(ព្រះវិហារ)៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃកម្ពុជា នៅព្រឹកថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៥នេះ បានថ្លែងអំណរគុណ និងដឹងគុណជាអនេក ចំពោះបងប្អូនកងទ័ព និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ដែលបានធ្វើពលិកម្មយ៉ាងអង់អាចក្លាហាន និងមានស្មារតីមោះមុត ក្នុងបេសកកម្មការពារព្រំដែន ដែលជាខឿនឯករាជ្យជាតិ បូរណភាពទឹកដី និងមាតុភូមិ។
ក្នុងឱកាសអញ្ជើញដឹកនាំសមាជិកសមាជិការដ្ឋសភា និងថ្នាក់ដឹកនាំអគ្គលេខាធិការដ្ឋានរដ្ឋសភា ចុះសួរសុខទុក្ខនិងនាំយកអំណោយជាថវិកានិងសម្ភារៈប្រើប្រាស់ ចែកជូនវីរកងទ័ពដែលកំពុងឈរជើងនៅតាមបន្ទាត់ព្រំដែនក្នុងខេត្តព្រះវិហារ សម្ដេចធិបតី ឃួន សុដារី បញ្ជាក់ថា គំរូវីរភាពដ៏មហិមា ដែលមានតម្លៃមិនអាចកាត់ថ្លៃបាននេះ គឺជាកត្តាចាំបាច់បំផុតក្នុងការធានានូវសុខសន្តិភាព ស្ថិរភាព ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងភាពសុខក្សេមក្សាន្តរបស់ប្រជាជន ហើយនេះជាគំរូដ៏ឧត្ដុង្គឧត្ដមសម្រាប់ប្រជាជនខ្មែរគ្រប់រូប ព្រមទាំងកូនចៅជំនាន់ក្រោយៗត្រូវរៀនសូត្រ និងយកតម្រាប់តាម។
ក្នុងពិធីសំណេះសំណាលជាលក្ខណៈមហាគ្រួសារខ្មែរក្នុងស្មារតី អ្នកជួរក្រោយគំាទ្រ នៅជាប់ជានិច្ចជាមួយយុទ្ធជនជួរមុខនោះ សម្តេចប្រធានរដ្ឋសភា បានគូសបញ្ជាក់ថា កម្ពុជាប្រកាន់ខ្ជាប់នូវគោលជំហរក្សាសន្តិភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការល្អជាមួយថៃ ដូចអ្វីដែលប្រមុខដឹកនាំដែលជាស្ថានិកសន្តិភាពនៅកម្ពុជា សម្តេចតេជោ ហ៊ុន សែន និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានបញ្ជាក់ជាញឹកញាប់រួចមកហើយ ពិសេសនៅពេលសម្តេចទំាងពីរ បានអញ្ជើញមកសួរសុខទុក្ខ វីរកងទ័ពកាលពីពេលថ្មីៗនេះ។ ប៉ុន្តែជាអកុសល ដែលកម្ពុជាមានអ្នកជិតខាងដូចជាថៃ មានចិត្តមិនស្មោះ បានចិញ្ចឹមចិត្តឈ្លានពាន រំលោភបំពានទឹកដីរបស់យើងជានិច្ច។
សម្តេចប្រធានរដ្ឋសភា បន្តថា ភាគីថៃតែងតែចិញ្ចឹមចិត្តដណ្តើមទឹកដីកម្ពុជាតាំងពីអតីតកាលរហូតមក។ ដោយសារបញ្ហានយោបាយនៅទីក្រុងបាងកក ភាគីថៃបានបង្កជម្លោះ រំលោភបំពានលើ អធិបតេយ្យ និងបូរណភាពទឹកដីកម្ពុជា ដែលផ្ទុយនឹងកិច្ចព្រមព្រៀងទ្វេភាគី និងធម្មនុញ្ញសហប្រជាជាតិ។ កម្ពុជាប្រាថ្នាធ្វើជាមិត្តល្អ ប៉ុន្តែគេចិញ្ចឹមចិត្តម្ដងហើយម្ដងទៀត ដណ្ដើមទឹកដីរបស់យើង។ សមដូចប្រសាសន៍សម្តេចតេជាលើកឡើងថា «មានមិត្តជិតខាងល្អដូចមានមាស ពេលមានមិត្តជិតខាងអាក្រក់ដូចមានមីន»។
គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភា ដែលតំណាងឱ្យប្រជាពលរដ្ឋកម្ពុជានៅទូទាំងប្រទេស និងក្រៅប្រទេសជាង១៧ លាននាក់ ដូចជាខ្លួនសម្តេចផ្ទាល់ សម្តេចប្រធានរដ្ឋសភា ពិតជាមានមោទនភាពយ៉ាងខ្លាំង ដោយមានឱកាសបានមកជួបដោយផ្ទាល់ជាមួយបងប្អូន នាយទាហាន នាយទាហានរង ពលទាហាន និងកងកម្លាំងប្រដាប់អាវុធដែលកំពុងឈរជើងនៅតំបន់មុំបី ទិស ប្រាសាទព្រះវិហារ ខេត្តព្រះវិហារ រួមនឹងថ្នាក់ដឹកនាំកងវរៈសេនាតូចប្រចាំទិស ប្រាសាទតាមាន់តូច ប្រាសាទតាមាន់ធំ និងប្រាសាទតាក្របី ដោយស្មារតី និងឆន្ទៈមោះមុត និងម៉ឹងម៉ាត់ក្នុងជំហរការពារយ៉ាងដាច់ខាតនូវបូរណភាពទឹកដី អធិតេយ្យ និងឯករាជ្យ របស់មាតុភូមិកម្ពុជា។
សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានលើកឡើងថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ និងជាប្រធានព្រឹទ្ធសភា និង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា រួមសុខរួមទុក្ខជាមួយពលរដ្ឋជានិច្ច។ សម្តេចថ្នាក់ដឹកនាំ តែងតែគិតគូរល្អិតល្អន់ គ្រប់ជ្រុងជ្រោយចំពោះ កងកម្លាំង និងប្រជាពលរដ្ឋគ្រប់ពេលវេលា មិនចង់ឃើញពលរដ្ឋបាត់បង់អាយុជីវិត រងទុក្ខលំបាកនោះឡើយ ជាពិសេស សម្តេចទំាងពីរមានឆន្ទៈមុតមាំមិនឱ្យចោរបរទេសណាមួយ ឃ្លានពានទឹកដីកម្ពុជាបានមួយមីលីម៉ែត្រឡើយ ។
បើតាមប្រសាសន៍របស់ សម្តេចប្រធានរដ្ឋសភា, កម្ពុជាពិតជាមានសំណាង ដែលមានវត្តមានសម្តេចតេជោហ៊ុន សែន ពោរពេញដោយបទពិសោធន៍ច្បាស់លាស់និងតែងតែទទួល បានជោគជ័យជារហូតមក ប្រឆំាង វាយបកចំពោះចោរឃ្លានពាន។ ដូចជាកាលពីឆ្នាំ២០០៨ និងឆ្នាំ២០១១ជាដើមនោះ ក្រុមចោរឈ្លានពានបានទទួលរងនូវបរាជ័យនិងក្តីអាម៉ាស់យ៉ាងធ្ងន់ធ្ងរបំផុត នៅលើឆាកអន្តរជាតិ។
ក្នុងន័យនេះ សម្តេចរដ្ឋសភាធិបតី អះអាងថា ការសម្រេចចិត្តរបស់កម្ពុជាយកបញ្ហាប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបី ទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) គឺដើម្បីស្វែងរកដំណោះស្រាយបញ្ហាព្រំដែននៅតំបន់ទាំងនោះ ដោយសន្តិវិធីឱ្យបានឆាប់ចប់ជាស្ថាពរ ជាជាងបន្សល់ទុកបញ្ហាឱ្យនៅបន្តស្រពេចស្រពិលរយៈពេលវែង ដែលអាចបង្កឱ្យកើតមានជាជម្លោះប្រដាប់អាវុធសាជាថ្មី។
