(ភ្នំពេញ)៖ មជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» (ម.ធ.ត.) នាថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ បានរៀបចំ «ថ្ងៃបទបង្ហាញសាធារណៈ» ដែលជាវគ្គផ្តាច់ព្រ័ត្រនៃកម្មវិធីពន្លឿនអាជីវកម្មថ្នាលឌីជីថលរដូវកាលទី ៤ ក្រោមអធិបតីភាពលោកបណ្ឌិត តាំង ងួនលី នាយកប្រតិបត្តិមជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី «តេជោ» អមជាមួយវត្តមានរបស់អ្នកតំណាងនៃដៃគូសហការជាច្រើនរួមមាន មូលនិធិអភិវឌ្ឍន៍សហគ្រិនភាព, សហគ្រិនខ្មែរ, ធនាគារ វីង និងភ្ញៀវកិត្តិយសជាច្រើនរូបទៀតផងដែរ។

កម្មវិធីពន្លឿនអាជីវកម្មថ្នាលឌីជីថល គឺជាកម្មវិធីដែលរៀបចំឡើងក្នុងរយៈពេល ៣ខែ ដើម្បីផ្តល់ការគាំទ្រដល់ក្រុមធុរកិច្ចថ្មីដែលអាចបង្កើតដំណោះស្រាយឌីជីថល ឬ ថ្នាលឌីជីថលដែលអាចឆ្លើយតប​នឹងតម្រូវការទីផ្សារ និងជាពិសេសតម្រូវការរបស់សហគ្រាសធុនមីក្រូ តូច និង មធ្យម។ កម្មវិធីពន្លឿនអាជីវកម្មនេះផ្ដល់ការគាំទ្ររយៈពេល ១២ សប្តាហ៍ដែលរួមមានការបណ្ដុះបណ្ដាល, ការតម្រង់ទិស និង ការគាំទ្រហេដ្ឋារចនាសម្ព័ន្ធបន្ថែម។

ជាពិសេសទៀតធុរកិច្ចថ្មីក៏អាចភ្ជាប់បណ្ដាញទំនាក់ទំនងជាមួយដៃគូសហការក្នុងប្រទេស និងថ្នាក់តំបន់ផងដែរ ក្នុងគោលដៅជំរុញឱ្យធុរកិច្ចថ្មីអាចដាក់ដំណើរការផលិតផលរបស់ខ្លួនទីផ្សារ ក៏ដូចជាអាចបង្កើនគុណភាព​នៃផលិតផលឌីជីថលកាន់តែមានប្រសិទ្ធភាពបន្ថែមទៀត។

កម្មវិធីបានទទួលបានពាក្យស្នើសុំរហូតដល់ទៅ ៦១ ហើយបន្ទាប់ពីការសម្រាំងយ៉ាងលម្អិតក្នុងវគ្គដំបូង, ធុរកិច្ចថ្មីចំនួន១០ ក្រុមត្រូវបានជ្រើសរើសឱ្យចូលរួមក្នុងកម្មវិធីនេះ។ យ៉ាងណាមិញក្រោយពីការ​ជម្រុះក្នុងវគ្គ​បុរេ​ពន្លឿនអាជីវកម្ម, កម្មវិធីបានជ្រើសរើសធុរកិច្ចថ្មីចំនួន៧ ឱ្យធ្វើបទបង្ហាញទៅកាន់គណកម្មការក្នុងថ្ងៃបទបង្ហាញវាយតម្លៃ នាថ្ងៃទី២០ ខែមិថុនា ឆ្នាំ ២០២៥។ ដោយធុរកិច្ចថ្មីទាំង៧ ក្រុមចុងក្រោយ រួមមាន BeOne HR, Bomnorng Digital, Digi-Lab, Espass, TosTov, Niyai និង Point Hub។ ជាលទ្ធផល ធុរកិច្ចថ្មីចំនួន៥ បានទទួលទុនវិនិយោគដែលមិនយកភាគហ៊ុន (Equity-free Investments) ពីកម្មវិធី។

ក្នុង«ថ្ងៃបទបង្ហាញសាធារណៈ» ក្រុមធុរកិច្ចថ្មីឆ្នើមទាំង ៥ ក្រុមបានទទួលនូវទុនវិនិយោគដែលមិនយកភាគហ៊ុនសរុបជាទឹកប្រាក់ចំនួន ១២០ លានរៀលពីកម្មវិធី ដោយក្នុងនោះរួមមាន៖

១៖ ធុរកិច្ចថ្មី Point Hub បានទទួល Top Performance Award ដែលនឹងទទួលបានទុនចំនួន ៤០ លានរៀល ព្រមជាមួយនឹងការចូលរួមក្នុងកម្មវិធី Regional Exhibition ក្នុងខែ សីហា ឆ្នាំ ២០២៥
២៖ ធុរកិច្ចថ្មី Espass បានទទួល Excellence Award ដែលនឹងទទួលបានទុនចំនួន ៣០ លានរៀល ព្រមជាមួយនឹងការចូលរួមក្នុងកម្មវិធី Regional Exhibition ក្នុងខែ សីហា ឆ្នាំ ២០២៥
៣៖ ធុរកិច្ចថ្មី Digi-Lab និងធុរកិច្ចថ្មី BeOne HR បានទទួល Merit Award ដែលនឹងទទួលបានទុន ២០លានរៀល ក្នុងមួយក្រុម ព្រមជាមួយនឹងការចូលរួមក្នុងកម្មវិធី Regional Exhibition ក្នុងខែ សីហា ឆ្នាំ ២០២៥
៤៖ ធុរកិច្ចថ្មី Bomnorng Digital បានទទួល Honorable Mention ដែលនឹងទទួលបានទុនចំនួន ១០ លានរៀល ព្រមជាមួយនឹងការចូលរួមក្នុងកម្មវិធី Regional Exhibition ក្នុងខែ សីហា ឆ្នាំ ២០២៥ ផងដែរ។

គួរបញ្ជាក់ផងដែរថា កម្មវិធីពន្លឿនអាជីវកម្មថ្នាលឌីជីថលរដូវកាលទី៤ ត្រូវបានរៀបចំឡើងដោយ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រួមជាមួយមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី«តេជោ» ដោយមានការសហការរៀបចំដោយ ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និង នវានុវត្តន៍, សហគ្រិនខ្មែរ, រួមជាមួយ មូលនិធិអភិវឌ្ឍន៍សហគ្រិនភាព ហើយក៏មានការឧបត្ថម្ភពីដៃគូរផ្សេងៗទៀត៕