(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា នៅព្រឹកថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៥នេះ បានប្រាប់ទៅកាន់ទីប្រឹក្សាពិសេសនាយករដ្ឋមន្ត្រីជប៉ុនអំពី ទិដ្ឋភាពជាក់ស្ដែង និងភាពពិតប្រាកដ នៃបញ្ហាព្រំដែនរវាងកម្ពុជា-ថៃ និងបញ្ជាក់ថា កម្ពុជាចង់ដោះស្រាយដោយសន្ដិវិធី ឈរលើយុទ្ធសាស្ដ្រឈ្នះឈ្នះ និងនិងស្របតាមយន្តការច្បាប់អន្តរជាតិ។

ការបញ្ជាក់បែបនេះរបស់ សម្ដេចតេជោ ហ៊ុន សែន បានធ្វើឡើងក្នុងឱកាសដែលសម្ដេចអនុញ្ញាតឱ្យ លោក Nagashima Akihisa សមាជិករដ្ឋសភា និងជាទីប្រឹក្សាពិសេសនាយករដ្ឋមន្ត្រីជប៉ុន ចូលជួបសម្តែងការគួរសម នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ។

ថ្លែងប្រាប់អ្នកសារព័ត៌មាន លោក ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឲ្យដឹងថា សម្ដេចតេជោ ហ៊ុន សែន ជាកិច្ចចាប់ផ្ដើមបានសម្ដែងនូវការសាទរ និងរីករាយចំពោះវត្តមានរបស់ សមាជិករដ្ឋសភា និងជាទីប្រឹក្សាពិសេសនាយករដ្ឋមន្ត្រីជប៉ុន ដែលបានអញ្ជើញមកទស្សនកិច្ចនៅកម្ពុជា ហើយសម្ដេចតេជោចាត់ទុក ដំណើរទស្សនកិច្ចនេះជាផ្នែកមួយនៃការញ៉ាំងទំនាក់ទំនងរវាងកម្ពុជា និងជប៉ុនឲ្យកាន់តែល្អប្រសើរបន្ថែមទៀត។

លោក Nagashima Akihisa បានសម្ដែងនូវក្ដីអរគុណចំពោះ សម្ដេចតេជោ ហ៊ុន សែន ដែលបានអនុញ្ញាតជូនលោក និងសហការី ជួបសម្ដែងការគួរសម ហើយលោកក៏បានរំលឹកអំពីកិច្ចសហប្រតិបត្តិការដ៏ល្អរវាងប្រទេសកម្ពុជា និងជប៉ុននាពេលកន្លងមក ក៏ដូចជានាពេលបច្ចុប្បន្ន និងបន្តទៅមុខទៀត។ លោក Nagashima Akihisa ក៏បានរំលេចអំពីទំនាក់ទំនង ជាពិសេស តាមរយៈដំណើរទស្សនកិច្ចរបស់សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត ទៅកាន់ប្រទេសជប៉ុន កាលពីពេលថ្មីៗនេះ ដែលទទួលបានផ្លែផ្កាដ៏ល្អ។

ជាមួយគ្នានេះ ទីប្រឹក្សាពិសេសរបស់នាយករដ្ឋមន្រ្តីជប៉ុន បានសម្ដែងនូវការអរគុណចំពោះកម្ពុជា ជាពិសេសសម្ដេចតេជោផ្ទាល់តែម្ដង ក្នុងការអនុញ្ញាតឲ្យនាវាជើងទឹករបស់ជប៉ុន បានចតនៅកំពង់ផែរាម កាលពីពេលថ្មីៗនេះដែលជាផ្នែកដ៏សំខាន់ក្នុងការញ៉ាំងឲ្យទំនាក់ទំនងវិស័យការពារជាតិ រវាងប្រទេសទាំងពីរកាន់តែរីកចម្រើន។ ក្រៅពីនោះ លោក Nagashima Akihisa បានលើកឡើងពីកិច្ចសហប្រតិបត្តិការជាមួយគ្នា រវាងកម្ពុជាជប៉ុន នៅក្នុងវិស័យដោះមីន ជាពិសេស គឺការចូលរួមចំណែករបស់ជប៉ុន ក្នុងការជួយដល់ការដោះមីននៅក្នុងប្រទេសកម្ពុជានាពេលកន្លងមក។

ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានបង្ហាញនូវក្ដីពេញចិត្តចំពោះទំនាក់ទំងរបស់កម្ពុជា-ជប៉ុន ដែលបានរីកចម្រើនជាបន្តបន្ទាប់ ពិសេសចាប់តាំងពីជំនាន់របស់នាយករដ្ឋមន្រ្តីជប៉ុន លោក ស៊ីនហ្ស៊ូ អាបេ ដែលរីកចម្រើនខ្លាំងក្នុងទំនាក់ទំនងរវាងប្រទេសទាំងពីរ មកដល់ពេលនេះកម្ពុជា-ជប៉ុន បានឈានដល់កម្រិតដៃគូយុទ្ធសាសស្រ្ត ជាមួយគ្នានៃកម្រិតទំនាក់ទំនងដ៏ខ្ពស់រវាងប្រទេសទាំងពីរ។

នាឱកាសនោះ សម្ដេចតេជោ ហ៊ុន សែន​ បានគូសរំលេចអំពី ភាពជោគជ័យរបស់សម្ដេចធិបតី ក្នុងអំឡុងពេលធ្វើដំណើរទស្សនកិច្ចទៅកាន់ជប៉ុនកន្លងទៅ ដែលជាផ្នែកដ៏សំខាន់ក្នុងការអភិវឌ្ឍ នូវទំនាក់ទំនងរវាងប្រទេសទាំងពីរទាំងសេដ្ឋកិច្ច នយោបាយ និងយោធាជាមួយគ្នាឲ្យកាន់តែរីកចម្រើនបន្ថែមទៀត។

ទន្ទឹមនេះ សម្ដេចតេជោ បានកត់សម្គាល់អំពី វិស័យដោះមីន ដោយសម្ដេចបានបញ្ជាក់ថា បច្ចុប្បន្ននេះកម្ពុជាបានបញ្ជូនកងទ័ពរបស់ខ្លួនទៅដោះមីន និងជួយក្នុងការរក្សានូវសុវត្ថិភាពពិភពលោក ដោយកងទ័ពរបស់កម្ពុជាខ្លះ បានទៅបណ្ដាប្រទេសកម្ពុជានានា ដែលជាផ្នែកនៃជំនាញរបស់កម្ពុជាដែលបានធ្វើកិច្ចការងារទៅលើផ្នែកដោះមីន ហើយសម្ដេចក៏មិនភ្លេចដែរនៅក្នុងការអរគុណទៅកាន់ភាគីជប៉ុន ព្រោះជំនាញរបស់កម្ពុជានៅក្នុងផ្នែកដោះមីននេះ ដែលមានការរួមចំណែកទាំងបច្ចេកទេស និងសម្ភារៈដែលបានជួយដល់កងកម្លាំងរបស់កម្ពុជា ឲ្យមានភាពជំនាញនៅក្នុងការដោះមីន។

បន្ទាប់ពីនេះ ពាក់ព័ន្ធជាមួយបញ្ហាព្រំដែន សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ទៅកាន់ លោកទីប្រឹក្សាពិសេសនាយករដ្ឋមន្ត្រីជប៉ុន ឲ្យបានយល់អំពី ទិដ្ឋភាពជាក់ស្ដែង ពីបញ្ហាព្រំដែន រវាងកម្ពុជា​និងថៃ ដែលកំពុងកើតមាន ដោយចាប់ផ្ដើមចេញពីការបាញ់ប្រហាររបស់ទាហានថៃមកលើទាហានកម្ពុជាស្លាប់ កាលពីថ្ងៃទី២៨ ខែឧសភា កន្លងទៅ និងការសម្រេចបិទព្រំដែនជា​ឯកតោភាគីរបស់ភាគីថៃ ដែលធ្វើឲ្យស្ថានភាពនៃបញ្ហាព្រំដែនរវាងប្រទេសទាំងពីរកាន់តែតានតឹងមកដល់ពេលបច្ចុប្បន្ននេះ។

សម្ដេចតេជោ ហ៊ុន សែន បាន​បញ្ជាក់ ទៅកាន់ទីប្រឹក្សាពិសេសរបស់នាយករដ្ឋមន្រ្តីជប៉ុនថា​ មកដល់ពេលនេះ ប្រទេសកម្ពុជាមិនទាន់ត្រូវការភាគីទី៣​ ក្នុងការរួមចំណែកដោះស្រាយបញ្ហាព្រំដែនរវាងកម្ពុជា-ថៃទេ។ អ្វីដែលកម្ពុជាត្រូវការនោះគឺ ការជំរុញនូវការដោះស្រាយតាមសន្តិវិធី ពោលគឺតាមរយៈយន្តការនៃច្បាប់អន្តរជាតិទៅតុលាករយុត្តិធម៌អន្តរជាតិ (ICJ) នៅក្នុងនោះសម្ដេចតេជោ បានបញ្ជាក់ថា បើទោះបីរជាពេលនេះ កម្ពុជាមិនត្រូវការភាគីទី៣ ដើម្បីដោះស្រាយពិតមែន ប៉ុន្តែជប៉ុនអាចប្រាប់ទៅកាន់នាយករដ្ឋមន្រ្តីជប៉ុនឲ្យបានជ្រាប និងអាចជំរុញទៅកាន់ភាគីថៃ ឲ្យដោះស្រាយបញ្ហាតាមយន្តការនៃច្បាប់អន្តរជាតិ ពោលគឺ ទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ​ (ICJ)។

