(ក្រចេះ)៖ លោក ខាយ ឃុនហេង រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នាពេលថ្មីៗនេះ បានអញ្ជើញជាអធិបតីក្នុងសិក្ខាសាលាស្ដីពី “ការចូលរួមបញ្ចប់អេដស៍ និងចីរភាពកម្មវិធីអេដស៍ និងការទប់ស្កាត់ការចរាចរ ការជួញដូរការប្រើប្រាស់គ្រឿងញៀន ក្នុងវិស័យប្រៃសណីយ៍និងបច្ចេកវិទ្យាឌីជីថល” នៅសណ្ឋាគារ លី ជី ខេត្តក្រចេះ។

ពិធីនេះមានការអញ្ជើញចូលរួមពីសាស្រ្តចារ្យវេជ្ជបណ្ឌិត ហោ ប៊ុនឡេង អគ្គលេខាធិការរងនៃអគ្គលេខាធិការអាជ្ញាធរជាតិប្រយុទ្ធនឹងជម្ងឺអេដស៍ ឧត្តមសេនីយទោ កៅ ប៊ូមុនី អនុប្រធាននាយកដ្ឋានអនុវត្តច្បាប់ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន លោក សួស សេរីសួស្ដី អភិបាលរងខេត្តក្រចេះ និងមន្រ្តីរាជការតំណាងមន្ទីរប្រៃសណ៍ និងទូរគនាគមន៍ខេត្ត បណ្ដាសាខាប្រតិបត្តិករ ក្នុងវិស័យប្រៃសណីយ៍និងទូរគមនាគមន៍សរុបប្រមាណ ១២០រូប។

សិក្ខាសាលានេះរៀបចំក្នុងគោលបំណង ១). ដើម្បីកាត់បន្ថយ ឬទប់ស្កាត់នូវភាពអវិជ្ជមានដែលបានប៉ះពាល់ដល់ធនធានមនុស្ស ២). ផ្សព្វផ្សាយចំណេះដឹងការចរាចរគ្រឿងញៀន ដែលត្រូវបានលួចបង្កប់តាមបញ្ញើប្រៃសណីយ៍ ៣). ចែករំលែកបទពិសោធក្នុងការអនុវត្តវិធានការរដ្ឋបាលចំពោះអ្នកពាក់ព័ន្ធគ្រឿងញៀន និងបញ្ហាអេដស៍ ដើម្បីការពារខ្លួនក៏ដូចជាមានវិធានការទប់ស្កាត់ ការចរាចរ ការជួញដូរ ការប្រើប្រាស់គ្រឿងញៀន និងនាំគ្នាយល់អំពីលទ្ធផលនៃការខ្ជីខ្ជា ឬមើលស្រាលជំងឺអេដស៍។

ជាមួយគ្នានេះ លោករដ្ឋលេខាធិការ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់វាគ្មិនដែលបានចំណាយពេលវេលា ក្នុងការចែករំលែកនូវចំណេះដឹង និងបទពិសោធថ្មីៗ ពាក់ព័ន្ធនិងជម្ងឺអេដស៍ ក៏ដូចជាបញ្ហាគ្រឿងញៀនផងដែរ។ ឯកឧត្តមរដ្ឋលេខាធិការ មានសង្ឃឹមយ៉ាងមុតមាំថា សិក្ខាសាលាដែលបានចូលរួមនៅថ្ងៃនេះគឺជាសកម្មភាព ជាចលនា ចូលរួមបញ្ចប់ជម្ងឺអេដស៍ និងទប់ស្កាត់ការប្រើប្រាស់ ជួញដូរ និងចរាចរគ្រឿងញៀន ដែលទាមទារឱ្យមានការយកចិត្តទុកដាក់ខ្ពស់ក្នុងការត្រួតពិនិត្យកញ្ចប់បញ្ញើក្នុងក្រុមហ៊ុនរបស់ខ្លួន៕