(កំពង់ឆ្នាំង)៖ នាយឧត្តមសេនីយ៍ សឹង សំណាង អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងអាកាស និងលោកស្រី អ៊ូ សិទ្ធិរី ជាពុទ្ធសាសនូបត្ថម្ភ និងជាអ្នកទ្រទ្រង់សាសនាប្រកបទឹកចិត្តជ្រះថ្លាជាទីបំផុត រួមជាមួយលោក លោកស្រីនាយទាហាននៃបញ្ជាការដ្ឋានកងទ័ពជើងអាកាស និងពុទ្ធបរិស័ទជិតឆ្ងាយជាច្រើននាក់ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី៣ ខែកក្កដា ឆ្នាំ២០២៥ បានដង្ហែរទៀនព្រះវស្សាទៅប្រគេនព្រះសង្ឃនៅវត្តវាលុកថុល្លារាម ហៅវត្តទួលខ្សាច់ ឃុំជ្រៃបាក់ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង និងវត្តចំនួន៦ ទៀត ដែលស្ថិតក្នុងខេត្តកំពង់ឆ្នាំង។

នាយឧត្តមសេនីយ៍ និងលោកស្រីភរិយា តែងតែរៀបចំទៀនព្រះវស្សា និងទេយ្យទានប្រគេនព្រះសង្ឃគង់តាមទីអារាមក្នុងស្រុករលាប្អៀរ នៅមុនពេលបុណ្យចូលកាន់ព្រះវស្សាជារៀងរាល់ឆ្នាំ។

ពិធីប្រគេនទៀនព្រះវស្សា និងទេយ្យទានសម្រាប់ព្រះសង្ឃត្រៀមចូលព្រះវស្សានាពេលខាងមុខនេះ ត្រូវបានអញ្ជើញរៀបចំផ្ដួចផ្ដើមឡើងដោយនាយឧត្តមសេនីយ៍ សឹង សំណាង និងលោកស្រី អ៊ូ សិទ្ធិរី រួមជាមួយនាយទាហានកងទ័ពជើងអាកាស។ ក្នុងពិធីនោះក៏មានការអញ្ជើញចូលរួមពីអាជ្ញាធរដែនដីស្រុក ឃុំ ភូមិ ប្រជាពលរដ្ឋ និងប្រជាការពារ ព្រមទាំងញាតិមិត្តជិតឆ្ងាយយ៉ាងច្រើនកុះករ។

ក្នុងពិធីដ៏សែនរីករាយ និងប្រកបដោយសទ្ធាជ្រះថ្លានោះ នាយឧត្តមសេនីយ៍ សឹង សំណាង និងលោកស្រីបានបូជាទៀនធូបផ្កាភ្ញីដល់ព្រះរតនត្រ័យជាទីគោរពសក្ការៈ។ បន្ទាប់មកតាអាចារ្យក៏បានដឹកនាំធ្វើកិច្ចនានាតាមពិធីសាសនា រួមមានការធ្វើបទនមសការព្រះរតនត្រ័យ សមាទានសីលជាដើម និងការវេរប្រគេនទៀនព្រះវស្សា និងទេយ្យទានមានដូចជា អង្ករ មី ប្រេង និងបច្ច័យមួយចំនួនទៅដល់វត្តទាំង ៧វត្ត។

នាយឧត្តមសេនីយ៍ សឹង សំណាង បានថ្លែងអំណរគុណយ៉ាងជ្រាវជ្រៅបំផុត ចំពោះការចូលរួមប្រកបដោយសទ្ធាជ្រះថ្លារបស់លោក លោកស្រីជានាយទាហាន នាយ ទាហានរង ពលទាហានកងទ័ពជើងអាកាស និងពុទ្ធបរិស័ទបានរួបរួមគ្នាដង្ហែទៀនព្រះវស្សា មកប្រគេនព្រះសង្ឃគង់នៅវត្តវាលុកថុល្លារាម និងវត្តចំនួន៦ ក្នុងស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។

ក្រៅពីការប្រគេនទៀនព្រះវស្សា និងទេយ្យទានទៅតាមទីអារាម និងព្រះសង្ឃរួចហើយនោះ ក៏មានការរៀបចំចែកទានដល់លោកយាយ លោកតា តាអាចារ្យ គណៈកម្មការវត្តផងដែរ។

ពិធីប្រគេនទៀនព្រះវស្សា និងទេយ្យទានត្រូវបានប្រព្រឹត្តទៅក្រោមបរិយាកាសដ៏សែនសប្បាយរីករាយ និងប្រកបដោយសទ្ធាជ្រះថ្លា៕