(ព្រៃវែង)៖ លោក អ៊ុក សំណាង ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រៃវែង បានឲ្យដឹងនៅព្រឹកថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៥ថា ផលិតកម្មដំណាំស្រូវរដូវវស្សា ឆ្នាំ២០២៥នេះ គិតត្រឹមថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៥ អនុវត្តបានលើផ្ទៃដីព្រោះសរុប ២០៥ ៨១៧ហិកតា(ស្ទូងគ្មាន)ស្មើនឹង ៦៨,៦១%នៃផែនការ ៣០ម៉ឺនហិកតា ធៀបនឹងឆ្នាំមុន ទាបជាង ១០ ៩១៦ហិកតា។
លោក អ៊ុក សំណាង បានបន្តថា ផលិតកម្មដំណាំសាកវប្បកម្ម និងដំណាំឧស្សាហកម្មរដូវវស្សាឆ្នាំ២០២៥(គិតត្រឹមថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៥)ដំណាំសាកវប្បកម្ម មានបន្លែគ្រប់មុខ ពោតស ឪឡឹក និងម្ទេសគ្រប់មុខ សម្រេចបានលើផ្ទៃដីសរុប ១ ២៨៥ហិកតា ស្មើនឹង ១០៧,០៨%នៃផែនការ ១ ២០០ហិកតា។ ប្រមូលផលសរុប ២៩៤ហិកតា បរិមាណផលសរុប ៥ ១៨១តោន។ ដំណាំឧស្សាហកម្ម មានពោតក្រហម សណ្តែកបាយ សណ្តែកដី ល្ង អំពៅ ដំឡូងមី និងឈូក សម្រេចបានលើផ្ទៃដីសរុប ៥ ១១៨ហិកតា ស្មើនឹង ១០៤,៤៥%នៃផែនការ ៤ ៩០០ហិកតា។ ប្រមូលផលសរុប ៥៧៣ហិកតា បរិមាណផលសរុប ១ ០២០តោន។
លោកបានបន្តថា ការនាំចេញស្រូវក្រៅផ្លូវការទៅប្រទេសវៀតណាម ចាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៥ សរុបមានចំនួន ១៦៤៦ ៧៥២តោន(រួមទាំងស្រូវឆ្លងកាត់)។ តម្លៃស្រូវសើមនៅស្រែជាមធ្យម៖ ស្រូវអ៊ីអ៊ែរ ៥០៤០៤ តម្លៃ ៨២០រៀលក្នុង ១គីឡូក្រាម ស្រូវអូអឹម ៥៤៥១ តម្លៃ ៨៥០រៀលក្នុង ១គីឡូក្រាម ចំណូលសរុប ៣៥៦ ៧១៨ ៩១៩ដុល្លារ។
លោកប្រធានមន្ទីរកសិកម្ម បានគូសបញ្ជាក់ថា ជាទូទៅស្ទើរតែគ្រប់ស្រុក ក្រុង នៅខេត្តព្រៃវែង ចំពោះវិស័យកសិកម្មដំណាំស្រូវ ប្រជាពលរដ្ឋអាចធ្វើបានក្នុងមួយឆ្នាំ ចាប់ពី ២ទៅ ៣ដងឯណោះ ហើយទិន្នផល ក៏បានខ្ពស់គួរសមដែរ។
លោកបានបន្តថា ការនាំស្រូវចេញទៅលក់នៅប្រទេសវៀតណាម តាមច្រកទ្វារពីរសំខាន់ គឺច្រកទ្វារអន្តរជាតិបន្ទាយចក្រី ស្ថិតនៅក្នុងស្រុកព្រះស្ដេច និងច្រកទ្វារអន្តរជាតិកោះរកា ស្ថិតនៅក្នុងស្រុកពាមជរ ខេត្តព្រៃវែង៕