(ភ្នំពេញ)៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា នាថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៥នេះ បានអនុញ្ញាតឲ្យលោក Ermenegildo Kupa Lopes ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ ចូលជួបសម្តែងការគួរសម និងជម្រាបលា ក្រោយលោកបានបញ្ចប់បេសកកម្មការទូតនៅព្រះរាជាណាចក្រកម្ពុជា។
យោងតាមលោក ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឱ្យដឹងនៅក្រោយជំនួបថា ក្នុងជំនួបនោះសម្តេចតេជោ បានសម្ដែងនៅក្តីរីករាយ ដែលបានជួបឯកអគ្គរដ្ឋទូតទីម័រឡេស្តេសាជាថ្មី តែក៏សោកស្ដាយ ដែលលោកបានផុតអាណត្តិនៅកម្ពុជា។ សម្ដេចបានបន្តថា ក្នុងរយៈពេលដែលលោក Ermenegildo Kupa Lopes បានបំពេញបេសកកម្មការងារនៅកម្ពុជា បានបន្សល់ទុកនូវអនុស្សាវរីយ៍ជាច្រើនជាមួយគ្នា ហើយបានធ្វើការងារជាច្រើនជាមួយរាជរដ្ឋាភិបាលកម្ពុជា និយាយដោយឡែកជាមួយសម្ដេច ដែលលោកបានបំពេញការងារដើម្បីពូនជ្រុំទំនាក់ទំនងរវាងកម្ពុជា និងទីម័រឡេស្តេឲ្យកាន់តែល្អប្រសើរ ហើយសម្ដេចបានចាត់ទុកជាឯកអគ្គរដ្ឋទូតមួយដែលបានរឹតចំណងមិត្តភាពរវាងកម្ពុជា និងទីម័រឡេស្តេ។
ឯកអគ្គរដ្ឋទូតទីម័រឡេស្តេ បានអរគុណចំពោះសម្ដេចតេជោ ដែលបានអនុញ្ញាតឱ្យលោកបានជួបជំរាបលានាឱកាសនេះ លោកបានបង្ហាញនូវក្តីនឹករលឹក ជាពិសេសអនុស្សាវរីយ៍ជាច្រើនដែលលោកបានធ្វើកិច្ចការងារ និងរស់នៅក្នុងប្រទេសកម្ពុជាក្នុងរយៈពេលជាង ៥ឆ្នាំមកនេះ ដែលមានអនុស្សាវរីយ៍និងដិតជាប់ជាមួយនឹងប្រទេសកម្ពុជា។ លោកស្រលាញ់ប្រទេសកម្ពុជា និងចាត់ទុកប្រទេសកម្ពុជាប្រៀបបានដូចប្រទេសទី២របស់លោក ហើយថ្វីត្បិតតែពេលនេះលោកបានចប់អាណត្តិនៅក្នុងប្រទេសកម្ពុជា ប៉ុន្តែបេះដូងរបស់លោកនៅជាប់ជាមួយនឹងប្រជាជនកម្ពុជាជាប់ជាមួយថ្នាក់ដឹកនាំកម្ពុជា។
ជាមួយគ្នានោះឯកអគ្គរដ្ឋទូតទីម័រឡេស្តេ ក៏បានអរគុណសម្ដេចតេជោ ដែលបានជួយជ្រោមជ្រែងដល់ប្រទេសទីម័រឡេស្តេ ឱ្យក្លាយជាសមាជិកពេញសិទ្ធិនៅតុលាខាងមុខ លោកបានលើកឡើងថា ប្រសិនបើគ្មានការជួយជ្រោមជ្រែងពីសម្ដេចតេជោទេ ទីម័រឡេស្តេ មិនអាចក្លាយជាសមាជិកពេញសិទ្ធិរបស់អាស៊ានក្នុងឆ្នាំខែតុលាខាងមុខនេះទេ។ ដូច្នេះនេះគឺជាគុណរបស់សម្ដេចតេជោដែលបានចូលរួមចំណែកដល់ទីម័រឡេស្តេ ហើយឈ្មោះសម្ដេចតេជោ នឹងស្ថិតនៅជាប់ និងប្រជាជនទីម័រឡេស្តេគ្រប់កាលៈទេសៈ។
