(កណ្ដាល)៖ ចៅក្រមស៉ើបសួរ នៃសាលាដំបូងខេត្តកណ្ដាល លោក ម៉ាង ណុល បានសម្រេចឃុំខ្លួនក្រុមចោរប្លន់ប្រដាប់អាវុធ ចំនួន៥នាក់ ដែលប្រើល្បិតរាយខ្សែលួសកាត់ទទឹងថ្នល់ ដើម្បីស្ទាក់ប្លន់យកម៉ូតូពីជនរងគ្រោះ នៅស្រុកស្អាង ខេត្តកណ្ដាល បន្ទាប់ពីលោក ខា ដែនណា តំណាងអយ្យការអមសាលាដំបូងខេត្ត សម្រេចចោទប្រកាន់។

នេះបើតាមការឲ្យដឹងលោក ខា ដែនណា អ្នកនាំពាក្យអយ្យការអមសាលាដំបូងខេត្តកណ្ដាល និងលោក សូ សារិន អ្នកនាំពាក្យសាលាដំបូងខេត្តកណ្ដាល ប្រាប់ភ្នាក់ងារ Fresh News ប្រចាំខេត្តកណ្ដាល នាថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៥។ ក្រុមចោរប្លន់ទាំងនេះមានគ្នា៥នាក់ តែចាប់បាន៤នាក់ ក្រោយសមត្ថកិច្ចស្រុកស្អាងស្រាវជ្រាវអស់៩ថ្ងៃ ទើបប្រមូលបាន។

សមត្ថកិច្ចបានរៀបរាប់ថា ជនរងគ្រោះឈ្មោះ ឌឿន គឹមសែ ភេទប្រុស អាយុ២១ឆ្នាំ មុខរបរជាងជួសជុលទូរស័ព្ទ មានទីលំនៅភូមិព្រែករុន ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្ដាល បាត់បង់ម៉ូតូចំនួន១គ្រឿង ម៉ាក Honda Dream C125 ពណ៌ខ្មៅ ពាក់ស្លាកលេខកណ្តាល1AG-4220។ ពួកចោរប្លន់នេះ បានរាយខ្សែលួសកាត់ទទឹងថ្នល់ បំណងឲ្យគេបើកមកទាក់ហើយដួល ពួកខ្លួនភ្ជង់ប្លន់ភ្លាមៗតែម្ដង។

ចំណែកក្រុមជនល្មើសមានចំនួន៥នាក់ ក្នុងនោះ ទី១៖ឈ្មោះ សាក់ ពិសិដ្ឋ ហៅអាបី អាយុ២៣ឆ្នាំ ជាអ្នកចងខ្សែលួសកាត់ផ្លូវប្លន់យកម៉ូតូ និងកាន់កាប់អាវុធខុសច្បាប់ ធ្លាប់ជាប់ពន្ធនាគារខេត្តកណ្តាល រយៈពេល២ឆ្នាំ ៦ខែ (ករណីរក្សាទុក និងប្រើប្រាស់គ្រឿងញៀន), ទី២៖ឈ្មោះ កន កក្កដា អាយុ២០ឆ្នាំ ជាអ្នកដឹកអ្នកចងខ្សែលួសកាត់ផ្លូវប្លន់យកម៉ូតូ, ទី៣៖ឈ្មោះ ចក់ ជាតិ ហៅម៉ាប់ អាយុ៣១ឆ្នាំ ជាអ្នកកាន់កាប់អាវុធខុសច្បាប់ (ដាវសម្រាប់ប្រហារ), ទី៤៖ឈ្មោះ ភាព ភាន់ អាយុ១៨ឆ្នាំ ជាអ្នកដឹកអ្នកចងខ្សែលួសកាត់ផ្លូវប្លន់យកម៉ូតូ និងទី៥៖ឈ្មោះ សុន រាជ ហៅមឿន អាយុ១៧ឆ្នាំ ជាអ្នកចងខ្សែលួសកាត់ផ្លូវប្លន់យកម៉ូតូ និងជិះម៉ូតូយកទៅលក់ (គេចខ្លួន)។

ក្រោយទទួលបានពាក្យបណ្តឹងភ្លាម លោកអធិការបានបញ្ជាកម្លាំងជំនាញព្រហ្មទណ្ឌស្រុក សហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកគយ និងកម្លាំងប្រជាការពារ បើកប្រតិបត្តិការចុះល្បាតស្រាវជ្រាវ នៅក្នុងភូមិសាស្ត្រអស់រយៈពេល៩ថ្ងៃ៩យប់ ទីបំផុតក៏បានប្រទះឃើញជនសង្ស័យទាំង៣នាក់ កំពុងជិះម៉ូតូម៉ាក FTR នៅចំណុចកើតហេតុនោះទៀត ដោយមានការសង្ស័យសមត្ថកិច្ច ក៏បានធ្វើការត្រួតពិនិត្យ រកឃើញដាវកែឆ្នៃចំនួន១ដើម រួចក៏បានឃាត់ជនសង្ស័យទាំង៣ នាក់យកមកប៉ុស្តិ៍ដើម្បីធ្វើការសាកសួរ។ មកដល់ព្រឹកថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៥ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យបានម្នាក់ទៀតឈ្មោះ ចក់ ជាតិ ជាអ្នកកាន់អាវុធប្រហារ (ដាវ) រីឯម្នាក់ទៀត កំពុងតាមប្រម៉ាញ់៕