(ភ្នំពេញ)៖ លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន នាព្រឹកថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២៥ បានចាត់ឱ្យលោក ចាយ សាមិត្ត រដ្ឋលេខាធិការក្រសួងបរិស្ថាន រួមជាមួយថ្នាក់ដឹកនាំ និងមន្រ្តីរាជការក្រសួងបរិស្ថាន បានប្រគល់អំណោយធុងសំរាមចំនួន៣០ធុង ជូនទៅកងរាជអាវុធហត្ថលើផ្ទៃប្រទេស សម្រាប់ទុកដាក់សំណល់រឹង ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការសមិទ្ធផលនានា និងអបអរសាទរពិធីប្រារព្ធខួបលើកទី៣២ ទិវាបង្កើតកងរាជអាវុធហត្ថ (១៤ កក្កដា ១៩៩៣ - ១៤ កក្កដា ២០២៥) និងដើម្បីទុកសម្រាប់ប្រើប្រាស់នៅក្នុងអង្គភាពកងរាជអាវុធហត្ថលើផ្ទៃប្រទេស។

នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានថ្លែងអំណរគុណដល់លោកបណ្ឌិត អ៊ាង សុផល្លែត ដែលបានផ្លតល់សម្ភារៈទុកដាក់សំរាម សំណល់ប្លាស្ទិក នាពេលនេះ និងបានថ្លែងចាត់ទុកថា ជានិច្ចកាលឯកឧត្តមរដ្ឋមន្រ្តី បានគិតគូរខ្ពស់លើការថែទាំសុខភាព អនាម័យបរិស្ថាន និងសោភ័ណភាពនៅតាមមូលដ្ឋាន។

សូមបញ្ជាក់ថា ការប្រគល់ធុងសំរាមជូនកងរាជអាវុធហត្ថលើផ្ទៃប្រទេស នាពេលនេះ ជាការបង្ហាញថាភាពស្អាត ត្រូវបានផ្សព្វផ្សាយនៅទូទាំងប្រទេស ហើយបានជំរុញឱ្យមានការចូលរួមពីគ្រប់ទីកន្លែងថែមមួយកម្រិតទៀត ក្នុងនោះមានទាំងកងយោធពលខេមរភូមិន្ទផងដែរ សំដៅដល់ភាពស្អាតនៅលើដីរបស់កម្ពុជា និងលើសពីនេះ បានឆ្លើយតបនឹងគោលនយោបាយ និងយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាលកម្ពុជា និងការយកចិត្តទុកដាក់ខ្ពស់ ចំពោះជីវភាព សុខភាព និងការរស់នៅប្រកបដោយចីរភាព របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។

លោកបណ្ឌិត អ៊ាង សុផល្លែត សូមថ្លែងអំណរគុណដល់អ្នកចូលរួមទាំងអស់ ក្នុងយុទ្ធនាការដើម្បីកម្ពុជាមានភាពស្អាត មានដូចជាយុទ្ធនាការ កាត់បន្ថយការប្រើប្រាស់ប្លាស្ទិក «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» ការរួមគ្នាសម្អាតមូលដ្ឋាន ក្នុងយុទ្ធនាការ «កម្ពុជាស្អាត ខ្មែរធ្វើបាន» និងយុទ្ធនាការសម្អាតផ្លូវជាតិ «ផ្លូវជាតិ គ្មានសំរាមនិងសំណល់ប្លាស្ទិក» ហើយជាបន្តបន្ទាប់ប្រជាជន មានការគិតគូលើការទុកដាក់សំរាម និងសំណល់ប្លាស្ទិក ឱ្យបានត្រឹមត្រូវជាបណ្តើរៗ។

លោករដ្ឋមន្រ្តីមានសុទិដ្ឋិនិយមចំពោះ ការចូលរួមអនុវត្តសកម្មភាព ដើម្បីកម្ពុជាមានភាពស្អាត ដែលបាននឹងកំពុងរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច ការកែលម្អសេវាសាធារណៈ និងការដោះស្រាយបញ្ហាបរិស្ថាន អនុលោមតាមយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ដែលជំរុញឱ្យកម្ពុជាមានភាពស្អាត បៃតង និងចីរភាព និងឆ្លើយតបនឹងគោលដៅយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា៕