(ភ្នំពេញ)៖ នៅវេលាម៉ោង១០ព្រឹក ថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២៥នេះ លោក Lawrence Wong នាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុសិង្ហបុរី ដែលបំពេញទស្សនកិច្ចនៅកម្ពុជា បានចូលជួបសម្តែងការគួរសមជាមួយ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា។

លោក Lawrence Wong បានអញ្ជើញមកដល់កម្ពុជា នៅព្រឹកថ្ងៃទី០២ ខែកក្កដានេះ ដើម្បីបំពេញទស្សនកិច្ចណែនាំខ្លួន តបតាមការអញ្ជើញរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។

ក្រៅពីមានជំ​នួបជាមួយ សម្តេចតេជោ តាមកម្មវិធី លោកក៏នឹងចូលគាល់ព្រះមហាក្សត្រ និងមានជំនួបទ្វេភាគីជាមួយ សម្តេចបវរធិបតីនាយករដ្ឋមន្ត្រីផងដែរ។

ដំណើរទស្សនកិច្ចរបស់ លោក Lawrence Wong កើតឡើងស្របពេលជាមួយនឹងការប្រារព្ធខួបលើកទី៦០ នៃការបង្កើត ទំនាក់ទំនងការទូតរវាងកម្ពុជា និងសិង្ហបុរី៕