(ភ្នំពេញ)៖ នៅឯអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នាល្ងាចថ្ងៃទី៣ ខែកក្កដាឆ្នាំ២០២៥ លោកបណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស បានបន្តអញ្ជើញសំណេះសំណាល និងទទួលដំណើរនិវត្តន៍របស់សាសនិកឥស្លាមកម្ពុជាចំនួន៣១៣នាក់ បន្ទាប់ពីបានបំពេញកាតព្វកិច្ចហាជ្ជី នៅប្រទេសអារ៉ាប៊ីសាអូឌីត ប្រកបដោយសុវត្ថិភាព។
គិតត្រឹមថ្ងៃទី៣ ខែកក្កដានេះ សាសនិកឥស្លាមកម្ពុជាចំនួន១០៤២នាក់ហើយ បានធ្វើដំណើរវិលត្រឡប់មកកម្ពុជាវិញ ហើយពួកគាត់នឹងបន្តមកជាបន្តបន្ទាប់ រហូតដល់ថ្ងៃទី៦ ខែកក្កដា ខាងមុខនេះ ដោយនៅថ្ងៃទី៤ ចំនួន៤៧នាក់ និងថ្ងៃទី៦ ចំនួន១២៧ដែលជាជើងចុងក្រោយ។
សម្រាប់ឆ្នាំ២០២៥នេះ មានសាសនិកឥស្លាមកម្ពុជា ចំនួន១២០០នាក់ ចំណាយថវិកាសរុបចំនួនប្រមាណជាង ៦,៦០០,០០០ដុល្លារអាមេរិក ដែលបានទៅធ្វើបុណ្យធម្មយាត្រាហាជ្ជីតាមរយៈក្រុមហ៊ុនឯកជន និងក្រោមព្រះរាជឧបត្ថម្ភពីព្រះចៅ សាល់ ម៉ាន់ ពិនអាប់ឌុលអាហ្សីស អាល់ស៊ូអ៊ូឌ ព្រះមហាក្សត្រនៃព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត និងព្រះអង្គម្ចាស់ មហាំម៉ាត់ ពិន សាល់ម៉ាន់ ព្រះរាជទាយាទ និងជានាយករដ្ឋមន្ត្រីអារ៉ាប៊ីសាអូឌីត ចំនួន១៦នាក់។
ក្នុងឱកាសនោះ ទេសរដ្ឋមន្ត្រីបានឲ្យដឹងថា កាលពីឆ្នាំ២០២៤ កន្លងទៅអ្នកទៅធ្វើបុណ្យហាជ្ជ មានចំនួនត្រឹមតែ៩៦៥នាក់ប៉ុណ្ណោះ បើធៀបនឹងឆ្នាំ២០២៥នេះ មានការកើនឡើងចំនួនជាង២០០នាក់ នេះហើយដោយសារប្រទេសយើងមានសុខសន្តិភាព សុខដុមនីយកម្មជាតិសាសន៍ និងសាសនា ដោយមានភាពងាយស្រួលក្នុងការចេញដំណើរទៅប្រតិបត្តិសាសនា ជាពិសេសសេដ្ឋកិច្ចមានការរីកចម្រើនយ៉ាងឆាប់រហ័ស ធ្វើប្រជាពលរដ្ឋអាចមានលទ្ធភាពទៅប្រតិបត្តិបុណ្យនេះ។
ទន្ទឹមគ្នានេះ ទេសរដ្ឋមន្ត្រីបញ្ជាក់ដែរថា លោកគ្រោងនឹងជួបរដ្ឋមន្ត្រីក្រសួងហាជ្ជី និងអ៊ុរ៉ោះអារ៉ាប៊ីសាអូឌីត ដើម្បីស្នើសុំបង្កើនចំនួនអ្នកទៅធ្វើបុណ្យហាជ្ជបន្ថែមទៀត ចន្លោះពី១៥០០ ទៅ២០០០នាក់ សម្រាប់ឆ្នាំក្រោយៗទៀត ខណៈកន្លងមកកម្ពុជាមានកូតាត្រឹម១២០០នាក់ប៉ុណ្ណោះ។
សូមបញ្ជាក់ថា ការទៅចូលរួមប្រតិបត្តិបុណ្យធម្មយាត្រាហាជ្ជ គឺជាកាតព្វកិច្ចទី៥ ក្នុងចំណោមកាតព្វកិច្ចទាំង៥ របស់សាសនាឥស្លាម ដែលជារៀងរាល់ឆ្នាំ សាសនិកឥស្លាមនៅទូទាំងពិភពលោកពីគ្រប់ទិសទី អញ្ជើញទៅធ្វើបុណ្យនេះនៅឯទីក្រុងម៉ាក្កះ ប្រទេសអារ៉ាប៊ីសាអូឌីត៕