(ភ្នំពេញ)៖ បន្ទាប់ពីដំណើរការចាប់ឆ្នោតរួមគ្នាអស់រយៈពេល៥ថ្ងៃដោយរលូនមកនេះការចាប់ឆ្នោតសម្រេចបានចំនួន ២៥០០សន្លឹក ក្នុងចំណោមអ្នកបានដាក់ពាក្យស្នើសុំដីសរុបទូទាំងប្រទេសចំនួន ១២,៣២៩គ្រួសារ។ ដោយឡែកសម្រាប់អ្នកបានដាក់ពាក្យស្នើសុំដីដែលនៅសល់ចំនួន ៩,៨២៩គ្រួសារ ដែលពុំទាន់មានសំណាងជាប់ឈ្មោះក្នុងលទ្ធផលនៃការចាប់ឆ្នោតជុំទី១ នឹងត្រូវចាប់ឆ្នោតនៅជុំបន្តបន្ទាប់ទៀត។

បើតាមលោក សរ សុវណ្ណ​ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អនុប្រធានប្រចាំការគណៈកម្មាធិការជាតិដឹកនាំអនុវត្តកម្មវិធីផ្តល់ដី ការពារព្រៃ ដើម្បីរួមគ្នាអភិវឌ្ឍដោយចីរភាព (ផ.ក.អ.) និងជាប្រធានលេខាធិការដ្ឋាន ផ.ក.អ. ថ្លែងក្នុងពិធីបិទចាប់ឆ្នោតអ្នកបានដាក់ពាក្យស្នើសុំដីជុំទី១ នៃកម្មវិធីផ្តល់ដីការពារព្រៃដើម្បីរួមគ្នាអភិវឌ្ឍដោយចីរភាព នៅរសៀលថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៥នេះ បានឱ្យដឹងថា ក្នុងចំណោមអ្នកចាប់ឆ្នោតបានចំនួន ២,៥០០គ្រួសារនេះ អ្នកមានសំណាងចំនួន ៥០០គ្រួសារ ដែលជ្រើសរើសតាមលំដាប់លេខរៀងដែលចាប់បានតាមរាជធានី ខេត្តនឹងត្រូវបានក្រុមការងារចុះត្រួតពិនិត្យលក្ខណៈសម្បត្តិ ដើម្បីអាចមានសិទ្ធិទទួលបានដីសម្រាប់គម្រោងទី១ នៅភូមិសាស្ត្រអូរសែវ ឃុំស្ដៅ និងឃុំសាមមួយ ស្រុកសេសាន ខេត្តស្ទឹងត្រែង។

ជាមួយគ្នានេះដែរ លោកបានបន្ថែមថា ដោយឡែកចំពោះប្រជាពលរដ្ឋចំនួន ២,០០០គ្រួសារទៀតនឹងត្រូវជ្រើសរើសសម្រាប់បំពេញបង្គ្រប់ចំនួន៥០០គ្រួសារ (ករណីគ្រួសារណាមួយត្រូវបានក្រុមការងារពិនិត្យឃើញថា មិនមានលក្ខណៈសម្បត្តិគ្រប់គ្រាន់) និងសម្រាប់គម្រោងបន្តបន្ទាប់ទៀតតាមលេខរៀងនៃការចាប់ឆ្នោតក្នុង រាជធានី ខេត្តសាមី។

លោក សរ សុវណ្ណ បានលើកជាឧទាហរណ៍៖ ការចាប់ឆ្នោតអ្នកបានដាក់ពាក្យស្នើសុំដីជុំទី១ នៃកម្មវិធីផ្តល់ដី ការពារព្រៃ ដើម្បីរួមគ្នាអភិវឌ្ឍដោយចីរភាព សម្រាប់ខេត្តបាត់ដំបង ជាខេត្តដែលមានអ្នកដាក់ពាក្យស្នើសុំដីច្រើនជាងគេ ក្នុង ចំណោមអ្នកដាក់ពាក្យនៅតាមបណ្តារាជធានី ខេត្តទាំងអស់ទូទាំងប្រទេស។ ខេត្តបាត់ដំបង មានអ្នកដាក់ពាក្យចំនួន ១៣៧៧គ្រួសារ ត្រូវចាប់ជុំនេះចំនួន២៧៩សន្លឹក និងនៅសល់ចំនួន ១០៩៨គ្រួសារ នឹងត្រូវចាប់ឆ្នោតនៅជុំបន្តបន្ទាប់ទៀត។

