(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងថា ការអនុវត្តវិធានការបិទព្រំដែន មិនមែនចាប់ផ្តើមដោយកម្ពុជានោះឡើយ គឺថៃជាអ្នកចាប់ផ្តើម។ ថៃជាអ្នកបិទដោយឯកតោភាគី ដូច្នេះបើកដោយខ្លួនឯងទៅ ហើយបើថៃបើកវិញ កម្ពុជាបើកវិញដែរ ក្នុងរយៈពេល ៥ម៉ោង។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងបែបនេះ ក្នុងឱកាសអញ្ជើញប្រារព្ធទិវាមច្ឆជាតិ និងលែងកូនត្រី ១.៥លានក្បាល ចូលបឹងទន្លេបាទី នៅថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៥។

សម្តេចមហាបវរធិបតី បានបញ្ជាក់យ៉ាងដូច្នេះ «ខ្ញុំម្សិលមិញហួសចិត្ត។ គេថា ភាគីថៃបើកហើយ តែភាគីកម្ពុជាមិនបើក អីចឹងប្រជាពលរដ្ឋដែលរងវេទនាដោយសារការបិទច្រកនេះបន្ទោសកម្ពុជាទៅ។ ទៅជាខុសកម្ពុជាវិញ។ គេរកវិធីចាប់ទោសកម្ពុជាទាល់តែបាន។ ដោយសារអី? ពេលថ្ងៃទី២៤ ខែមិថុនា កម្ពុជាប្រកាសហើយ ថាបើយើងបិទជាអចិន្ត្រៃយ៍រហូតដល់ស្ថានភាព​ ដូចមុនថ្ងៃទី៧ ខែមិថុនា»

សម្រាប់ប្រជាពលរដ្ឋខ្មែរ និងថៃ ដែលប៉ះពាល់ដោយសាររឿងបិទនេះ សម្តេចស្នើសូមឲ្យយោគយល់ មិនមែនកម្ពុជាជាអ្នកចាប់ផ្តើមទេ ហើយសោរក៏មិនមែននៅកម្ពុជាដែរ។ សម្តេចបានបន្តថា កម្ពុជា មិនមែនជាអ្នកលេងល្បែងនេះទេ ហើយមិនគិតថា នេះជាល្បែងទេ ខណៈវិធានការបែបនេះ គឺប៉ះពាល់ពលរដ្ឋទាំងសងខាង ដែលថៃចាប់ផ្តើម កម្ពុជាត្រូវឆ្លើយតប។

កាលថ្ងៃទី២៤ ខែមិថុនា ប្រមុខរដ្ឋាភិបាលថៃចេញមកថាបិទព្រំដែន ហើយថ្ងៃទី២៥ ខែមិថុនា គេទាញទ្វារបិទ ខណៈល្ងាចឡើង អ្នកនាំពាក្យរដ្ឋាភិបាលថៃថាគេអត់បិទទេ។ ប៉ុន្តែខាងព័ត៌មានពិភពលោក គេផ្សាយព្រោងព្រាតជាសាក្ស៊ីថា ថៃបានបិទហើយ។ បន្ទាប់មក ខាងយោធាថៃនៅព្រំដែនក៏បើកទ្វារព្រំដែន ប៉ុន្តែមិនឲ្យយានយន្តចេញ និងមិនឲ្យមនុស្សចេញនិងចូល ដោយគេគ្រាន់តែលេងល្បែងលម្អ។

សម្តេចមហាបវរធិបតី បានបញ្ជាក់ថា «កម្ពុជាមិនមែនជាអ្នកចាប់ផ្តើមទេ ហើយកម្ពុជាអាចកំដររឿងនេះរហូត។ រឿងនេះ គឺសោរនៅភាគីថៃ ចាក់សោរបើកជាឯកតោភាគី ប្រកាសថានឹងបើកដូចមុនស្ថានភាព ថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៥ ហើយនឹងមិនមានការបើកនិងបិទ យកច្រកព្រំដែនជាគំនាបសេដ្ឋកិច្ចសម្រាប់ធ្វើវិធានការនយោបាយហ្នឹងទៀតទេ ទុកឲ្យប្រជាជនរស់នៅបានសេចក្តីសុខទៅ ហើយធានច្បាស់លាស់អីចឹង ៥ម៉ោងក្រោយ យើងបើកទៅវិញ ដោយសារយើងមានឆន្ទៈ មិនមានការធ្វើបាបប្រជាពលរខ្មែរនិងថៃ នៅតាមព្រំដែននោះទេ។ នេះជាការពិត ហើយជំហរយើងឲ្យច្បាស់»

