(កំពង់ធំ)៖ សម្ដេចមហាបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបង្ហាញការជឿជាក់ថា ប្រជាពលរដ្ឋខ្មែរទាំងអស់នឹងឱ្យតម្លៃតែលើអ្វី ដែលកើតឡើងនៅលើដី ជាពិសេសទៅលើលទ្ធផល សមិទ្ធផលជាក់ស្ដែង ដែលដែលបង្កើតឡើងដោយគណបក្សប្រជាជនកម្ពុជា, ហើយពលរដ្ឋខ្មែរនឹងមិនជឿលើការឃោសនានយោបាយបែបប្រជាភិថុតឡើយ។
ការបង្ហាញនូវជំនឿជឿជាក់លើប្រជាពលរដ្ឋខ្មែរ របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បែបនេះ បានធ្វើឡើងនៅក្នុងឱកាសដែលសម្ដេច អញ្ជើញបើកការដ្ឋានសាងសង់អគារទីស្នាក់ការគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ធំ នាព្រឹកថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៥។
ទន្ទឹមនឹងការជឿទុកចិត្ត សម្ដេចនាយករដ្ឋមន្រ្តី ក៏បានទទួលស្គាល់ថា អាចមានភាពឆកល្វែងកើតឡើង នៅក្នុងការអនុវត្តន៍ការងារមួយចំនួន ប៉ុន្តែមានប្រជាពលរដ្ឋរាប់លានអ្នកដែលទទួលផលពិតជាក់ស្ដែង ដែលមិនមែនជារឿងបោកបញ្ឆោត ឬប្រជាភិថុតនោះឡើយ នេះមិនមែនដោយចៃដន្យទេ ប៉ុន្តែគឺដោយសារគោលនយោបាយជាក់លាក់របស់រដ្ឋាភិបាល ដែលបានដាក់ចេញនិងអនុវត្តន៍ពិតៗ។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា៖ «ខ្ញុំនៅតែជឿជាក់ថា ប្រជាពលរដ្ឋខ្មែរយើងទាំងអស់គ្នា ទោះបីជារាល់ថ្ងៃមានការផ្សព្វផ្សាយ និយាយចុះឡើងតាមហ្វេសប៊ុក តាមអីក៏ដោយ ឃោសនាពីនយោបាយស្អីក៏ដោយ ប៉ុន្តែទីបំផុតនឹងឱ្យតម្លៃទៅលើអ្វីដែលកើតមាននៅលើដី ជាពិសេសទៅលើលទ្ធផល សមិទ្ធផលជាក់ស្ដែង ដែលយើងខិតខំធ្វើឱ្យនេះដែលខ្ញុំជឿថា គណបក្សប្រជាជនកម្ពុជា នៅតែមានការទុកចិត្តពីប្រជាពលរដ្ឋ ព្រោះយើងនៅតែបន្តផ្ដល់ការងារសំខាន់ៗ និងធ្វើសមិទ្ធផលសំខាន់ៗ ជូនប្រជាពលរដ្ឋមិនត្រឹមតែក្នុងក្របខណ្ឌរដ្ឋាភិបាលនោះទេ ប៉ុន្តែក្របខណ្ឌក្រុមការងាររបស់រាជរដ្ឋាភិបាលចុះជួយមូលដ្ឋាន ក្រុមការងារគណបក្សប្រជាជនចុះជួយមូលដ្ឋាន គណបក្សមូលដ្ឋានក្នុងកន្លែងទាំងអស់ខំប្រឹងធ្វើការបម្រើប្រជាពលរដ្ឋ»។
សម្ដេចបានបន្តថា៖ «សមាជិក សមាជិការ យុវជនរបស់យើងខំប្រឹងធ្វើអំពើល្អឱ្យប្រជាពលរដ្ឋតាមគោលការណ៍របស់បក្ស នេះហើយដែលខ្ញុំជឿជាក់១០០% ថា ប្រជាជននឹងនៅមានភាពកក់ក្ដៅ ជាមួយយើងតទៅទៀត។ មិនល្អឥតខ្ចោះទេ ប៉ុន្តែយើងនឹងខិតខំឱ្យល្អឥតខ្ចោះ។ បានន័យថាមិច? យើងឃើញខុស យើងកែលម្អ យើងខិតខំបង្កើនអ្វីដែលវិជ្ជមានឱ្យតទៅទៀត នេះហើយជាទិសដៅរបស់គណបក្សប្រជាជនកម្ពុជា។ យើងទទួលស្គាល់នូវចំណុចខ្វះខាត យើងទទួលស្គាល់នូវអ្វីដែលយើងមិនទាន់ដោះស្រាយបាន យើងខិតខំបន្តតទៅទៀត នៅពេលណាមួយដែលយើងថាយើងល្អឥតខ្ចោះ ពេលនោះហើយដែលយើងនឹងធ្លាក់។ គណបក្សខ្លះគេអង្គុយរិះគន់ពីក្រៅគេល្អឥតខ្ចោះ គណបក្សប្រជាជនកម្ពុជា អាក្រក់រហូតយើងអត់ថាទេ អ្វីដែលសំខាន់យើងទទួល យើងដោះស្រាយ យើងពន្យល់ឱ្យបងប្អូនប្រជាជនយល់»។
នៅក្នុងន័យនេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានសង្កត់ធ្ងន់ថា ចំណុចខ្វះខាតអាចនឹងកើតមានឡើង ប៉ុន្តែអ្វីដែលសំខាន់គឺព្រមទទួលស្គាល់ថាខ្លួនឯងមានចំណុចខ្វះខាត ហើយព្រមទទួលយក និងព្យាយាមបំពេញ ឬលុបបំបាត់នូវចំណុចខ្វះខាតរបស់ខ្លួន នោះជារឿងប្រសើរ។ ប៉ុន្តែប្រសិនជា យើងមិនទទួលស្គាល់ថាខ្លួនមានចំណុចខ្វះខាត ឬគិតថាខ្លួនឯងល្អឥតខ្ចោះហើយនោះ ពេលនោះហើយដែលយើងនឹងធ្លាក់៕