(ភ្នំពេញ)៖ ក្រោយផ្ទះវីដេអូរបស់ដំរី ឈ្មោះ ឡាក់គី និងលោក ទ្រី ស៊ីថេង ជាអ្នកថែទាំដំរីនេះតាំងពីអាយុ៦ខែ រហូតមកដល់បច្ចុប្បន្ន ដែលទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់អ្នកលេងបណ្តាញសង្គមនោះ មានសាធារណមតិជាច្រើន បានបញ្ចេញមតិ និងសំណូមដល់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដើម្បីធ្វើការត្រួតពិនិត្យ សម្របសម្រួលដល់លោក ទ្រី ស៊ីថេង អាចមកបំពេញការងារជាបុគ្គលិកក្នុងអង្គការ Wildlife Alliance បន្តទៀតបាន ព្រោះលោកបានចំណាយពេលជាង៣០ឆ្នាំក្នុងការថែទាំសត្វ ក្នុងឧទ្យានជាតិភ្នំតាម៉ៅ។

យ៉ាងណាមិញ ចៀសវាងការភ័ន្តច្រឡំ លោក ទ្រី ស៊ីថេង បានបញ្ជាក់ថា លោកជាបុគ្គលិករបស់អង្គការ Wildlife Alliance ដែលមិនមានជាប់ពាក់ព័ន្ធជាមួយនឹងក្រសួងកសិកម្ម ឬរដ្ឋបាលព្រៃឈើនោះទេ។

បើតាម លោក ឃឹម ហ្វីណង់ អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា ក្រោយទទួលព័ត៌មានពាក់ព័ន្ធនឹង លោក ទ្រី ស៊ីថេង និងដំរីឈ្មោះ Lucky រដ្ឋបាលព្រៃឈើ បានធ្វើការទាក់ទង និងពិនិត្យលទ្ធភាពផ្តល់ការងារជូនគាត់នៅក្នុងរដ្ឋបាលព្រៃឈើ។ ទោះជាយ៉ាងនេះក្តី សម្រាប់ការងារនៅអង្គការ Wildlife Alliance ជាផ្ទៃក្នុងរបស់អង្គការសុទ្ធសាធ ដែលក្រសួងពុំមានសមត្ថកិច្ចចំពោះរឿងនេះទេ៕

តាមសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលព្រៃឈើ បានឱ្យដឹងថា លោក ទ្រី ស៊ីថេង ជាបុគ្គលិករបស់អង្គការសម្ព័ន្ធមិត្តសត្វព្រៃ (Wildlite Alliance) មិនមែនជា មន្ត្រីរដ្ឋបាលព្រៃឈើ ឬមន្ត្រីជាប់កិច្ចសន្យាបម្រើការងារក្នុងអង្គភាពរដ្ឋបាលព្រៃឈើនោះឡើយ។ លោក ទ្រី ស៊ីថេង ត្រូវ បានអង្គការសម្ព័ន្ធមិត្តសត្វព្រៃបញ្ជូនមកបំពេញការងារជាសមភាគីជាមួយឧទ្យានសួនសត្វ ព្រៃការពារ និងសួនភូតគាម «ភ្នំតាម៉ៅ» ដែលត្រូវបានលាឈប់ពីការងារចាប់ពីខែកក្កដា ឆ្នាំ២០២៥ តទៅ។ ការលាឈប់ពីការងាររបស់លោក ទ្រី ស៊ីថេង ជារឿងផ្ទៃក្នុងរបស់អង្គការសម្ព័ន្ធមិត្តសត្វព្រៃ ដោយមិនមានការជាប់ពាក់ព័ន្ធជាមួយនឹងរដ្ឋបាលព្រៃឈើ ឬ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទនោះទេ៕