បើតាមប្រសាសន៍របស់សម្ដេចតេជោ ហ៊ុន សែន, ចំណុចសំខាន់មានពីរគឺ ទី១៖ ភាគីថៃត្រូវបើកច្រកព្រំដែនឲ្យដូចមុនថ្ងៃដែលកើតមានព្រឹត្តិការណ៍ថ្ងៃទី៧ ខែមិថុនា ត្រង់ចំណុចនេះ សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់ថា​ ថៃជាអ្នកបិទព្រំដែនមុន ដោយឯកតោភាគី គ្មានការចរចានោះទេ ដូច្នេះភាគីថៃត្រូវតែជាអ្នកបើកច្រកព្រំដែនមុន ដោយមិនមានការចរចាជាមួយកម្ពុជានោះទេ។ ចំណុចទី២៖ គឺជប៉ុនអាចជំរុញទៅកាន់ភាគីថៃឲ្យដោះស្រាយបញ្ហានេះ តាមរយៈរឿងអាទិភាពដែលកម្ពុជាចង់បានគឺ ការដោះស្រាយបញ្ហាស្របតាមយន្តការនៃច្បាប់អន្តរជាតិ។

ក្នុងជំនួបដដែល សម្ដេចតេជោ បានបញ្ជាក់ជាថ្មីថា កម្ពុជាមិនចង់មានសង្គ្រាម នៅក្នុងការដោះស្រាយបញ្ហាព្រំដែននោះទេ កម្ពុជានៅតែចង់ដោះស្រាយបញ្ហាប្រកបដោយសន្តិវិធី និងឈរលើយុទ្ធសាស្រ្តឈ្នះ-ឈ្នះ ជាមួយគ្នា គឺការដោះស្រាយបញ្ហាស្របតាមយន្តការនៃច្បាប់អន្តរជាតិ ពោលគឺតាមតុលាការយុត្តិធម៌អន្តរជាតិ (ICJ) តែម្ដង។ ប៉ុន្តែកម្ពុជាគ្មានជម្រើសនោះទេ ប្រសិនបើភាគីថៃនៅតែប្រមាថ និងឈ្លានពានមកកាន់ប្រទេសរបស់ខ្លួន កម្ពុជាត្រូវតែប្រើវិធីទប់ទល់ និងវាយបកត្រឡប់ទៅវិញ។ នេះជាខ្លឹមសារដែលសម្ដេចតេជោ បានពន្យល់ទៅកាន់ ទីប្រឹក្សាពិសេសនាយករដ្ឋមន្ត្រីជប៉ុន។

ជាការឆ្លើយតប ទីប្រឹក្សាពិសេសរបស់នាយករដ្ឋមន្ត្រីជប៉ុន បានសន្យាថា នឹងនាំសារនេះទៅកាន់នាយករដ្ឋមន្រ្តីជប៉ុនផ្ទាល់តែម្ដង អំពី ជំហររបស់កម្ពុជាក្នុងការដោះស្រាយបញ្ហាព្រំដែន ហើយលោកបានបង្ហាញក្ដីរីករាយចំពោះជំហររបស់កម្ពុជា ក្នុងការដោះស្រាយបញ្ហាដោយសន្តិវិធីជាមួយគ្នា។ ជាមួយគ្នានេះ លោកនឹងពាំនាំនូវអ្វីដែលសម្ដេចតេជោ បានលើកឡើងនេះ​ ទៅកាន់នាយករដ្ឋមន្រ្តីប្រទេសជប៉ុន ហើយលោកក៏អរគុណដែលសម្ដេចតេជោ បានពន្យល់យ៉ាងពឹស្ដារ និងយ៉ាងល្អ ទៅកាន់រូបលោក និងឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា​ ឲ្យបានយល់ជាក់លាក់ អំពីបញ្ហាព្រំដែនរវាងកម្ពុជា-ថៃ នាពេលនេះ៕