(កំពង់ធំ)៖ នៅរសៀលថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៥នេះ លោក ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម អមដំណើរដោយរដ្ឋលេខាធិការប្រចាំការ និងលោក លោកស្រី ជាថ្នាក់ដឹកនាំ មន្ត្រីបច្ចេកទេសក្រសួង និងមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ធំ បានអញ្ជើញចុះពិនិត្យជាក់ស្តែងវឌ្ឍនភាពការងារស្តារស្ទឹងស្លាប់ នៃគម្រោងអភិវឌ្ឍន៍សំណង់ស្ទាក់ទឹកកំពង់គោក្នុងភូមិសាស្រ្ដខេត្តកំពង់ធំ។
ការងារស្ដារស្ទឹងស្លាប់នេះ គឺជាផ្នែកមួយនៃគម្រោងអភិវឌ្ឍន៍សំណង់ស្ទាក់ទឹកកំពង់គោ ដែលមានសក្ដានុពលជួយរំដោះទឹក និងពង្វាងទឹកជំនន់ក្នុងបរិមាណ៣០០ម៉ែត្រគូបក្នុងមួយវិនាទី ជាពិសេសជួយបញ្ចៀសហានិភ័យនៃការជន់លិចក្រុងស្ទឹងសែននិងតំបន់ជុំវិញ នារដូវវស្សាបានយ៉ាងមានប្រសិទ្ធភាព និងបានដើរតួនាទីយ៉ាងសំខាន់ផងដែរក្នុងការនាំទឹក និងផ្តល់ទឹកសម្រាប់ស្រោចស្រពផ្ទៃដីបង្កបង្កើនផលដំណាំរួមផ្សំគ្រប់ប្រភេទ នៅតាមដងស្ទឹងនារដូវប្រាំង និងបម្រើដល់ការប្រើប្រាស់ក្នុងជីវភាពរស់នៅប្រចាំថ្ងៃរបស់បងប្អូនប្រជាពលរដ្ឋនៅក្នុងក្រុង-ស្រុកចំនួន៥ នៃខេត្តកំពង់ធំ ដែលរួមមានក្រុងស្ទឹងសែន ស្រុកកំពង់ស្វាយ ស្រុកសន្ទុក ស្រុកប្រាសាទបល្ល័ង្គ និងស្រុកសណ្តាន់។
សូមជម្រាបថា គម្រោងអភិវឌ្ឍន៍សំណង់ស្ទាក់ទឹកកំពង់គោ ស្ថិតនៅចម្ងាយប្រមាណ១៥គីឡូម៉ែត្រ ពីទីរួមខេត្តកំពង់ធំផ្នែកខាងក្រោមតាមបណ្តោយស្ទឹងសែន។ ការងារសំខាន់ៗរបស់គម្រោងរួមមាន៖ ទី១. កសាងសំណង់ស្ទាក់ទឹកកំពង់គោប្រវែង ២៦០ម៉ែត្រ, ទី២. កសាងសំណង់បញ្ចេញបញ្ចូលទឹក និងគ្រប់គ្រងទឹកចំនួន៤៧កន្លែង ចាប់ពីសំណង់ស្ទាក់ស្ទឹងកំពង់គោរហូតដល់ស្ទឹងស្លាប់ និងទី៣. ស្តារស្ទឹងស្លាប់ប្រវែង ៣០គីឡូម៉ែត្រ តភ្ជាប់ពីស្ទឹងសែននៅផ្នែកខាងលើនៃក្រុងស្ទឹងសែន ក្នុងសង្កាត់ស្រយ៉ូវ មានខ្នងទំនប់ទំហំ ៦ម៉ែត្រ មាត់លើទំហំ ៦០ម៉ែត្រ បាតក្រោមទំហំ ២០ម៉ែត្រ និងមានសំណង់សិល្បការ្យដូចជា សំណង់កាត់ស្ទឹង សំណង់ស្ទាក់ទឹក និងសំណង់បញ្ចេញបញ្ចូលទឹក សរុប១១៧កន្លែង៕