(ភ្នំពេញ)៖ លោក កែវ សុទ្ធិ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ (ក.ប.ទ.) នៅរសៀលថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៥ បានទទួលជួបសំណេះសំណាលជាមួយតំណាង Konrad-Adenaur-Stiftung (KAS) កម្ពុជា និងក្រុមយុវជន KAS For Legal Youth (KASFLY) នៅទីស្ដីការ ក.ប.ទ.។

ក្នុងជំនួបនេះ ក៏មានការធ្វើបទបង្ហាញរបស់អង្គភាពជំនាញ អំពីដំណើរនៃបរិវត្តកម្មឌីជីថលនៅកម្ពុជា រដ្ឋាភិបាលឌីជីថល និងការរៀបចំច្បាប់ និងបទដ្ឋានគតិយុត្តិរបស់ ក.ប.ទ. ក្នុងគោលបំណងបញ្ជ្រាបចំណេះដឹងដល់ក្រុមយុវជន ពាក់ព័ន្ធនឹងក្របខណ្ឌគោលនយោបាយ ច្បាប់ និងបទដ្ឋានគតិយុត្តិលើការធ្វើបរិវត្តកម្មឌីជីថលរបស់កម្ពុជា។

ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បាននិងកំពុងរៀបចំ ជាអាទិ៍ សេចក្តីព្រាងច្បាប់ស្តីពីកិច្ចការពារទិន្នន័យបុគ្គល សេចក្តីព្រាងច្បាប់ស្តីពីសន្តិសុខសាយប័រ គោលការណ៍ណែនាំ ស្តីពីកិច្ចការពារកុមារលើប្រព័ន្ធអនឡាញ សម្រាប់ក្រុមហ៊ុនបចេ្ចកវិទ្យាឌីជីថល ដើម្បីធានាសុវត្ថិភាពកុមារ លើប្រព័ន្ធអនឡាញ។

ជាពិសេស សេចក្តីព្រាងយុទ្ធសាស្រ្តជាតិ ស្តីពីបញ្ញាសិប្បនិម្មិតដែលជាយុទ្ធសាស្ត្រថ្នាក់ជាតិ ជំរុញប្រសិទ្ធភាពនៃអភិបាលកិច្ចបញ្ញាសិប្បនិម្មិត ព្រមទាំងផ្ដល់ឱកាសឱ្យក្រុមយុវជនធ្វើបង្ហាញ ស្តីពីការសន្និដ្ឋានជាបឋម ទៅតាមប្រធានបទស្រាវជ្រាវផ្សេងៗ ពាក់ព័ន្ធនឹងបច្ចេកវិទ្យាឈានមុខនានា និងទទួលបានមតិយោបល់ពីគណៈប្រតិភូ ក.ប.ទ. ផងដែរ៕