(សៀមរាប)៖ កាលពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ ក្រោមការចង្អុលបង្ហាញ​របស់លោក ប្រាក់​ សោភ័ណ​ អភិបាល​ នៃគណៈអភិបាលខេត្ត​ បានចាត់ក្រុមការងាររដ្ឋបាលខេត្តដឹកនាំដោយលោក​ លី​ សារី​ អភិបាលរងខេត្ត បានជួយសម្របសម្រួល​ និងទទួលបងប្អូនប្រជាពលរដ្ឋខ្មែរ ដែលបានធ្វើដំណើរវិលត្រលប់មកស្រុកកំណើតវិញតាមរយៈរថយន្តដោយឥតគិតថ្លៃស្របតាមអនុសាសន៍របស់ សម្តេចមហាបវរធិបតី​ ហ៊ុន​ ណែត​ នាយករដ្ឋមន្ត្រី​ ព្រមទាំងសម្របសម្រួលដល់បងប្អូនពលកររកការងារ និងបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ។

បើតាមប្រសាសន៍របស់ លោក​ លី​ សារី​ បានឲ្យដឹងថា៖ រដ្ឋបាលខេត្តសៀមរាប បាននិងកំពុងប្រើប្រាស់មធ្យោបាយដឹកជញ្ជូន ក្នុងការទទួលបងប្អូនប្រជាពលរដ្ឋខ្មែរដោយរថយន្ត ចំនួន ៧គ្រឿង ក្នុងនោះ ២គ្រឿង បានចេញដំដើរទៅចាំទទួលនៅក្រុងប៉ោយប៉ែត និង ២គ្រឿង នៅច្រកដូង ក្នុងខេត្តបាត់ដំបង ហើយ ៣គ្រឿងទៀត នៅច្រកជាំស្រងាំ ខេត្តឧត្តរមានជ័យ ។

ក្នុងនាមបងប្អូនប្រជាពលរដ្ឋបានថ្លែងអំណរគុណចំពោះការយកចិត្តទុកដាក់បំផុតរបស់សម្តេចធិបតី​ ហ៊ុន​ ម៉ាណែត​ នាយករដ្ឋមន្ត្រី​ ដែលបានគិតគូរដល់សុខទុកបងប្អូនប្រជាពលរដ្ឋ​ ពិសេសបានផ្តល់នូវការងារបន្ថែមទៀតដល់ពួកគាត់៕