(ភ្នំពេញ)៖ បន្ទាប់ពីចំណាយពេលប្រមាណជា៧ខែ នៅពេលនេះក្រសួងបរិស្ថាន បាន​បញ្ចប់ការកសាងផែនការជាតិដំណាក់កាលទី៣ ដើម្បីឆ្លើយតបទៅនឹង​ការប្រែ​ប្រួល​អា​កាសធាតុ ហើយប្រកាសដាក់ឱ្យប្រើប្រាស់នៅរសៀលថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៥​នេះ។ នេះជាសមិទ្ធផលថ្មីមួយទៀតរបស់ក្រសួងបរិស្ថាន បង្ហាញឱ្យឃើញនូវកិច្ច​ប្រឹង​ប្រែង ក៏ដូចជាការប្តេជ្ញាចិត្តខ្ពស់ចំពោះការប្រែប្រួលអាកាសធាតុ ដែលជាក្តីកង្វល់​របស់​ពិភពលោក មិនមែនតែកម្ពុជានោះឡើយ។

សិក្ខា​សាលាផ្តល់​សុពល​ភាពផែនការរួមចំណែកជាតិឆ្លើយតបការប្រែប្រួល​អាកាស​ធាតុដំណាក់កាល​ទី៣ (NDC 3.0) ត្រូវបានធ្វើឡើងក្រោមអធិបតីភាពលោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងមានការអញ្ជើញចូលរួមពីលោកស្រី Alissar Chaker តំណាងកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិប្រចាំកម្ពុជា (UNDP Cambodia) និងលោក Jo Scheuer អ្នកសម្របសម្រួលនិវាសនជនអង្គការ​សហប្រជាជាតិប្រចាំកម្ពុជា (UN Resident Coordinator in Cambodia) រួមជាមួយលោក លោកស្រី ជាថ្នាក់ដឹកនាំមកពីស្ថាប័នជាតិ អន្តរជាតិ ទីភ្នាក់ងារអង្គ​ការ​​សហប្រជាជាតិ និងដៃគូអភិវឌ្ឍន៍ សរុបប្រមាណជិត ១០០នាក់។

លោករដ្ឋមន្ត្រីក្រសួងបរិស្ថាន បានសម្តែងការអបអរសាទរចំពោះការ​សម្រេច​នូវ​ការ​រៀបចំឯកសារផែនការជាតិដំណាក់កាលទី៣ (NDC 3.0) ដែលជាការបង្ហាញនូវឆន្ទៈ​ដ៏មហិច្ឆិតារបស់កម្ពុជានៅលើឆាកអន្តរជាតិ។ លោករដ្ឋមន្ត្រីបន្តថា សមិទ្ធផលនេះ​គឺជា​មោទកភាពរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃ ប្រកបដោយ​ចក្ខុវិស័យវែងឆ្ងាយរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ដែលបានបន្តគោលជំហរនយោបាយដ៏រឹងមាំ និងការប្តេជ្ញាចិត្តខ្ពស់ក្នុងការឆ្លើយតប​នឹងការប្រែប្រួលអាកាសធាតុ។

លោករដ្ឋមន្ត្រី បានគូសបញ្ជាក់ដូច្នេះ «គោលដៅសំខាន់ គឺជំរុញការអភិវឌ្ឍ​របស់​កម្ពុជា​ប្រកបដោយនិរន្តរភាព ធន់នឹងអាកាសធាតុ និងបញ្ចេញកាបូនទាប តាមរយៈ​ការអនុវត្តវិធានការបន្ស៊ាំ និងកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់​តាមវិស័យ​សំខាន់ៗក្នុងព្រះរាជាណាចក្រកម្ពុជា។ នេះគឺជាការបន្តពីស្នាដៃដឹកនាំរបស់ សម្ដេច​តេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សា​ផ្ទាល់ព្រះមហាក្សត្រ»។

លោករដ្ឋមន្ត្រី អ៊ាង សុផល្លែត ក៏បានគូសរំលេចពីតួនាទី និងការរួមចំណែក​ដ៏សំខាន់​របស់សហគមន៍អន្តរជាតិ ក្នុងការគាំទ្រកម្ពុជា ឆ្លើយតបទៅនឹងការប្រែប្រួល​អាកាសធាតុ តាមរយៈមូលនិធិ និងធនធានផ្សេងៗ ដែលក្នុងនោះរួមមាន សហភាពអឺរ៉ុប (EU) កម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) អង្គការយូនីសេហ្វ (UNICEF) និងអង្គការអុកស្វាម (OXFAM) ជាដើម។

សូមជម្រាបជូនថា NDC 3.0 គឺជាឯកសារយុទ្ធសាស្ត្រជាតិរបស់កម្ពុជា សម្រាប់កៀរ​គរថវិកា និងអនុវត្តសកម្មភាពដើម្បីកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ និងបង្កើន​សមត្ថភាពបន្ស៊ាំនឹងផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ។ ឯកសារនេះគ្រប​ដណ្តប់​លើគ្រប់ក្រសួងស្ថាប័នរាជរដ្ឋាភិបាលទាំងអស់ ហើយមិនមែនត្រឹមតែក្រសួងបរិស្ថាននោះទេ៕