(ភ្នំពេញ)៖ លោកស្រី កុយ សុដានី រដ្ឋលេខាធិការប្រចាំការក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៥នេះ បានដឹកនាំក្រុមការងារចុះពិនិត្យផ្ទាល់ ដល់ទីតាំងកំណាត់ផ្លូវរថភ្លើង ភ្ជាប់ពីខ្សែផ្លូវដែកមេ ចូលទៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ មានប្រវែង ១៥០០ម៉ែត្រ សង់នៅលើទ្រូងផ្លូវ 105K ដោយមានការចូលរួមពីថ្នាក់ដឹកនាំ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ មន្រ្តីបច្ចេកទេសនៃនាយកដ្ឋានផ្លូវដែក និងតំណាងក្រុមហ៊ុន Royal Railway ដើម្បីពិនិត្យ និងកែសម្រួលកំណាត់ផ្លូវរថភ្លើងតភ្ជាប់នេះ។

ជាលទ្ធផលមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ សហការជាមួយក្រុមហ៊ុន Royal Railway នឹងធ្វើការកាយដកដែករ៉ៃចេញ និងចាក់បេតុងឱ្យបានស្អាតឡើងវិញ ស្របតាមស្តង់បច្ចេកទេសផ្លូវបេតុង។ ដើម្បីធានានូវសុវត្ថិភាព របស់ប្រជាពលរដ្ឋធ្វើចរាចរតាមដងផ្លូវនេះ ក្រុមការងារនឹងសហការគ្នាទាំងយប់ទាំងថ្ងៃ ឱ្យការងារនេះចប់រួចរាល់ឆាប់បំផុត។

ជាមួយគ្នានេះផងដែរ ក្រុមការងារក៏បានចុះពិនិត្យទីតាំងផ្លូវឆ្លងកាត់ផ្លូវរថភ្លើង ដែលមានគ្រោះថ្នាក់ញឹកញាប់ចំនួន២ ទីតាំង នៅតំបន់ផ្លូវទំនប់កប់ស្រូវ ហើយក្រុមហ៊ុន Royal Railway ឯកភាពធ្វើការកែសម្រួលជម្រាលចំណោតផ្លូវឆ្លងកាត់ផ្លូវដែកទាំងពីរ ទីតាំងឱ្យកាន់តែល្អប្រសើរ៕