពុងមានការព្រួយបារម្ភជាខ្លាំង និងតម្រូវឲ្យប្អូនៗទាំងអស់ចូលរួមទប់ស្កាត់និងការពារផ្ដោតទៅលើជំងឺឆ្លងដូចជាជំងឺកូវីដ១៩ ,ជំងឺអេដស៍ ជំងឺរបេង ដែលកំពុងបន្តកើតជារៀងរាល់ថ្ងៃ។
ជាពិសេសដើម្បីអបអរសាទរខួបទី១៦២ ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ២០២៥ ក្រោមមូលបទ «រួមគ្នាស្ម័គ្រចិត្តដើម្បីសហគមន៍មានសុខភាពល្អ និងមានភាពធន់និងអាកាសធាតុ» និងគម្របខួប៧០ ឆ្នាំ របស់កាកបាទក្រហមកម្ពុជា។
ជាងនេះទៅទៀតលោក កែវ ផល បានគូសបញ្ជាក់ថា «ដើម្បីឲ្យសហគមន៍មានសុខភាពល្អយើងត្រូវដឹងអំពីជំងឺដែលមិនឆ្លង ៤ ប្រភេទធំៗ ដែលកំពុងតែកើតមានឡើងជារៀងរាល់ថ្ងៃមានដូចជា៖ ជំងឺមហារីក ជំងឺទឹកនោមផ្អែម ជំងឺលើសឈាមជំងឺផ្លូវដង្ហើមរ៉ាំរ៉ៃ ដែលវាកើតឡើងតាមរបបអាហារប្រចាំថ្ងៃ ផ្អែម ប្រៃ និងខ្លាញ់ជាដើម។ស្របតាមទិសស្លោក"ស្រឡាញ់ខ្លួនស្ងួនចំណី»។
ក្នុងនោះដើម្បីឲ្យសហគមន៍មានភាពធន់និងអាកាសធាតុគឺត្រូវ៖
*ចូលរួមកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក
*ចូលរួមដាំកូនឈើនៅតាមទីសាធារណៈ
*មិនដុតឬកប់សំបកដបជ័រក្នុងដី
ជាមួយគ្នានោះលោកក៏បានផ្សព្វផ្សាយបន្ថែមអំពីវិធានការការពារជំងឺគ្រុនឈាម ការជួយសង្គ្រោះបឋម ព្រមទាំងសុវត្ថិភាពចរាចរណ៍ផ្លូវគោក និងបរិយាប័ន្នផងដែរ៕