(ព្រៃវែង)៖ ប្រធានសហគមន៍ទួលត្រពាំង ស្រស់បំព្រង ស្រុកកញ្ច្រៀច ខេត្តព្រៃវែង បានអំពាវនាវប្រជាពលរដ្ឋខ្មែរសូមជួយគាំទ្រផលិតផលកសិកម្មរបស់ខ្មែរ ដើម្បីឲ្យកសិករមានទីផ្សារល្អ និងបង្កើនការដាំដុះឱ្យ បានច្រើនបន្ថែមទៀត។

លោក អ៊ាត អាត ប្រធានសហគមន៍ទួលត្រពាំង ស្រស់បំព្រង បានឲ្យដឹងទៀតថា សហគមន៍មានទីតាំងស្ថិតនៅក្នុងឃុំគោកគង់លិច ស្រុកកញ្ជ្រៀច ខេត្តព្រៃវែងមានដាំបន្លែជាច្រើនមុខ មានផ្ទៃដីដាំដុះបន្លែចំនួនជាង៤ហិកតា ប្រជាពលរដ្ឋនៅក្នុងសហគមន៍នេះមានចំនួន ៨៣គ្រួសារ ហើយមានពលរដ្ឋដែលជាអ្នកប្រកបរបរដាំបន្លែមានចំនួន៥៦គ្រួសារប៉ុណ្ណោះ។

លោកបានបញ្ជាក់ថា ការដាំបន្លែនេះមានបន្លែស្លឹកនិងបន្លែផ្លែ ក្នុងនោះ បន្លែស្លឹកមានដូចជា ស្ពៃក្រញាញ់ ស្ពៃតឿស្ពៃចង្កឹះ ស្ពៃជ្រក់ សាឡាត់ ខាត់ណាដើម ចំណែកបន្លែផ្លែមានម្រះ ននោង ត្រឡាច ត្រសក់ទ្រើង ត្រសក់ស្រូវ ល្ហុង ជាដើម។ ចំណែកទីផ្សារវិញគឺបានលក់ទៅឱ្យម៉ូយដែលជាឈ្មួញកណ្ដាលយកទៅលក់នៅផ្សារសួង អូររាំងឪ ផ្សារកំចាយមារ ផ្សារកញ្ជ្រៀច ផ្សារស្ទឹង។

លោកបានបន្ថែមថា សហគមន៍របស់លោកបានករកើតឡើងនៅចុងឆ្នាំ ២០២០ ហើយមានមន្ទីរកសិកម្មខេត្តព្រៃវែងចុះមកបណ្ដុះបណ្ដាលអំពីការកំចាត់សត្វល្អិតនិងការដាំដុះបន្លែ ការជ្រើសរើសពូជបន្លែដែលឆាប់លូតលាស់ និងមានទីផ្សារល្អផងដែរ៕