(ភ្នំពេញ)៖ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រលប់ថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៥នេះ បានជួបជាមួយលោកសាស្ត្រាចារ្យ សង់ ម៉ាក់សូរែល ដើម្បីពិនិត្យ ពិភាក្សាលើការបន្តនីតិវិធីរបស់កម្ពុជាក្នុងការប្ដឹងទៅតុលាការយុត្តិធម៌អន្តរជាតិ ICJ ពាក់ព័ន្ធនឹងប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបី។
តាមរយៈបណ្តាញសង្គមសម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានឱ្យដឹងយ៉ាងដូច្នេះថា៖ «ខ្ញុំទើបបានជួបជាមួយលោកសាស្ត្រាចារ្យ សង់ ម៉ាក់សូរែល (Jean-Marc Sorel) ដើម្បីពិនិត្យ ពិភាក្សាលើការបន្តនីតិវិធីរបស់កម្ពុជាក្នុងការប្ដឹងទៅតុលាការយុត្តិធម៌អន្តរជាតិ ICJ ពាក់ព័ន្ធនឹងប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបី»។
លោកសាស្ត្រាចារ្យ សង់ ម៉ាក់សូរែល គឺជាសមាជិកដ៏សំខាន់មួយរូបក្នុងក្រុមទីប្រឹក្សាច្បាប់ និងមេធាវី ដែលបានជួយអោយកម្ពុជាទទួលជោគជ័យ ក្នុងរឿងក្តីនៃនៃការបកស្រាយសាលក្រមប្រាសាទព្រះវិហារ (១៩៦២) នៅឆ្នាំ ២០១១-២០១៣ នៅតុលាការយុត្តិធម៌អន្តរជាតិ ICJ។
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា កម្ពុជា នៅបន្តមិនរាថយចំពោះការនាំយករឿងក្តីពាក់ព័ន្ធនឹងប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបី ទៅតុលាការយុត្តិធម៌អន្តរជាតិ ICJ ដើម្បីស្វែងរកដំណោះស្រាយដោយសន្តិវិធី និងផ្អែកលើច្បាប់អន្តរជាតិនោះទេ៕