(ភ្នំពេញ)៖ លោកឪ ស៊ុច ជាព្រះសង្ឃថៃ ដើមកំណើតពីខេត្តបុរីរ៉ាំ នៅព្រឹកថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៥នេះ បាននិមន្តមកដល់ទឹកនៃព្រះរាជាណាចក្រកម្ពុជាហើយ បន្ទាប់ពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នាយប់ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៥ថ្មីៗនេះ បានប្រកាសស្វាគមន៍ព្រះតេជគុណ (លោកឪស៊ុច) រួមទាំងព្រះតេជគុណ ព្រះថេរានុថេរៈអង្គណា ឬបងប្អូនប្រជាពលរដ្ឋខ្មែរដែលទទួលរងនូវការរើសអើង ឬការមាក់ងាយ ដោយសារតែខ្លួនជាខ្មែរ ពីប្រជាជនថៃ អាចមករស់នៅប្រទេសកម្ពុជាគ្រប់ពេលវេលា។

បន្ទាប់ពីនិមន្តមកដល់ប្រទេសកម្ពុជា លោកឪ ស៊ុច នឹងនិមន្តទៅគង់ នៅវត្តនាគវ័ន ក្នុងខណ្ឌទួលគោក រាជធានីភ្នំពេញ។

តាមរយៈបានបណ្តាញសង្គម Facebook ផ្លូវការ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះថា៖ ឆ្លើយតបទៅនឹងសំណូមពររបស់ព្រះតេជគុណ (លោកឪស៊ុច) ក្នុងនាមជាប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងក្នុងនាមខ្លួនខ្ញុំព្រះករុណាផ្ទាល់ ខ្ញុំសូមស្វាគមន៍ព្រះតេជគុណ (លោកឪស៊ុច) គ្រប់ពេលវេលា។

មិនត្រឹមតែចំពោះលោកឪស៊ុចទេ បើសិនជាមានព្រះតេជគុណព្រះថេរានុថេរៈអង្គណា ឬបងប្អូនប្រជាពលរដ្ឋខ្មែរណាម្នាក់ ដែលទទួលរងនូវការរើសអើង ឬការមាក់ងាយ ដោយសារតែខ្លួនជាខ្មែរ ឬដោយសារតែការ បញ្ចេញមតិការពារនូវយុត្តិធម៌ សេចក្តីថ្លៃថ្នូរ និងភាពត្រឹមត្រូវរបស់កម្ពុជា ក្នុងការការពារបូរណភាពទឹកដីរបស់ខ្លួន ខ្ញុំព្រះករុណាខ្ញុំ សូមនិមន្តនិងអញ្ជើញព្រះតេជគុណនិងបងប្អូនមករស់នៅនៅប្រទេសកម្ពុជា។

រាជរដ្ឋាភិបាល និងប្រជាជនខ្មែរស្វាគមន៍ព្រះតេជគុណ និងបងប្អូនគ្រប់ពេលវេលា ហើយធានាថានឹងមិនមានការរើសអើង ឬចាប់ជនជាតិខ្មែរយើងបញ្ជូនទៅប្រទេសណាផ្សេងនោះទេ។

ទាក់ទងនឹងការទទួលស្វាគមន៍លោកឪ ស៊ុច សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានសភាកម្ពុជា បានអះអាងថា វាមិនមែនជារឿងថ្មីនោះឡើ ព្រោះកម្ពុជាក៏ធ្លាប់ជួយដល់អតីតនាយករដ្ឋមន្ត្រី លោក ថាក់ស៊ីន និងលោក យ៉ីងឡាក់ ដែលជាឪពុកបង្កើត និងម្តាយមីងបង្កើត របស់នាយករដ្ឋមន្ត្រីថៃបច្ចុប្បន្នផងដែរ៕