(ភ្នំពេញ)៖ គិតត្រឹមថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៥ អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ បានទទួលពាក្យបណ្ដឹងពីប្រជាពលរដ្ឋសរុបចំនួន​១,១១៣ករណី ដែលក្នុងនោះ អំឡុងឆ្នាំ២០២៤ មានសំណុំរឿងចំនួន ៤៦៦ករណី និងក្នុងឆមាសទី១ ឆ្នាំ២០២៥ មានសំណុំរឿងចំនួន ៦៤៧ករណី។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់ អ.ដ.ក កាលពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៥។

បើតាមសេចក្ដីប្រកាស, ក្នុងចំណោមសំណុំរឿងទាំងអស់ដែល អ.ដ.ក. បានទទួល ក៏មានសំណុំរឿងដែលបានបញ្ជូនមក អ.ដ.ក. ពីស្ថាប័នជាដៃគូថ្នាក់ជាតិ-ថ្នាក់ក្រោមជាតិ ដែលបានចុះអនុស្សរណៈនៃ ការយោគយល់គ្នា (MOU) ជាមួយ អ.ដ.ក. ចំនួន ៣៩ករណីផងដែរ។

ចំពោះប្រភេទនៃសំណុំរឿងវិវាទដែល អ.ដ.ក. បានទទួលច្រើនជាងគេ គឺវិវាទដីធ្លី ដែលមានចំនួនដល់ទៅ ៤២៤ករណី ស្មើប្រមាណជា ៣៨% ធៀបនឹងសំណុំរឿងទាំងអស់។ បន្ទាប់មក វិវាទពាក់ព័ន្ធនឹងកិច្ចសន្យាខ្ចីប្រាក់ គឺឈរនៅលំដាប់លេខរៀងទី២ ដែលមានចំនួនសរុប ៣៣៧ករណី ស្មើប្រមាណជា ៣០% ហើយវិវាទពាក់ព័ន្ធនឹងការទិញ-លក់អចលនវត្ថុ នៅលំដាប់លេខរៀងទី៣ មានចំនួនសរុប ១០៦ករណី ស្មើប្រមាណជា ៩% ព្រមទាំងមានប្រភេទសំណុំរឿងវិវាទផ្សេងៗ មួយចំនួនទៀត។

បើគិតពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៤ រហូតដល់ថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៥ ដែលមានរយៈពេល ១ឆ្នាំនេះ, អ.ដ.ក. បានចាត់ការសំណុំរឿងសរុបបានចំនួន ៤៧៤ករណី ក្នុងចំណោមសំណុំរឿងដែលទទួល បានសរុបចំនួន ១,១១៣ករណី។

នៅក្នុងចំណោមសំណុំរឿងដែលបានចាត់ការរួចទាំងអស់ គឺមានសំណុំរឿង ចំនួន ២៩២ ករណី ត្រូវបានសម្រុះសម្រួលដោះស្រាយដោយជោគជ័យ និងបានឈានទៅដល់ការចេញ កំណត់ហេតុព្រមព្រៀងបញ្ចប់វិវាទ, សំណុំរឿងចំនួន ៥៣ ករណី ត្រូវបានលើកចោលដោយសារខុសសមត្ថកិច្ច ឬខុសលក្ខខណ្ឌនៃការធ្វើបណ្ដឹង, សំណុំរឿងចំនួន ១២៩ករណី ត្រូវបានបិទបញ្ចប់ ដោយសារភាគីមិនទទួល យកនូវការសម្រុះសម្រួល ហើយដោយឡែក សំណុំរឿងចំនួន ៦៣៩ ករណី កំពុងស្ថិតក្នុងចំណាត់ការបន្តរបស់ អ.ដ.ក.។

សូមជម្រាបថា អ.ដ.ក. បានចាប់ផ្តើមទទួលពាក្យបណ្តឹងស្នើសុំសម្រុះសម្រួលដោះស្រាយវិវាទពីប្រជាពលរដ្ឋ កាលពីថ្ងៃទី១ ខែមីនា ឆ្នាំ២០២៤ ដើម្បីយកមកពិនិត្យ និងដោះស្រាយ ប៉ុន្តែ ការដោះស្រាយវិវាទនៅ អ.ដ.ក. ទើបអាចចាប់ផ្តើមធ្វើការដោះស្រាយវិវាទជាផ្លូវការនៅថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៤ ប៉ុណ្ណោះ ដោយសារតែផ្អែក តាមច្បាប់ ការសម្រុះសម្រួលដោះស្រាយវិវាទក្នុងក្របខ័ណ្ឌ អ.ដ.ក. ត្រូវធ្វើឡើងដោយមន្ត្រីសម្រុះសម្រួល ដោះស្រាយវិវាទដែលត្រូវបានជ្រើសរើស និងទទួលបាននីតិសម្បទាពី អ.ដ.ក.។

ក្នុងន័យនេះ អ.ដ.ក. ត្រូវការ ពេលវេលាមួយចំនួនដើម្បីធ្វើការបណ្តុះបណ្តាល និងផ្តល់នីតិសម្បទាដល់មន្ត្រីសម្រុះសម្រួលដោះស្រាយវិវាទ មុននឹងអាចអនុញ្ញាតឱ្យមន្ត្រីសម្រុះសម្រួលដោះស្រាយវិវាទ អាចចាប់ផ្តើមធ្វើការដោះស្រាយវិវាទជូនប្រជាពលរដ្ឋ៕