សូមជម្រាបថា នៅព្រឹកថ្ងៃអាទិត្យ ទី២៩ ខែមិថុនា ឆ្នាំ២០២៥ អាជ្ញាធរមានសមត្ថកិច្ចរបស់កម្ពុជាបានទទួលពត៌មានពីភាគីថៃនៅខេត្តស្រះកែវ ពាក់ព័ន្ធនឹងការស្នើសុំឱ្យមានការបើកច្រកព្រំដែនកម្ពុជា-ថៃមួយចំនួន និងអនុញ្ញាតឲ្យរថយន្តដឹកទំនិញចេញ-ចូល ដើម្បីបន្ធូរការប៉ះពាល់ដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។

សម្តេចមហាបវរធិបតី បានបញ្ជាក់ទៅប្រជាពលរដ្ឋទាំងពីរប្រទេសយ៉ាងដូច្នេះថា៖

*១. កម្ពុជាយល់ច្បាស់អំពីការលំបាករបស់ប្រជាពលរដ្ឋទាំងខាងកម្ពុជា ទាំងខាងថៃ ដែលរងផលប៉ះពាល់ពីការបិទច្រកព្រំដែន។ ហេតុដូច្នេះហើយ បានជាកម្ពុជាមិនបានប្រើប្រាស់វិធានការបិទច្រកព្រំដែននេះមុនទេ ចាប់តាំងពីមានបញ្ហានៅតំបន់មុំបីកាលពីចុងខែឧសភា ឆ្នាំ២០២៥ ព្រោះយើងមិនមានបំណងពង្រីកភូមិសាស្ត្រដែលមានវិវាទ ឬបង្កបញ្ហាដែលនាំឲ្យប៉ះពាល់ដល់ការធ្វើដំណើរនិងការធ្វើពាណិជ្ជកម្ម របស់ប្រជាជនថៃនិងខ្មែរតាមបណ្ដោយព្រំដែនទេ។

*២. កម្ពុជាមិនមែនជាអ្នកចាប់ផ្តើមធ្វើការបិទ-បើកច្រកព្រំដែនជាឯកតោភាគីនោះទេ។ កងទ័ពថៃបានចាប់ផ្តើមធ្វើការបិទច្រកព្រំដែន កែសម្រួលម៉ោងបិទ-បើក និងកំណត់លក្ខណ្ឌកម្រិតការធ្វើដំណើរចេញ-ចូល របស់ប្រជាពលរដ្ឋជាឯកតោភាគី ចាប់តាំងពីថ្ងៃទី៧ មិថុនា ២០២៥។ មិនតែប៉ុណ្ណោះ កងទ័ពថៃបានបន្តធ្វើការកែប្រែម៉ោងបិទ-បើកជាឯកតោភាគី នៅតាមបណ្តាច្រកព្រំដែនមួយចំនួន រហូតដល់ថ្ងៃទី២៤ មិថុនា ឆ្នាំ២០២៥ ដែលរាជរដ្ឋាភិបាលថៃបានប្រកាសបិទច្រកទាំងអស់ក្រោមហេតុផលនៃបញ្ហាអសន្តិសុខ។

*៣. ភាពមិនច្បាស់លាស់ និងការប្រែក្រឡាស់ភ្លាមៗមិនពិតប្រាកដនៃជំហរនយោបាយរបស់រាជរដ្ឋាភិបាលថៃ រួមជាមួយភាពមិនស៊ីចង្វាក់គ្នារវាងគោលការណ៍ដែលថ្នាក់ដឹកនាំនយោបាយថៃបានដាក់ចេញ និងការអនុវត្តជាក់ស្ដែងនៅលើដីដោយកងទ័ពថៃ បានបង្កជាឧបសគ្គសម្រាប់ការស្វែងរកដំណោះស្រាយណាមួយដែលមានភាពច្បាស់លាស់ ពិតប្រាកដនិងយូរអង្វែង។

