(ភ្នំពេញ)៖ តាមរយៈយុទ្ធសាស្រ្តបញ្ចាកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា បានបន្តរក្សាសន្តិភាព ស្ថិរភាព និងទ្រទ្រង់ដំណើរការអភិវឌ្ឍន៍ប្រទេសជាតិជាបន្តបន្ទាប់ និងបានយកចិត្តទុកដាក់ខ្ពស់លើវិស័យអប់រំ, ស្របជាមួយគ្នានោះវិស័យអប់រំនៅកម្ពុជា គឺមានសន្ទុះកើនឡើងជាបន្តបន្ទាប់ ក្នុងនោះក៏មានកូនសិស្សកម្ពុជាជាច្រើន បានចេញទៅធ្វើការប្រកួតប្រជែងសមត្ថភាពនៅលើឆាកអន្តរជាតិ និងបានត្រឡប់មកមាតុភូមិវិញប្រកបដោយមោទនភាពផងដែរ។
ជាក់ស្តែងនាពេលថ្មីៗនេះកូនសិស្សកម្ពុជា តាមរយៈការបង្ហាញសមត្ថភាពរបស់ខ្លួន លើឆាកអន្តរជាតិក្នុងកម្មវិធី Teeneagle Competition ដែលជាការប្រកួតប្រជែងកំរិតភាសាអង់គ្លេសលំដាប់អន្តរជាតិ ដែលធ្វើឡើងនៅចក្រភពអង់គ្លេស មានកូនសិស្ស ៣៣៥នាក់ មកពី ២០ប្រទេសជុំវិញពិភពលោកចូលរួម ក្នុងនោះកូនសិស្សកម្ពុជា ១០នាក់ បានធ្វើការប្រកួតយ៉ាងស្វិតស្វាញ និងដណ្តើមចំណាត់ថ្នាក់លេខ១ រួមទាំងបានមេដាយរហូតដល់ ១៧គ្រឿងបន្ថែមទៀត។
លើកឡើងប្រាប់បណ្តាញព័ត័មាន Fresh News នាថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ នាឱកាសត្រឡប់មកពីធ្វើការប្រកួតប្រជែងវិញ កូនសិស្សដែលដណ្តើមបានលេខ១ ជា ដារ៉ា បានឱ្យដឹងថា រូបគេពិតជាមានអារម្មណ៍សប្បាយរីករាយ ចំពោះការដណ្តើមបានជ័យជម្នះដ៏ធំធេងនេះ ដែលរូបគេបានរំពឹងទុក ខណៈមុនឈានទៅប្រកួត និងដណ្តើមបានជោគជ័យយ៉ាងដូចនេះ រូបគេបានខិតខំមើលមេរៀនជារៀងរាល់ថ្ងៃ ហើយអ្វីដែលមិនភ្លេចនោះគឺការមើលវីដេអូដែលនិយាយជាភាសាអង់គ្លេស ដើម្បីពង្រឹងសមត្ថភាពស្តាប់ និងការចង់ចាំឱ្យបានច្រើន។
កូនសិស្សដែលដណ្តើមបានលេខ១ ជា ដារ៉ា បានបន្ថែមថា ឆ្លងកាត់ការប្រកួតប្រជែងនៅក្រៅប្រទេសនេះ សបញ្ជាក់យ៉ាងច្បាស់ថា កូនខ្មែរយើងពិតជាមានសមត្ថភាព ក្នុងការចូលរួមប្រកួតជាមួយសិស្សបរទេសដូចគ្នា នៅពេលដែលយើងខិតខំប្រឹងប្រែងពង្រឹងសមត្ថភាពខ្លួនឯង ឱ្យបានខ្លាំងពូកែ និងបញ្ចេញសមត្ថភាពឱ្យបានល្អ នោះនឹងទទួលបានជោគជ័យ។
