(ព្រៃវែង)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានអះអាងថា គ្មានគណបក្សណាមួយនៅកម្ពុជា មានប្រជាធិបតេយ្យផ្ទៃក្នុងរឹងមាំដូចគណបក្សប្រជាជនកម្ពុជាឡើយ ដែលរាល់ការសម្រេចគោលនយោបាយអ្វីមួយ គឺមានជជែកពិភាក្សាគ្នា និងទទួលយោបល់ តាំងពីថ្នាក់លើ ដល់ថ្នាក់ក្រោម។

សម្តេចមានប្រសាសន៍ថា គណបក្សខ្លះអួតថា បក្សខ្លួនប្រជាធិតេយ្យ និងចោទគណបក្សប្រជាជនថា កុម្មុយនីស ប៉ុន្តែការប្រជុំសមាជម្តងៗប្រើពេលតែ២ម៉ោង ខុសពីគណបក្សប្រជាជនរាល់ការប្រជុំសមាជបក្សប្រើពេលយ៉ាងហោចណាស់២ថ្ងៃដើម្បីជជែកភាក្សាគ្នាពីដំណើរការលទ្ធប្រជាធិបតេយ្យក្នុងបក្ស។

សម្តេចតេជោ បានសង្កត់ធ្ងន់បែបនេះថា «គ្មានបក្សណាដែលមានប្រជាធិបតេយ្យផ្ទៃក្នុងជាងគណបក្សប្រជាជននោះទេ ត្រូវចាំ។ គណបក្សខ្លះធ្វើសន្និបាត២ម៉ោង មានអីជជែកគ្នា? ប៉ុន្តែគណបក្សប្រជាជន គ្រាន់តែការប្រជុំសមាជ គេហៅថា សន្និបាតមជ្ឈឹមបើកទូលាយ យ៉ាងហោចណាស់ ក៏ប្រើពេល២ថ្ងៃដែរ ដើម្បីជជែកពីដំណើរការប្រជាធិបតេយ្យផ្ទៃក្នុង មិនមែនហៅគ្នាមកប្រជុំ គ្រាន់តែទះដៃនោះឡើយ»

សម្តេចតេជោមានប្រសាសន៍បន្ថែមថា សម្រាប់គណបក្សប្រជាជន មុននឹងចេញគោលនយោបាយណាមួយ សេចក្តីព្រាងគោលនយោបាយនោះ ត្រូវបានបញ្ជូនទៅមូលដ្ឋានរួចជាស្រេច និងបានផ្តល់យោបលកែសម្រួលរួច ទើបចាប់ផ្តើមបើកមហាសន្និបាត និងមានការកែសម្រួលបន្ថែមទៀត ដើម្បីភាពសមហេតុសមផលសម្រាប់អនុវត្ត។ ប៉ុន្តែយ៉ាងណាមិញ លក្ខណៈពិសេសរបស់គណបក្សប្រជាជន គឺត្រង់ថា តែកាលណាគណបក្សសម្រេចហើយ គឺប្រើប្រាស់វិធានសមូហភាពដឹកនាំ បុគ្គលទទួលខុសត្រូវ ភាគតិចគោរពត្រូវភាគច្រើន ប្រមូលផ្តុំប្រជាធិបតេយ្យ។

ជាមួយគ្នានេះ សម្តេចតេជោបានបញ្ជាក់ថា ចំណុចខ្លាំងរបស់គណបក្សប្រជាជន គឺគ្មានអ្នកណាមកបំបែកបានទេ បើទោះបីជាពេលខ្លះមានការលើកឡើងនូវមតិខុសៗគ្នា ប៉ុន្តែនេះគឺជាដំណើរការនៃលទ្ធប្រជាធិបតេយ្យក្នុងបក្ស។

សម្តេចតេជោ ហ៊ុន សែន ថ្លែងបញ្ជាក់បែបនេះធ្វើឡើង ក្នុងឱកាសអញ្ជើញជួបសំណេះសំណាល ជាមួយសិស្ស និស្សិត និងលោកគ្រូ អ្នកគ្រូ នៅមជ្ឈមណ្ឌលអប់រំនិងបណ្តុះបណ្តាល ជា ស៊ីម កំចាយមារ នាព្រឹកថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៥នេះ។

ទន្ទឹមគ្នានេះ សម្តេចតេជោ ក៏បានលើកឡើងពីមោទនភាពដ៏ធំបំផុតរបស់គណបក្សប្រជាជន ដែល ផ្តើមចេញពីចលនាពីតំបន់ខុសៗគ្នា ពេលវេលាខុសគ្នា ពី៥ក្រុម ប៉ុន្តែមានគោលដៅរួម បញ្ចូលជាគណបក្សនយោបាយតែមួយ ហើយមានសាមគ្គីភាពដ៏រឹងមាំបំផុត គ្មានអ្នកណាអាចបំបែកបាន៕