(ស្វាយរៀង)៖ កម្លាំងអធិការដ្ឋាននគរបាលស្រុកស្វាយជ្រំ បានឃាត់ខ្លួនក្មេងទំនើងម្នាក់បន្ទាប់ពីកាន់កាំបិតផ្គាក់អូសតាមផ្លូវគំរាមប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន។

លោកវរសេនីយ៍ឯក សោម សុភ័ណ្ឌ អធិការនគរបាលស្រុកស្វាយជ្រំ បានឲ្យដឹងថា កាលពីថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៥ ប៉ុស្តិ៍នគរបាលរដ្ឋបាលចំបក់ បានទទួលព័ត៌មានពីប្រជាពលរដ្ឋនៅភូមិអង្គសាលា ឃុំចំបក់ថា មានករណីក្មេងទំនើងចំនួន២នាក់ ជិះម៉ូតូ គ្មានផ្លាកលេខ តាមបណ្តោយផ្លូវមកពីទិសខាងជើងដៃមានកាន់កាំបិតផ្គាក់ជិះមកដល់មុខផ្ទះខ្លួនបានកាន់កាំបិតផ្កាក់អូសលើផ្លូវ និងបានស្រែកហៅក្មេងៗ ដែលកំពុងលេងបាល់ទះអោយចេញក្រៅរបងកាប់គ្នា ព្រមទាំងមានកាន់កាំបិតអូសលើផ្លូវផងដែរ។

លោកវរសេនីយ៍ឯក សោម សុភ័ណ្ឌ បានឲ្យដឹងថា ក្រោយទទួលបានព័ត៌មាននេះភ្លាមៗលោកបានដឹកនាំកម្លាំងជំនាញស្រុក សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលចំបក់ និងប៉ុស្តិ៍នគរបាលរដ្ឋបាលតាសួស បានចុះដល់កន្លែងកើតហេតុ ធ្វើការស្រាវជ្រាវរហូតដល់ថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៥ ឃាត់ខ្លួនក្មេងទំនើងបាន ១នាក់ ឈ្មោះ យ.ស.ណ ហៅខ្មៅ ភេទប្រុស អាយុ ១៨ឆ្នាំ មុខរបរកសិករ មានទីលំនៅភូមិបឹងអណ្តែង ឃុំតាសួស ស្រុកស្វាយជ្រំ។

នៅចំពោះមុខសមត្ថកិច្ច ក្មេងទំនើងបានឆ្លើយសារភាពថា ខ្លួន និងបក្ខពួកពិតជា បានធ្វើសកម្មភាពខាងលើពិតប្រាកដមែន។ ដោយមានឯកភាព ពីលោក ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្ត និងលោកឧត្តមសេនីយ៍ទោ ស្នងការនគរបាលខេត្ត សមត្ថកិច្ចជំនាញ បានធ្វើកិច្ចសន្យាអប់រំ និងអញ្ជើញអាណាព្យាបាលយកទៅអប់រំបន្ត ចំណែកឯម៉ូតូត្រូវបានដកហូត យកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក រយៈពេល ៣ខែ៕