(កំពង់ធំ)៖ លោកស្រី លឹម មួយស្រៀន នួនផារ័ត្ន ប្រធានកិត្តិយស នៃគណៈកម្មាធិការសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តកំពង់ធំ លោកជំទាវ លំ គន្ធារី ប្រធានប្រតិបត្តិ នៃគណៈកម្មាធិការសាខាសមាគមនារី កម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្ត បានផ្តល់ចង្ក្រានសន្សំសំចៃថាមពលជូនប្រជាពលរដ្ឋចំនួន៦១៦គ្រួសារ ក្នុងឃុំនីពេជ ស្រុកកំពង់ស្វាយ ថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២៥។
លោកស្រី លឹម មួយស្រៀន នួនផារ័ត្ន បានថ្លែងថាដោយមានការយកចិត្តទុកដាក់ពីសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានគណៈកម្មាធិការកណ្ដាលសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ជូនដល់បងប្អូនប្រជាពលរដ្ឋ ដោយមិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ។ ការផ្ដល់ចង្ក្រានសន្សំសំចៃថាមពលនេះ ក្នុងគោលបំណងចូលរួមចំណែកក្នុងការលើកកម្ពស់ ជីវភាពរស់នៅ និងសុខភាពរបស់ប្រជាពលរដ្ឋនៅសហគមន៍ និងរួមចំណែកគាំទ្រការពារបរិស្ថាន ព្រមទាំងកាត់បន្ថយការប្រែប្រួលអាកាសធាតុនៅកម្ពុជា។
លោកស្រីបញ្ជាក់ថា សមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍បានរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការគិតគូរពីសុខទុក្ខ និងសុខមាលភាពរបស់ប្រជាពលរដ្ឋ និងផ្តាំផ្ញើដល់បងប្អូន ខាងក្រោម៖
*ទី១៖ ថែរក្សាសុខភាព ដោយប្រុងប្រយ័ត្នពីគ្រោះថ្នាក់ បង្កឡើងដោយផ្គរ រន្ទះ ខ្យល់កន្ត្រាក់ជាដើម និងបង្កើនការប្រុងប្រយ័ត្នក្នុងការមើលថែកុមារតូចៗ កុំឱ្យគាត់ទៅលេងទឹក ចៀសវាងការបាត់បង់អាយុជីវិតដោយប្រការណាមួយ។
*ទី២៖ មានការប្រុងប្រយ័ត្នចំពោះជំងឺគ្រុនឈាម ដោយសារបច្ចុប្បន្ននេះជំងឺគ្រុនឈាមតែងកើតមានឡើង លើកុមារ ដោយត្រូវចូលរួមកំចាត់ជម្រកមូស និងរស់នៅប្រកបដោយអនាម័យ។
*ទី៣៖ ថែរក្សាសុខភាព ទប់ស្កាត់ចំពោះជំងឺមិនឆ្លងដូចជា លើសឈាម ជំងឺទឹកនោមផ្អែម ជំងឺផ្លូវដង្ហើម រ៉ាំរ៉ៃជំងឺមហារីក តាមរយៈការបរិភោគចំណីអាហារ ស្ករតិចអំបិលតិច ខ្លាញ់តិច។
*ទី៤៖ លើសពីនេះបងប្អូនបង្កើនការដាំបន្លែជុំវិញផ្ទះ សម្រាប់ បរិភោគ ចៀសវាងការចំណាយទិញបន្លែ ពីខាងក្រៅ និងកាត់បន្ថយការចំណាយ ព្រមទាំងថែរក្សាបាននៅសុខភាពល្អ។
*ទី៥៖ ចំពោះបញ្ហាសុខភាពនេះ ការបណ្តាំផ្ញើពី លោកជំទាវ ពេជ្រ ចន្ទមុន្នី ហ៊ុនម៉ាណែត សូមអញ្ជើញបងប្អូនប្រជាពលរដ្ឋយកក្មេងដែលមានអាយុ៩ឆ្នាំឡើង ទៅទទួលវ៉ាក់សាំងការពារជំងឺមហារីក មាត់ស្បូននៅតាមមណ្ឌលសុខភាព។ ចំពោះស្ត្រីដែលមានអាយុ៤០ឆ្នាំឡើងទៅ សូមអញ្ជើញទៅពិនិត្យ សុខភាពមាត់ស្បូននៅមន្ទីរពេទ្យលួងម៉ែ ព្រោះទីនោះមិនចំណាយថវិកាទេ។
សូមបញ្ជាក់ថា ក្រុមហ៊ុនអ៉ិនត្រាកូ បានជួយឧបត្ថម្ភចង្រ្កានសន្សំសំចៃថាមពល ដល់ប្រជាពលរដ្ឋមានជីវភាពខ្វះខាតចំនួន៦១៦គ្រួសារ ក្នុងឃុំនីពេជ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ តាមរយៈគណៈកម្មាធិការកណ្តាល សមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍នាពេលនេះ និងចែកសារុងដល់គ្រួសារ៦១៦ ជាអំណោយរបស់គណៈកម្មាធិការសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តកំពង់ធំផងដែរ៕