ជាមួយគ្នានោះសិស្សផ្សេងទៀតដែលបានទៅប្រកួតឈ្មោះ ណុប វិសាល និង ប៊ូរវ៉ាន់ ផារី បានបញ្ជាក់ដូចគ្នាដែរថា មុនពេលទៅចូលរួមប្រកួត ពួកគេបានខិតខំពង្រឹងសមត្ថភាព តាមរយៈការត្រៀមពង្រឹង សមត្ថភាពលើការនិយាយជាសាធាណៈ និងមុខវិជ្ជាផ្សេងៗជាភាសាអង់គ្លេស ហើយនៅពេលដែលទៅចូលរួមប្រកួត តាមរយៈវិញ្ញាសារជាក់ស្តែង គឺយើងអាចធ្វើបានមិនចាញ់សិស្សបរទេស ដែលមានភាសាអង់គ្លេសជាភាសាដើមរបស់ពួកគេនោះទេ។
សិស្ស ណុប វិសាល និង ប៊ូរវ៉ាន់ ផារី ក៏បានលើកទឹកចិត្តសិស្សប្អូនជំនាន់ក្រោយ ខិតខំពង្រឹងសមត្ថភាពរបស់ខ្លួន និងមានភាពក្លាហ៊ានក្នុងការចូលរួមប្រកួតប្រជែង ដែលមានលក្ខណៈលំដាប់ថ្នាក់ពិភពលោក ដើម្បីបានបង្ហាញសមត្ថភាពឱ្យបរទេសបានឃើញ ពីសមត្ថភាពរបស់កូនខ្មែរ ដោយសារកូនខ្មែរក៏មានសមត្ថភាពខ្លាំងពូកែ មិនចាញ់បរទេសនោះឡើយ ជាក់ស្តែងកូនខ្មែររាល់ពេលចូលរួមប្រកួតប្រជែងនៅក្រៅប្រទេស តែងតែទទួលបានភាពជោគជ័យជាបន្តបន្ទាប់ផងដែរ។
បើតាមលោក គង់ សាលីមីន អ្នកសម្របសម្រួលរបស់ក្រុមហ៊ុន Bright Education Consultant and Travel Co.,Ltd បានឱ្យដឹងដែរថា កម្មវិធី Teeneagle Competition គឺជាការប្រកួតប្រជែងកំរិតភាសាអង់គ្លេស ដែលបានធ្វើការប្រកួតលើវិញ្ញាសារ Speaking Debate, spelling bee, writing and knowledge quiz ដែលមានកូនសិស្សចូលរួមប្រកួតចំនួន ៣៣៥នាក់ មកពី ២០ប្រទេសចូលរួម ហើយសម្រាប់កូនសិស្សខ្មែរមានចំនួន ១០នាក់។
លោក គង់ សាលីមីន បានបន្ថែមថា សម្រាប់កូនសិស្សទាំង ១០នាក់ របស់កម្ពុជា ដែលបានទៅចូលរួមប្រកួតនោះ មានកូនសិស្សម្នាក់ជាប់ចំណាត់ថ្នាក់លេខ១ ក្នុងចំណោមកូនសិស្សទាំង ៣៣៥នាក់ មកពី ២០ប្រទេស ចូលរួមប្រកួត ក្នុងនោះសិស្សកម្ពុជាក៏ដណ្តើមបានមេដាយមាស ៦គ្រឿង មេដាយប្រាក់ ៤គ្រឿង និងមេដាយសំរឹទ្ធចំនួន ៧គ្រឿង ដែលនេះសបញ្ជាក់ឱ្យឃើញថាសមត្ថភាពកូនខ្មែរខ្លាំងមិនចាញ់បរទេសនោះឡើយ។
លោក គង់ សាលីមីន បានបញ្ជាក់ដែរថា ពីមួយឆ្នាំទៅមួយឆ្នាំក្រុមហ៊ុន Bright បានបញ្ជូនកូនសិស្សខ្មែរទៅប្រឡងប្រជែង នៅក្រៅប្រទេសមានការកើនឡើងជាបន្តបន្ទាប់ ដែលនេះជាមោទកភាពរបស់កម្ពុជា ពោលគឺប្រទេសតូច តែបេះដូងធំ និងចំណេះដឹងកាន់តែធំទូលាយ បើធៀបនឹងបណ្តាប្រទេសនានាលើពិភពលោក៕