ចំនួន២៧៩សន្លឹកនេះ ត្រូវចាប់ដោយតំណាងគណៈអភិបាលខេត្តត្រូវចាប់ចំនួន ៥៦សន្លឹក ដែលមានសំណាងត្រូវបានចុះត្រួតពិនិត្យលើបុគ្គលមានលក្ខណៈសម្បត្តិ គ្រប់គ្រាន់ដែលអាចមាន សិទ្ធិទទួលដីសម្រាប់គម្រោងទី១ និងចំនួន២២៣គ្រួសារទៀតដែលនៅសល់ពុំទាន់បានចុះទៅត្រួតពិនិត្យលក្ខ ណៈសម្បត្តិនឹងត្រូវចុះត្រួតពិនិត្យបន្តបន្ទាប់សម្រាប់បង្គ្រប់ចំនួនកំណត់ ៥៦គ្រួសារ ក្នុងករណី៥៦នេះ មានអ្នក មិនគ្រប់លក្ខណៈសម្បត្តិ និង/ឬគម្រោងបន្ទាប់ តាមលំដាប់លេខរៀងបន្តបន្ទាប់។ រីឯរាជធានី ខេត្តដៃទៀត ក៏ដូច ខេត្តបាត់ដំបងដែរ។

លោក សរ សុវណ្ណា បានបន្តថា ក្រោយពេលចាប់ឆ្នោតរួច ក្រុមការងារចម្រុះចុះត្រួតពិនិត្យបុគ្គលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ មានសិទ្ធិទទួលដីរបស់លេខាធិការដ្ឋាន ផ.ក.អ. នឹងទំនាក់ទំនងជាមួយរដ្ឋបាលឃុំ សង្កាត់ ក្រុង ស្រុក ខណ្ឌ និងរាជធានី ខេត្ត ដើម្បីចុះពិនិត្យភាពសមស្រប។ ចំពោះករណីពេលចុះពិនិត្យឃើញថា មានអ្នកដាក់ពាក្យស្នើសុំដីមួយចំនួនមិនមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ដើម្បីអាចទទួលដីបាន អ្នកដាក់ពាក្យនោះនឹងមិនជាប់ឈ្មោះក្នុងកម្មវិធីនេះទេ ហើយក្រុមការងារចម្រុះនឹងជ្រើសរើសជំនួសបំពេញចំនួនកំណត់ឱ្យគ្រប់ចំនួន ៥០០គ្រួសារ តាមលំដាប់លេខរៀងបន្តបន្ទាប់តាមលទ្ធផលនៃការចាប់ឆ្នោតក្នុង រាជធានី/ខេត្តសាមី។

គួរបញ្ជាក់ដែរថា «កម្មវិធីផ្តល់ដី ការពារព្រៃ ដើម្បីរួមគ្នាអភិវឌ្ឍដោយចីរភាព» ត្រូវបានរាជរដ្ឋាភិបាលបង្កើតឡើង ក្នុងគោលបំណងបង្កើនការការពារ និងអភិរក្សធនធានធម្មជាតិប្រកបដោយចីរភាព សម្រាប់កូនចៅតជំនាន់ផង និងបង្កើនប្រសិទ្ធភាពផលិតភាពនៃការប្រើប្រាស់ដីរដ្ឋផង តាមរយៈការផ្តល់ដីក្រោមទម្រង់សម្បទានដីសង្គមកិច្ចជូនប្រជាពលរដ្ឋក្រីក្រគ្មានដីសម្រាប់សង់លំនៅឋាន និងក្រីក្រគ្មានដីសម្រាប់ធ្វើកសិកម្ម ជាលក្ខណៈគ្រួសារ និងគាំទ្រគម្រោងអភិវឌ្ឍសហគមន៍ ព្រមទាំងការពារព្រៃនៅជិតទីតាំងផ្តល់ដីប្រកបដោយចីរភាព៕