(ឧត្តរមានជ័យ)៖ ម្ចាស់គ្លីនិចព្យាបាលជំងឺមាត់ ធ្មេញ គៀត វីរៈ ដែលមានអាស័យដ្ឋាននៅទីក្រុងភ្នំពេញ បាននាំអំណោយជាគ្រឿងឧបភោគ បរិភោគមួយចំនួនប្រគល់ជូនអង្គភាពនគរបាលអន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិជាំ ស្ថិតក្នុងឃុំត្រពាំងប្រីយ៍ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។
ពិធីប្រគល់-ទទួលអំណោយនាឱកាសនេះ ស្ថិតក្រោមវត្តមានលោកវរសេនីយ៍ឯក គឹម សុផាត ប្រធាននគរបាលអន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិជាំ ព្រមទាំងមន្ត្រីក្រោមឱវាទ នៅរសៀលថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៥នេះ។
ម្ចាស់គ្លីនិចព្យាបាលជំងឺមាត់ធ្មេញ គៀត វីរៈ បានថ្លែងនូវក្តីរំភើបរីករាយ ដែលបានមកជួបសួរសុខទុក្ខ សំណេះសំណាល និងជូនអំណោយដោយផ្ទាល់ដល់អង្គភាពនគរបាលអន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិជាំនាពេលនេះ។ ស្របពេលដែលប្រទេសជាតិ កំពុងមានបញ្ហាព្រំដែនជាមួយប្រទេសថៃ ក្នុងស្មារតីខ្មែរស្រឡាញ់ខ្មែរ ម្ចាស់គ្លីនិចព្យាបាលមាត់ធ្មេញ គៀត វីរៈ បាននាំនូវអង្ករចំនួន ៣៤បាវ និងសាច់ក្រកចំនួន ៥០គីឡូក្រាម មកប្រគល់ជូនផងដែរ ជាមួយនឹងការថ្លែងនូវការគោតសរសើរដល់វិៈភាពដ៏អង់អាចក្លាហានរបស់កងកម្លាំងប្រដាប់អាវុធ ដែលកំពុងឈរជើងការពារទឹកដីនៅតាមបន្ទាត់ព្រំដែន។
ដោយឡែកលោកវរសេនីយ៍ឯក គឹម សុផាត ប្រធាននគរបាលអន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិជាំ បានថ្លែងជម្រាបជូនពីសភាពការណ៍នៅច្រកទ្វារព្រំដែនអន្តរជាតិជាំ ដែលកងកម្លាំងទាំងអស់កំពុងអនុវត្តន៍តាមបទបញ្ជាររបស់ថ្នាក់ដឹកនាំ ដោយមិនមានការទ្វេសប្រហែសឡើយ។លោកក៏ថ្លែងអំណរគុណដល់ម្ចាស់គ្លីនិចព្យាបាលជំងឺមាត់ធ្មេញ គៀត វីរៈ ដែលបានចំណាយពេលវេលា ធនធានផ្ទាល់ខ្លួន នាំអំណោយមកប្រគល់ជូនអង្គភាពនគរបាលអន្តោប្រវេសន៍ច្រកទ្វាព្រំដែនអន្តរជាតិជាំនាពេលនេះ ជាមួយនឹងការជូនពរឱ្យមានការគាំទ្រពីសំណាក់អតិថិជនកាន់តែច្រើនថែមទៀត៕