(តាកែវ)៖ ថ្លែងចេញពីទឹកដីនៃខេត្ដតាកែវ នៅថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៥នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានលើកឡើងថា មានប្រជាពលរដ្ឋនៅជាមួយ គឺធ្វើឱ្យការដឹកនាំកាន់តែរឹងមាំ ជាពិសេសដោះស្រាយលើបញ្ហាប្រឈម ដែលនេះជាកត្តាសត្យានុម័ត។
ការលើកឡើងបែបនេះ ធ្វើឡើងក្នុងឱកាស ដែលសម្តេចបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីប្រារព្ធទិវាមច្ឆជាតិ និងលែងកូនត្រីប្រមាណ ១.៥លានក្បាល ចូលបឹងទន្លេបាទី ស្ថិតក្នុងភូមិថ្នល់ទក្សិណ ឃុំក្រាំងធ្នង់ ស្រុកបាទី ខេត្តតាកែវ នាព្រឹកថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៥នេះ។
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់យ៉ាងដូច្នេះថា «ការសេចក្ដីស្រលាញ់ ការផ្ដល់ ការជឿជាក់របស់ពលរដ្ឋ គឺជាកម្លាំងចិត្ដធំណាស់ ដើម្បីបម្រើប្រជាពលរដ្ឋតទៅទៀត ការផ្ដល់ឱកាស ដើម្បីដឹកនាំដោះស្រាយបញ្ហា ជាពិសេសបញ្ហាប្រឈម ការទទួលខុសត្រូវ ហើយមានប្រជាជននៅជាមួយ គឺមានអ្វីៗទាំងអស់»។
បន្ថែមពីនោះទៀត សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា មានប្រជាជននៅផ្ដល់កម្លាំងចិត្ដ កងទ័ពយើងអត់មានការភ័យខ្លាច, មានប្រជាជនជាឆ្អឹងខ្នង កងទ័ពយើងមានទំនុកចិត្ដ ក្នុងការបំពេញកាត្វកិច្ចការពារទឹកដី ដូច្នេះសូមបន្ដស្មារតីនេះបន្ដទៀត។
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ពេលដែលប្រទេសជាតិ យើងមានបញ្ហា យើងរួមគ្នា គាំទ្រប្រទេសជាតិយើង នៅជាមួយគ្នា ជាធ្លុងមួយ នេះគឺជាមោទនភាព ហើយសម្ដេចសូមអរគុណណាស់ ចំពោះស្មារតីជាតិបែបនេះ៕