ជាមួយគ្នានេះ កម្ពុជា បន្តសហការជាមួយភាគីថៃដើម្បីជំរុញការវាស់វែង ខ័ណ្ឌសីមា និងបោះបង្គោលព្រំដែនរវាងប្រទេសទាំងពីរដែលនៅសេសសល់ (ក្រៅពីតំបន់ទាំង៤ខាងលើ)ដោយប្រើប្រាស់យន្តការគណៈកម្មការព្រំដែនចម្រុះ(JBC) កម្ពុជា-ថៃ។ បន្តរក្សាទំនាក់ទំនងរវាងប្រទេសទាំងពីរ តាមរយៈគ្រប់យន្តការដែលមានស្រាប់ ដើម្បីជាឧត្តមប្រយោជន៍សម្រាប់ប្រជាពលរដ្ឋនៃប្រទេសទាំងពីរកម្ពុជា-ថៃ។ នេះបើតាមការអះអាងរបស់ សម្តេចប្រធានរដ្ឋសភា។
សម្ដេចប្រធានរដ្ឋសភា បានគូសបញ្ជាក់ថា រដ្ឋសភាកម្ពុជា សូមសម្តែងនូវសាមគ្គីភាព និងការគាំទ្រដល់រាជរដ្ឋាភិបាលដែលកំពុងប្រឹងប្រែងស្វែងរកដំណោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ តាមរយៈយន្តការតុលាការយុត្តិធម៌អន្តរជាតិ (ICJ) និងក្របខណ្ឌច្បាប់អន្តរជាតិ។ កាលពីដើមខែមិថុនាកន្លងមកនេះ ក្នុងព្រឹត្តការណ៍ប្រវត្តិសាស្រ្តដែលរដ្ឋសភា និងព្រឹទ្ធសភាបានធ្វើសមាជរួមគ្នា ពិភាក្សាលើបញ្ហាចំបងសំខាន់ៗរបស់ជាតិនោះ បានចេញសេចក្តីថ្លែងការណ៍ គាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជា ចំពោះការដោះស្រាយជាមួយថៃនេះដែរ។
សម្ដេចប្រធានរដ្ឋសភា គូសបញ្ជាក់បន្តថា កម្ពុជាមិនចង់បានអ្វី ក្រៅតែយុត្តិធម៌ ភាពត្រឹមត្រូវ និងច្បាស់លាស់មួយ ក្នុងការកំណត់ខ្សែបន្ទាត់ព្រំដែន ជាមួយប្រទេសជិតខាង ដើម្បីកុំអោយកូនចៅជំនាន់ក្រោយ នៅបន្តមានបញ្ហាមិនចេះចប់ជាមួយគ្នា ជាពិសេស ការកសាងខ្សែបន្ទាត់ព្រំដែន ឲ្យក្លាយជាព្រំដែនសន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ។ រាជរដ្ឋាភិបាលបាន ខិតខំប្រឹងប្រែងធ្វើកិច្ចការងារនេះ ប្រកបដោយឆន្ទៈ និងការទទួលខុសត្រូវខ្ពស់ ដើម្បីការពារបូរណភាពទឹកដី និងឧត្តមប្រយោជន៍របស់ជាតិ និងប្រជាជន។
ជាមួយគ្នានេះ សម្តេចប្រធានរដ្ឋសភា បានមានប្រសាសន៍ថា នៅចំពោះមុខការកើនឡើងនៃការគំរាមកំហែងពីខាងក្រៅ បែបនេះ កម្ពុជាក្រោមការដឹកនាំសម្តេចធិបតី ហ៊ុន ម៉ាណែត បាន ទាញយកឱកាសនេះ ដើម្បីឈរដោយខ្លួនឯង ដើម្បីរក្សាការពារបូរណភាពទឹកដឹ ឯករាជ្យ អធិបតេយ្យ សន្តិភាព ឯកភាពជាតិហើយធ្វើយ៉ាងណារួមគ្នាពង្រឹង ភាពធន់របស់ជាតិជាពិសេសតាមរយៈការជំរុញសេដ្ឋកិច្ចកម្ពុជា ឲ្យកាន់តែរីកចម្រើនខ្លាំងក្លាថែមទៀត បន្តកំណើនបានយ៉ាងរឹងមាំ រហូតសម្រេចបានគោលដៅឆ្នាំ២០៣០ និង២០៥០ ជាប្រទេសអភិវឌ្ឍន៍ជាមិនខានឡើយ៕