(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៥ ក្រសួងបរិស្ថាន បានសហការជាមួយក្រុមហ៊ុនជប៉ុន GOMI RECYCLE110 CO., LTD ដើម្បីឧបត្ថម្ភការសិក្សាដល់សិស្ស-និស្សិតក្រីក្រនៅតាមសាលាជនបទដាច់ស្រយាល។ កិច្ចសហប្រតិបត្តិការនេះកើតចេញពីជំនួបរវាងលោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងលោក Yusuke Okumura ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន។
ក្រុមហ៊ុន GOMI RECYCLE110 CO., LTD ដែលមានបទពិសោធន៍ជាង ១០ ឆ្នាំក្នុងការកែច្នៃ និងគ្រប់គ្រងសំណល់នៅកម្ពុជា បានបង្ហាញពីបំណងចង់ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយក្រសួងបរិស្ថាន។ នេះជាការឆ្លើយតបទៅនឹងអនុសាសន៍របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា កាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ នៅទីក្រុងតូក្យូប្រទេសជប៉ុន។ ក្រុមហ៊ុនមានផែនការរៀបចំម៉ាស៊ីនកែច្នៃសំរាមប្លាស្ទិក អំបែងដប និងសំណល់ផ្សេងៗ ដែលអាចដំណើរការបានសូម្បីនៅតំបន់ដាច់ស្រយាល ដើម្បីផលិតជាសម្ភារៈប្រើប្រាស់។
ជាការឆ្លើយតប លោករដ្ឋមន្ត្រីបានគាំទ្រពេញទំហឹងចំពោះគំនិតផ្តួចផ្តើមនេះ ហើយបានជំរុញឱ្យក្រុមហ៊ុនចាប់ផ្ដើមដាក់ម៉ាស៊ីនកែច្នៃសំរាមស្តង់ដារជប៉ុននេះ នៅតាមស្រុកមួយនៃខេត្តជាតំបន់គោលដៅ ជាការសាកល្បងជាមុនសិន រួចចាំបន្តឱ្យបានពេញក្នុងខេត្តទាំងអស់ ដើម្បីឱ្យក្រុមហ៊ុនទទួលបានជោគជ័យខ្ពស់។ ក្រសួងនឹងផ្តល់សំរាមប្លាស្ទិក និងសំណល់ដែលសិស្សានុសិស្សប្រមូលបានពីយុទ្ធនាការ «កម្ពុជាស្អាត ខ្មែរធ្វើបាន» ឱ្យក្រុមហ៊ុនយកទៅកែច្នៃ។ ចំណែកថវិកាដែលបានពីការលក់ផលិតផលកែច្នៃនឹងត្រូវយកមកឧបត្ថម្ភគាំទ្រការសិក្សារបស់សិស្ស-និស្សិតនៅតាមសាលាជនបទ។
ការវិនិយោគក្នុងការកែច្នៃសំរាមប្លាស្ទិកនៅតាមតំបន់ឆ្ងាយៗនេះ គឺស្របតាមអនុសាសន៍ និងវត្ថុបំណងរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ដើម្បីជំរុញឱ្យកម្ពុជាស្អាត ឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ ឈានឆ្ពោះទៅសម្រេចទស្សនវិស័យកម្ពុជាក្លាយជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០៕