សម្ដេចតេជោ ហ៊ុន សែន បានបង្ហាញនូវការពេញចិត្តចំពោះកិច្ចការងារដែលបានធ្វើការងារមួយចំនួនជាមួយលោកឯកគ្គរដ្ឋទូតទីម័រឡេស្តេ ហើយក៏បានផ្ដាំសួរសុខទុក្ខដល់ចំពោះលោក Gusmão ដែលជានាយករដ្ឋមន្ត្រី និងលោក José Ramos-Horta ដែលជាប្រធានាធិបតីទីម័រឡេស្តេ ហើយសម្ដេចតេជោ ក៏រំលឹកអំពីដំណើរទស្សនៈកិច្ចរបស់សម្ដេចទៅកាន់ទីម័រឡេស្តេ កាលពីពេលកន្លងទៅ ដែលទទួលបាននូវភាពជោគជ័យ ហើយទទួលបាននូវការស្វាគមន៍យ៉ាងរាក់ទាក់ ដែលមានឯកឧត្តមប្រធានាធិបតីទីម័រឡេស្តេជាអ្នកបើកឡានជូនដំណើរសម្ដេច និងនាយករដ្ឋមន្ត្រីនៅអមពីក្រោយ ដែលនេះជាប្រវត្តិសាស្ត្រមួយដែលបានកើតឡើង នៃទំនាក់ទំនងរវាងកម្ពុជានិង ទីម័រឡេស្តេ។
សម្ដេចតេជោក៏បានរំលេចផងដែរ ក្នុងជីវិតរបស់សម្ដេចតេជោក្នុងកិច្ចការអន្តរជាតិនេះ សម្ដេចមានមោទនភាពណាស់ដែលអាចជួយទីម័រឡេស្តេ ឲ្យចូលជាសមាជិកអង្កេតការណ៍ក្នុងឆ្នាំ២០២២ និង ទីម័រឡេស្តេអាចចូលជាសមាជិកពេញសិទ្ធិរបស់អាស៊ាននៅខែតុលាឆ្នាំ២០២៥ ខាងមុខនេះ បន្ទាប់ពីសម្ដេចបានដឹកដៃឥណ្ឌាឱ្យក្លាយទៅជាដៃគូរបស់អាស៊ាននៅឆ្នាំ២០០២ កន្លងទៅប្រស្នាដៃរបស់សម្ដេចបានធ្វើដែរ។
នាឱកាសនោះសម្ដេចតេជោ បានពន្យល់អគ្គរដ្ឋទូតទីម័រឡេស្តេ អំពីស្ថានភាពព្រំដែននៅកម្ពុជា គឺបញ្ហាជម្លោះកម្ពុជា-ថៃ ដោយសម្ដេចបានបញ្ជាក់ពីការចាប់ផ្ដើមដោយទាហានថៃ បាញ់សម្លាប់ទាហានកម្ពុជា កាលពីថ្ងៃទី២៨ ខែឧសភា និងការបិទព្រំដែនជាឯកតោភាគី។ សម្ដេចបានបញ្ជាក់ថា កម្ពុជាទាំងសម្ដេចធិបតី និងសម្ដេចផ្ទាល់ គឺមិនចង់មានបញ្ហាសង្គ្រាមជាមួយប្រទេសជិតខាងនោះទេ គឺយើងចង់ដោះស្រាយបញ្ហា ដោយសន្តិវិធី និងឈរលើច្បាប់អន្តរជាតិ ប៉ុន្តែប្រសិនបើនៅតែបំពាន និងឈ្លានពានកម្ពុជា គឺយើងត្រូវប្រើសិទ្ធិការពារនៅវៃបកត្រឡប់ទៅវិញ។
លោកឯកអគ្គរដ្ឋទូតទីម័រឡេស្តេ ក៏បានអរគុណចំពោះសម្ដេចតេជោ ដែលបានពន្យល់អំពីបញ្ហាព្រំដែន និងគោលបំណងនៃការសម្រេចចិត្តដ៏ត្រឹមត្រូវរបស់កម្ពុជា លោកក៏បានកោតសរសើរចំពោះសម្ដេចតេជោ ក្នុងការដោះស្រាយបញ្ហាសំខាន់ៗជាច្រើនរបស់កម្ពុជា ដែលជាអ្នកយុទ្ធសាស្ត្រដ៏អស្ចារ្យមួយ ដែលលោកបានរៀនសូត្រ និងគោរពជាទីបំផុតដែលសម្ដេចបានធ្វើកន្លងមក។ លោកសង្ឃឹមថា នាពេលខាងមុខទៀត ទីម័រឡេស្តេនឹងយកកម្ពុជាជាគំរូ ក្នុងការដោះស្រាយបញ្ហាក៏ដូចជាការអភិវឌ្ឍប្រទេសជាតិឱ្យមានភាពល្អប្រសើរបន្ថែមទៀត៕