*៤. ដូចដែលសម្តេចបានបញ្ជាក់ជាច្រើនដងរួចមកហើយថា ដំណោះស្រាយពាក់ព័ន្ធជាមួយនឹងការបិទច្រកព្រំដែននេះ គឺងាយស្រួលដោះស្រាយទេ បើសិនជាភាគីថៃដែលបានចាប់ផ្ដើមដាក់វិធានការបិទច្រកព្រំដែនជាឯកតោភាគីពីថ្ងៃទី ៧ មិថុនាកន្លងទៅនេះ ធ្វើការបើកច្រកព្រំដែនអោយដូចស្ថានភាពដើមជាឯកតោភាគីវិញនោះ និងផ្ដល់ការធានាច្បាស់លាស់ថា នឹងមិនមានការបិទ-បើកជាឯកតាគីទៀតនោះ គឺជាការស្រេច។ កម្ពុជានឹងបើកច្រកព្រំដែនខាងកម្ពុជាយ៉ាងយូរ ៥ម៉ោងក្រោយពីនោះ។ និយាយឱ្យខ្លី គឺកូនសោរស្ថិតនៅក្នុងដៃរបស់ភាគីថៃហើយ។

ហេតុដូច្នេះ ចំពោះអាជ្ញាធរថៃក៏ដូចជាប្រជាជនថៃ ដែលមានបំណងចង់ឲ្យមានការបើកច្រកព្រំដែនកម្ពុជា-ថៃ ឡើងវិញនោះ មិនចាំបាច់ស្នើមកកម្ពុជានោះទេ។ សូមស្នើទៅអ្នកដែលមានអំណាចពិតប្រាកដនៅប្រទេសថៃ (មិនថាជាកងទ័ព ឬអ្នកណានោះទេ) ឱ្យបើកច្រកព្រំដែនឲ្យមានស្ថានភាពប្រក្រតីឡើងវិញដូចមុនថ្ងៃទី៧ មិថុនា ឆ្នាំ២០២៥ និងផ្ដល់ការធានាច្បាស់លាស់ថា នឹងមិនមានការបិទ-បើកជាឯកតាគីទៀតនោះ គឺជាការស្រេច។ អ្វីៗនឹងត្រឡប់ទៅដំណើរការជាប្រក្រតីដូចមុនវិញហើយ។

នាឱកាសនោះដែរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការបិទព្រំដែនជាមួយថៃ មិនធ្វើឱ្យប៉ះពាល់សន្តិសុខស្បៀងនោះឡើយ ហើយក៏ធានាបានការដោះស្រាយទីផ្សារសម្រាប់ទំនិញរបស់កម្ពុជាផងដែរ។​ ភាពម្ចាស់ការលើសន្តិសុខស្បៀង ក្នុងពេលកម្ពុជាជួបការលំបាកដូចជាការរាតត្បាតជំងឺកូវីដ១៩ និងពេលបិទព្រំដែនជាមួយថៃ បង្ហាញពីភាពត្រឹមត្រូវនៃគោលនយោបាយកសិកម្មរបស់កម្ពុជា។

បើតាមប្រសាសន៍សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត រឿងបិទបើកព្រំដែននេះ កម្ពុជា មិនដឹងនិយាយជាមួយតួអង្គណានោះទេ ព្រោះនៅថៃមានច្រើនតួអង្គពេក។ កម្ពុជាអត់លេងបិទពួនជាមួយថៃនោះទេ។ កម្ពុជាសំឡេងតែមួយពីលើដល់ក្រោម។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កម្ពុជារង់ចាំអ្នកមានអំណាចពិតប្រាកដនៅក្នុងប្រទេសថៃ ដើម្បីជជែកលើបញ្ហាព្រំដែនជាមួយគ្នា។

ស្របពេលជាមួយគ្នានេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់គាំទ្រផលិតផលរបស់ខ្មែរជារៀងរហូត សូមឲ្យស្មារតីជាតិនិយម ស្ថិតស្ថេរជារឿងរហូត។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ថ្លែងអំណរគុណដល់កងទ័ពទាំងអស់ ដែលបានលះបង់ដើម្បីបុព្វហេតុជាតិ និងប្រជាជន។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ថ្លែងអំណរគុណដល់ប្រជាពលរដ្ឋខ្មែរគ្រប់រូប ដែលបានគាំទ្រផ្នែកស្មារតីយ៉ាងផុលផុស ដើម្បីការពារផលប្រយោជន៍ជាតិ៕