(ព្រៃវែង)៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា បានប្រាប់ឲ្យបញ្ឈប់ការទិញទំនិញយុទ្ធសាស្ដ្រពីប្រទេសថៃ ដូចជា អគ្គិសនី, អ៉ីនធ័រណេត, ប្រេងឥន្ធនៈ និងឧស្ម័ន ជាដើម និងបានប្រាប់ឲ្យឈប់ចាក់បញ្ចាំងរឿងថៃទាំងអស់ នៅក្នុងប្រទេសកម្ពុជា។

ការលើកឡើងបែបនេះ ធ្វើឡើងក្នុងឱកាសដែល សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីភាពក្នុងពិធីជួបសំណេះសំណាលជាមួយសិស្ស និស្សិត និងលោកគ្រូ អ្នកគ្រូ នៅមជ្ឈមណ្ឌលអប់រំបណ្ដុះបណ្ដាល ជា ស៉ីមមកំចាយមារ ដែលមានទីតាំងស្ថិតនៅស្រុកកំចាយមារ ខេត្តព្រៃវែង នៅព្រឹកថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៥។

សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា «កម្ពុជាត្រូវតែមានការប្រុងប្រយ័ត្ន អ្វីដែលជាផ្នែកយុទ្ធសាស្ដ្រកុំទិញពីថៃឲ្យសោះ ទីមួយ៖ អគ្គិសនី ដាច់ខាតកុំទិញ, ទីពីរ៖ អ៉ីនធ័រណេត, ទីបី៖ ប្រេងឥន្ធនៈ និងឧស្ម័ន ព្រោះថា ពេលមានការគេកាត់អាហ្នឹង និងងាប់»

សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា រឿងថៃគំរាមមកកម្ពុជា មិនមែនរឿងថ្មីនោះទេ កាលពីជម្លោះព្រំដែន កម្ពុជា-ថៃ កាលលើកមុន ថៃក៏បានគំរាមមកកម្ពុជាផងដែរ ដូច្នេះហើយ បានជាផ្លូវជាតិលេខ៦៨ សម្ដេចបង្វែរមកប្រើប្រាស់ថវិកាជាតិវិញ ព្រោះថា ថៃបានគំរាមកំហែងកាត់ផ្ដាច់ជំនួយ។

បន្ថែមពីនោះទៀត សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ការចាក់បញ្ចាំងរឿងថៃ ត្រូវបញ្ឈប់ទាំងអស់ ហើយល្មមដល់ពេលដែលកម្ពុជា បញ្ឈប់ការបញ្ចាំងរឿងថៃហើយ ត្រូវមកគាំទ្ររឿងភាពយន្ដក្នុងស្រុកវិញ។

សម្ដេចតេជោ ហ៊ុន សែន ក៏បានរំលឹកផងដែរថា កាលពីឆ្នាំ២០០៣ កម្ពុជាបានបញ្ឈប់ឲ្យចាក់បញ្ចាំងរឿងថៃ នៅក្នុងប្រទេសកម្ពុជាម្ដងរួចមកហើយ តែខាងភាគីថៃ បានស្នើសុំមកសម្ដេចជានិច្ចកាល ទើបសម្ដេចអនុញ្ញាតឲ្យមានការចាក់បញ្ចាំងរឿងថៃឡើងវិញ នៅកំឡុងឆ្នាំ២០១៦-២០១៧៕