(កំពង់ធំ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុ​ប្រធាន​គណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៥នេះ បានលើកឡើងថា ប្រទេសកម្ពុជា ត្រូវការគណបក្សប្រជាជនកម្ពុជា ជាពិសេសវត្តមាន របស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្ស ធ្វើឱ្យប្រជាពលរដ្ឋមានភាពកក់ក្តៅ និងជំនឿទុកចិត្ត។

បន្ថែមពីនោះទៀត សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានឲ្យដឹងថា គណបក្សប្រជាជនកម្ពុជា នឹងនៅជាមួយប្រជាពលរដ្ឋ បម្រើប្រជាពលរដ្ឋ ព្រោះមានកិច្ចការធំ២ គឺទី១ ពលរដ្ឋឱ្យតម្លៃលើសច្ចៈភាព របស់គណបក្សប្រជាជន ដែលខិតខំធ្វើ ទី២៖ គណបក្សប្រជាជនទោះ១០០ឆ្នាំទៀត ក៏មិនចោលបុព្វហេតុរបស់ខ្លួនទេ។

ការលើកឡើងបែបនេះ ធ្វើឡើងក្នុងឱកាសដែល សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីភាព បើកការដ្ឋានសាងសង់​ទីស្នាក់ការ​ គណ​បក្ស​ប្រជាជន​កម្ពុជា នៅក្នុងខេត្តកំពង់ធំ នាព្រឹកថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៥។

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងយ៉ាងដូច្នេះថា «មកដល់ម៉ោងនេះ គ្មានគណបក្សណាមួយ អាចជំនួសគណបក្សប្រជាជនបាននោះទេ នៅក្នុងខួរក្បាលអារម្មណ៍ និងទំនុកចិត្ដរបស់ប្រជាជនខ្មែរយើង និងជនបរទេស ជារួមគឺថាប្រទេសកម្ពុជា ត្រូវការគណបក្សប្រជាជន ជាពិសេសវត្ដមានរបស់សម្ដេចតេជោ ប្រធានគណបក្ស គឺជាមូលដ្ឋានរឹងមាំ»

ជាមួយគ្នានេះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ជំនួសឲ្យសម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្ស និងថ្នាក់ដឹកនាំគ្រប់ថ្នាក់ទាំងអស់ របស់គណបក្សប្រជាជន សូមថ្លែងអំណរគុណ ទៅដល់ប្រជាពលរដ្ឋទាំងអស់ នៅទូទាំងប្រទេស ដែល​បានផ្ដល់ការជឿទុកចិត្ដច្បាសលាស់ នៅក្នុងការដឹកនាំរបស់គណបក្សប្រជាជន ដើម្បីបម្រើប្រជាជនតទៅទៀត។

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ជឿជាក់ថា ការដែលប្រជាពលរដ្ឋបោះឆ្នោតឱ្យបក្សប្រជាជន មិនមែនជារឿងចៃដន្យនោះទេ គឺជាការសម្រេចចិត្ត ដោយសារតែប្រជាជនយល់ថា នៅពេលដែលលំបាកគ្មាននរណាទេ ក្រៅពីបក្សប្រជាជនកម្ពុជា នៅពេលកូវីដ គ្មាននរណាចេញមុខសម្រួលដោះស្រាយ។

បន្ថែមពីនោះទៀត សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា នៅឆ្នាំ២០២៣ កន្លងទៅ អ្នកដែលធ្លាប់បោះឆ្នោតឱ្យបក្សផ្សេងកន្លងទៅ ក៏បានមកបោះឆ្នោតឱ្យគណបក្សប្រជាជនដែរ។

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក៏បានឲ្យដឹងផងដែរថា អំឡុងរាលដាលកូវីដ១៩ សម្តេចគឺជាអ្នកចាក់វ៉ាក់សាំងកូវីដ១៩ មុនគេបង្អស់ ពេលដែលយកមកដល់ប្រទេសកម្ពុជា ហើយការចាក់នេះ មិនមែនជាការសាកថ្នាំនោះឡើយ។

សម្តេចបវរធិបតី បានថ្លែងទៀតថា បើសិនជាមេដឹកនាំយើងខ្លាច មិនប្រើវ៉ាក់សាំងរបស់ចិនពេលនោះ ដោយរង់ចាំការប្រកាសរបស់ WHO នោះ នឹងមានប្រជាជនខ្មែរស្លាប់មិនខាន។ សម្តេចបវរធិបតី បានថ្លែងថា ការសម្រេចចិត្តអំឡុងកូវីដ១៩ គឺជាការសម្រេចចិត្តត្រូវរបស់សម្តេចតេជោ ហ៊ុន សែន ដោយយកអាយុជីវិតប្រជាពលរដ្ឋខ្មែរជាសំខាន់៕