(សៀមរាប)៖ លោកបណ្ឌិត តាំង សំណាង ទីប្រឹក្សារាជរដ្ឋាភិបាល នៅថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៥នេះ បានចុះសួរសុខទុក្ខ និងនាំយកអំណោយជាគ្រឿងឧបភោគបរិភោគ ដែលសប្បុរសជនផ្តល់ជូនតាមរយៈលោកបណ្ឌិត ចែកជូនដល់ប្រជាពលរដ្ឋ​ដែលមានជីវភាពខ្វះខាតចំនួន ១០០គ្រួសារ ដែលរស់នៅក្នុងឃុំលាងដៃ ស្រុកអង្គរធំ ខេត្តសៀមរាប។

ក្នុងឱកាសនោះ លោក គឿន កើប មេឃុំលាងដៃ បានថ្លែងអំណរព្រះគុណដល់សប្បុរសជន ដែលបាននាំយកអំណោយជាគ្រឿងឧបភោគបរិភោគ មកចែកជូនដល់ប្រជាពលរដ្ឋនៅក្នុងឃុំលាងដៃនាពេលនេះ គឺជាទឹកចិត្តមនុស្សធម៌ ដែលបានយកចិត្តទុកដាក់ និងគិតគូរពីសុខទុក្ខដល់ប្រជាពលរដ្ឋ ដែលមានជីវភាពខ្វះខាតនៅតាមមូលដា្ឋន។

លោកបានបន្តថា នេះជាការរួមចំណែកជួយសម្រាលជីវភាពដល់គ្រួសារ ដែលមានជីវភាពខ្វះខាត និងកំពុងតែមានតម្រូវការចាំបាច់ក្នុងជីវភាពប្រចាំថ្ងៃ អាចទៅដោះស្រាយជីវភាពបានមួយរយ:ពេលផងដែរ។

លោកក៏បានអំពាវនាវដល់សប្បុរសជនដទៃទៀត មេត្តាបន្តផ្តល់អំណោយជាមនុស្សធម៌ ឱ្យបានច្រើនបន្ថែទៀត ដើម្បីអាជ្ញាធរឃុំមានលទ្ធភាពផ្គត់ផ្គង់ និងចែកជូនដល់ប្រជាពលរដ្ឋ ដែលមានការខ្វះខាតជីវភាព ព្រោះថា ភាពទីទ័លលំបាករមែងតែងតែកើតមានគ្រប់ទីតំបន់ មិនថាតែប្រទេសជឿនលឿន ឬក៏ប្រទេសកំពុងអភិវឌ្ឍន៍ដូចជាកម្ពុជាជាដើម។

លោកបណ្ឌិត តាំង សំណាង បានលើកឡើងថា ក្នុងនីតិកាលទី៧នេះ រាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានកំពុងជំរុញនូវការអភិវឌ្ឍលើគ្រប់វិស័យ ទាំងនៅទីប្រជុំជន និងជនបទ ក្នុងគោលដៅកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ ក្នុងការជំរុញកំណើនការងារ តាមរយៈការបង្កលក្ខណៈងាយស្រួលលើការវិនិយោគ នៅតាមបណ្តាមូលដ្ឋានទូទាំងប្រទេស។

លោកបណ្ឌិត តាំង សំណាង បន្តថា លោកតែងតែស្វែងរកអំណោយ ឬក៏គ្រឿងឧបភោគបរិភោគពីសប្បុរសជន ដើម្បីយកមកចែកជូនដល់ ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត និងជនមានពីការភាព ដែលកំពុងជួបការលំបាកពិតប្រាកដ នៅតាមបណ្ដាមូលដ្ឋានមួយចំនួន ដែលទទួលព័ត៌មានបានតាមរយៈអាជ្ញាធរមូលដ្ឋាន ដែលបានផ្ដល់ជូនអំពីជីវភាពរស់នៅ និងការលំបាកផ្សេងៗរបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន។       

លោកបណ្ឌិតបានបន្ថែមថា អំណោយដែលផ្តល់ជូនដល់ប្រជាពលរដ្ឋនាពេលនេះ គ្រាន់តែជាចំណែកតូចមួយ ដើម្បីជួយរំលែកនូវការលំបាកបានមួយគ្រាតែប៉ុណ្ណោះ ប៉ុន្ដែអាចជួយសម្រួលដល់ជីភាពគ្រួសារដែលកំពុងជួបការខ្វះខាតបានមួយចំនួន។ ចំពោះការបរិច្ចាកពីទឹកចិត្ដសប្បុរសជន ក្នុងគោលដៅ ដើម្បីចូលរួមក្នុងការងារសង្គមជាមួយរាជរដ្ឋាភិបាល ក្នុងការជួយសម្រួលដល់ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត។

ជាមួយនេះដែរ លោកបណ្ឌិត តាំង សំណាង និងក្រុមគ្រួសារ ព្រមទាំងសប្បុរសជន ក៏បានធ្វើពិធីនិមន្តព្រះសង្ឃចម្រើនព្រះបរិត្តជាសិរីសួស្តី ដើម្បីឆ្លងអាសនៈដែលទើបសាងសង់ថ្មី សម្រាប់ឧទ្ទិសជូនដល់លោកឪសួង (ទេវតាដើរដី) ដែលជាសមិទ្ធផលថ្មីមួយបន្ថែមទៀត នៅក្នុងភូមិស្ពានថ្មី ឃុំលាងដៃ ស្រុកអង្គរធំ ខេត្តសៀមរាប។ អាសនៈនេះមានសារះសំខាន់ដល់ប្រជាពលរដ្ឋ ក្នុងការរួមចំណែកជាមួយពុទ្ធចក្រ និងអាណាចក្រ ក្នុងការគោរពប្រណិបត្តិតាមបែបសាសនា ជានិមិត្តរូបនៃមរតកប្រវត្តិសាស្រ្ត សម្រាប់មនុស្សជំនាន់ក្រោយៗផងដែរ៕